ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសហគ្រិនខ្មែរ (KE) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា។
MoU នេះត្រូវបានចុះហត្ថលេខារវាង លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ (KE) ដែលជាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងអំឡុងពេលសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ របស់ CMA។
លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរបានលើកឡើងថា ការសម្រេចបាននូវកិច្ចសហការនេះគឺបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់ស្ថាប័នលោកក្នុងការផ្តល់ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកាន់តែមានលទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុរួមមានថ្លៃសេវា អត្រាការប្រាក់នានា។
លោកថ្លែងថា៖ «ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណងផ្តល់លទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុរួមមានថ្លៃសេវា អត្រាការប្រាក់ ការយល់ដឹងអំពីហានិភ័យផ្សេងៗ និងបរិធានហិរញ្ញវត្ថុផ្សេងៗដែលមានសម្រាប់ធុរកិច្ចថ្មីៗព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។
លោកបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយជាច្រើនក្នុងការបង្កើតមូលនិធិបន្ថែមទៀតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងការបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺវាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុក្នុងការបន្តយកអត្ថប្រយោជន៍ទាំងនោះទៅឱ្យសហគ្រាស និងធុរកិច្ចថ្មីៗក្នុងប្រទេសកម្ពុជា»។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃ CMA ក៏បានលើកឡើងថា សេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាមានន័យថា សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗ កាន់តែមានតួនាទីសំខាន់ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ដោយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងប៉ុន្មាន ទសវត្សរ៍ថ្មីៗនេះ វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងវិវឌ្ឍពីការផ្តល់សេវាហិរញ្ញវត្ថុចំពោះតែប្រជាជនមានចំណូលទាបឈានទៅដល់ការផ្តល់ជូនសេវាហិរញ្ញវត្ថុស្ទើរគ្រប់ប្រភេទ សម្រាប់ប្រជាជនទូទៅ។
លោកបានបញ្ជាក់ថា៖ «អនុស្សរណៈនៃការយោគយល់គ្នារវាង CMA និង KE នឹងរឹតបន្តឹងទំនាក់ទំនងនៃវិស័យទាំង ២ ដោយធានាបាននូវសេវាហិរញ្ញវត្ថុកាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី»។
លោក ផល វ៉ាន់ឌី បន្ថែមទៀតថា៖ «ជាការពិតណាស់ វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម។ តួយ៉ាង CMA បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមថ្មីៗនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគំនិតផ្តួចផ្តើមទាំង ២ នេះមានគោលបំណងជំរុញសហគ្រាសធុនតូច និងមធ្យម»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែតុលា CMA មាន ១១៥ ជាសមាជិក ដែលក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៦៦ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ១០ ជាក្រុមហ៊ុនភតិសន្យា ហិរញ្ញវត្ថុ ១២ ជាគ្រឹះស្ថានឥណទានជនបទ ២៣ និងធនាគារចំនួន ៤៕