ជំងឺ​កូវីដ១៩ ដែល​ឆ្លង​រាតត្បាត​ទូទាំង​សាកល​លោក​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពិភព​លោក​ទាំង​មូល រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នេះ សាលារៀន​ត្រូវ​បាន​បិទ​ទ្វារ ដែល​នាំ​ឱ្យ​រំខាន​ដល់​ប្រព័ន្ធ​អប់រំ។ ភាព​ប្រឈម​ចំពោះ​វិស័យ​អប់រំ គឺ​មាន​ទំហំ​ធំធេង​ណាស់។ ហើយ SIS Cambodia ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដើរ​តួ​ជា​ដំណោះ​ស្រាយ​មួយ​ចំពោះ​ភាព​ប្រឈម​នេះ។

លោក ញ៉ុង ឌិនថន អគ្គនាយករង​នៃ​ក្រុមហ៊ុន មិត្តហ្វូន បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​សម្រាប់​សាលារៀន (School Information System ‘SIS’) ជា​កម្មវិធី​ដ៏មាន​សារប្រយោជន៍​ចំពោះ​ទាំង​សិស្ស និង​គ្រូ​បង្រៀន ជាពិសេស ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺឆ្លងនេះ។

លោក ឌិនថន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ជាមួយ​នឹង​ប្រព័ន្ធ SIS លោកគ្រូ​អ្នកគ្រូ​អាច​កំណត់​កាលវិភាគ​សម្រាប់​ថ្នាក់រៀន​ទាំង​ដោយ​ផ្ទាល់ និង​តាម​អនឡាញ ក្នុង​នោះ​រួម​មាន​មុខងារ​ជាច្រើន ដូចជា កែ​និង​ដាក់​ពិន្ទុ​លំហាត់ បង្រៀន​សិស្ស​តាម​វីដេអូ​អនឡាញ ការ​ផ្ញើសារ​ទៅ​សិស្ស​និង​អាណាព្យាបាល ការ​ផ្ដល់​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ និង​មុខងារ​ប្រឡង​ជាដើម»។

លោក​បាន​បន្ថែមថា៖«កម្មវិធី SIS នេះ​អាច​ធ្វើ​ទាំង​កិច្ចការ​ជា​ប្រពៃណី​ដែល​គ្រូ​បង្រៀន​ធ្វើ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​បាន​ផង ហើយ​ក៏​អាច​ធ្វើ​បាន​កាន់​តែ​ល្អ​ថែម​ទៀត ​នៅ​លើ​អនឡាញ ទោះ​ស្ថិត​នៅ​ទីកន្លែង​ណា​ក៏​ដោយ ដោយ​គ្រាន់តែ​ប្រើប្រាស់​អ៊ីនធឺណិត​ប៉ុណ្ណោះ»។

មនុស្ស​ជំនាន់​សព្វថ្ងៃ​ត្រូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អប់រំ​ឌីជីថល ដែល​ធ្វើទំនើប​កម្មវិធី​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា រាប់​តាំង​ពី​សាលារៀន​នៅ​តាម​ទីក្រុង​រហូត​ដល់​សាលារៀន​នៅ​តាម​ខេត្ត​ផងដែរ។

ដោយ​ផ្លាស់​ប្ដូរ​វិធី​រៀន​របស់​សិស្សានុសិស្ស SIS Cambodia បាន​ជួយ​រួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​អប់រំ​មាន​ភាព​ប្រសើរ​ឡើង ដោយ​បង្កើត​បរិយាកាស​រៀនសូត្រ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ទាំង​សិស្ស​និង​គ្រូ។

ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​សម្រាប់​សាលារៀន (SIS) ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន មិត្តហ្វូន ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា។

តាម​គម្រោង​ផែនការ SIS នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​កាន់​សាលារៀន​ប្រមាណ ១០០០ កន្លែង នៅ​ទូទាំង​ប្រទេស ហើយ​ក្នុង​ដំណាក់​កាល​ដំបូង ប្រព័ន្ធ​នេះ​បាន​ដាក់​ពង្រាយ​រួច​ជាស្រេច​ហើយ ទៅ​ដល់​​សាលារៀន​ជាង ៣០០​កន្លែង ដែល​​មាន​សិស្សានុសិស្ស​ជាង ៣​សែន​នាក់ និង​គ្រូ​ជាង ២ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុមហ៊ុន មិត្តហ្វូន ។

មិត្តហ្វូន បាន​នឹង​កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌីជីថល​ជាតិ​របស់​ខ្លួន។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​ក្រសួង​ស្ថាប័ន​រដ្ឋ​សំខាន់ៗ ដើម្បី​អនុវត្ត​គម្រោង​ឌីជីថលូបនីយកម្ម​នៅ​ក្នុង​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ សុខាភិបាល និង​ដឹក​ជញ្ជូន។

ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេក​វិទ្យា​ឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្ដាញ​ធំ​ជាង​គេ​បំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ៩លាន​នាក់ នៅ​ទូទាំង​ប្រទេស៕