ភ្នំពេញៈ ដោយ​សិក្សា​ច្បាស់លាស់​នូវ​ឯកទេស​ជំងឺមហារីក និង​ឈាម ពី​ប្រទេស​វៀតណាម បារាំង និង​អាមេរិក​ជាច្រើន​ឆ្នាំ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា គឺជា​បុគ្គល​ដំបូង​គេ​ដែល​បាន​បង្កើត​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ជំងឺមហារីក និង​ឈាម​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លុះ​ក្រោយមក​បង្កើត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

បន្ទាប់ពី​បម្រើការ​រាជការ​រយៈពេល​ជិត ៣០ ​ឆ្នាំ និង​សម្លឹង​ឃើញ​កំណើន​នៃ​ការកើត​ជំងឺមហារីក​ចេះតែ​កើន​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ ខណៈ​សេវា​ទទួល​ព្យាបាល​នៃ​មន្ទីរពេទ្យ​រដ្ឋ​ទាំង​ ២ នៅមាន​កម្រិត លោក​ក៏​សម្រេចចិត្ត​លាឈប់​ពី​ការងាររាជការ និង​បានមក​បោះទុន​​វិនិយោគ​លើ​គ្លីនិក​ អូរ៉េនឃែនស័រ ដែល​ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ​លើ​ឯកទេស​មហារីក និង​ឈាម ដោយ​បាន​នាំយក​បច្ចេកវិទ្យា​ចុងក្រោយ​គេ​បង្អស់​ពី​អឺរ៉ុប និង​អាមេរិក​ដើម្បី​រួមចំណែក​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នេះ និង​ជួយ​សម្រាល​បន្ទុក​អ្នកជំងឺ​ដែល​ទៅ​ទទួល​សេវា​នៅក្រៅ​ប្រទេស ដែល​ត្រូវ​ចំណាយ​ច្រើន និង​ពិបាក​ទំនាក់ទំនង​។

លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​បាន​ជួប​សម្ភាស​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត​ដើម្បី​ពិភាក្សា​ពី​ផែនការ និង​ចក្ខុវិស័យ​របស់លោក​ពី​ការផ្តល់សេវា​ព្យាបាល​ជំងឺ​​មហារីក និង​ឈាម​។

តើ​ហេតុអ្វី​បានជា​លោក​វេជ្ជបណ្ឌិត​សម្រេច​វិនិយោគ​លើ​គ្លីនិក​មហារីក និង​ឈាម​?

ខ្ញុំ​មាន​មូលហេតុ​ធំៗ​ ២ ​នៃ​ការបង្កើត​មន្ទីរ​ព្យាបាល​ជំងឺ​មហារីក និង​ឈាម គឺ​ទី​ ១ ដោយសារ​ខ្ញុំ​ជា​គ្រូពេទ្យ​ឯកទេស​ជំងឺមហារីក និង​ឈាម ព្រោះ​ខ្ញុំ​ចូលចិត្ត និង​ពេញចិត្ត​រៀន និង​ស្វែងយល់​អ្វីៗ​ដែល​ពិបាក និង​បច្ចេកវិទ្យា​ទំនើប និង​ទី​ ២ ដោយសារ​ខ្ញុំ​ជា​គ្រូពេទ្យ​ជំងឺមហារីក​ទី​ ១ នៅ​កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩​។

បច្ចុប្បន្ន​យើង​មាន​មន្ទីរពេទ្យ​រដ្ឋ ២ កំពុង​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នេះ ប៉ុន្តែ​យើង​នៅតែ​ខ្វះខាត​ដោយ​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​បានទេ ហើយ​រាល់ថ្ងៃ​អ្នកជំងឺ​ដែល​រង់ចាំ​ការព្យាបាល គឺ​មាន​ពេលខ្លះ​ចំណាយពេល​រហូតដល់ ២-៣ ​ខែ ដែល​អ្នកខ្លះ​គាត់​ឈឺចាប់​ខ្លាំងណាស់ ហេតុដូច្នេះ​ក្នុង​នាម​ជា​គ្រូពេទ្យ​ម្នាក់ ខ្ញុំ​ត្រូវតែ​រក​វិធី​អ្វី​ទៀត​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការផ្តល់​សេវា​ព្យាបាល​នេះ​ឱ្យដល់​អ្នកជំងឺ និង​ជួយ​ឱ្យ​អស់ពី​លទ្ធភាព​ទោះ​មិនបាន​ទាំងអស់​ក៏ដោយ​។ ការណ៍​នេះ​ទើប​ខ្ញុំ​លាឈប់​ពី​ការងារ​ជា​ពេទ្យ​រដ្ឋ​ដែល​ខ្ញុំ​ចំណាយពេល​ជិត ៣០ ​ឆ្នាំ​។

ពេល​ឈប់សម្រាក​ពី​ការងារ​នៅ​ពេទ្យ​រដ្ឋ ខ្ញុំ​បាន​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នេះ​នៅផ្ទះ ដោយ​ធ្វើតាម​លទ្ធភាព ព្រោះ​ខ្ញុំ​ក៏​កាន់តែ​ចាស់​ដែរ ប៉ុន្តែ​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ខ្ញុំ​ជួប​អ្នកជំងឺ​ច្រើនឡើងៗ ដោយ​ពួកគាត់​មានការ​ពិបាក​ក្នុង​ការស្វែងរក​សេវា​ព្យាបាល ខណៈ​ការទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​អស់​ថវិកា​ច្រើន និង​ជួប​ឧបសគ្គ​ច្រើន​ពាក់ព័ន្ធ​នឹង​ការទំនាក់ទំនង​ផ្នែក​ភាសា​។ យើង​ដឹង​ហើយ​ថា នៅ​ស្រុក​យើង​មាន​មន្ទីរពេទ្យ ២ ​កន្លែង​ហើយ​ដែល​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នេះ​ ប៉ុន្តែ​វា​មិនអាច​ឆ្លើយតប​នឹង​ចំនួន​អ្នកជំងឺ​បានឡើយ​។ ដោយ​ឃើញ​ការលំបាក​នេះហើយ​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​រៀបចំ​គ្លីនិក​នេះ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​តាម​លទ្ធភាព​របស់​យើង​តាមរយៈ​ការជួយ​សម្រួល​ការលំបាក​របស់​បងប្អូន​ប្រជាជន​។

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ណែនាំ​ពី​ម៉ាស៊ីន​ពិនិត្យ​ព្យាបាល​នៅ​គ្លីនិក​អូរ៉េនឃែនស័រ​។ រូបថត រ៉ាស់ហ៊ីម

តើ​លោក​វេជ្ជបណ្ឌិត​អាច​បញ្ជាក់​បានទេ​អំពី​ស្ថានភាព​ជំងឺមហារីក​នៅ​កម្ពុជា​?

ជំងឺមហារីក​មិនមែន​ជា​បញ្ហា​របស់​ប្រទេស​យើង​តែឯង​នោះទេ ប៉ុន្តែ​វា​គឺជា​បញ្ហា​សុខភាព​សាធារណៈ​របស់​ពិភពលោក​។ កាលពី​មុនគេ​បារម្ភ​ខ្លាំង​ដោយសារ​ជំងឺមហារីក​ធ្វើឱ្យ​ប្រជាជន​ស្លាប់​ច្រើន​បើ​ប្រៀប​ការស្លាប់​ពី​ជំងឺមហារីក​ទៅនឹង​ការស្លាប់​នៃ​ជំងឺ​គាំងបេះដូង លើសឈាម ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។ ជំងឺ​នេះ​មាន​អត្រា​ស្លាប់​ខ្ពស់​ជាងគេ នេះ​បើ​យោងតាម​ការសិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​តាំងពី​ឆ្នាំ​ ២០១០​។

ចំពោះ​ស្ថានភាព​ជាទូទៅ​នៅ​ប្រទេស​យើង បើ​ផ្អែក​តាម​ការសិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ២០១៨ ឃើញថា នៅ​កម្ពុជា​អ្នក​កើត​ជំងឺ​មហារីក​មាន​ជាង ១៥ ៣៦២ ​នាក់​ក្នុងនោះ​ថា​ស្លាប់មាន ១១ ៦៣៦ ប្រហែល ៧៥ ​ភាគរយ​។

បើ​យើង​មើល​តួលេខ​នេះ​ក្នុង​នាម​ខ្ញុំ​ជា​គ្រូពេទ្យ​ម្នាក់​គឺ​ពិតជា​មាន​ក្តីរន្ធត់​ខ្លាំងណាស់ ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ចូលរួម​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ដើម្បី​ប្រជាពលរដ្ឋ​យើង​។ ខ្ញុំ​សូមជម្រាបថា តួលេខ​នេះ​មិន​ថយចុះ​ឡើយ បើតាម​អង្គការ​សុខភាព​ពិភពលោក​គេ​រកឃើញថា​ដល់​ឆ្នាំ​ ២០៤០ ការកើត​ជំងឺមហារីក​នឹង​កើន​ពី​ជាង ១,៥៣ ​ម៉ឺន​នាក់​មានន័យថា​កើន ២ ​ដង​។ សំណួរ​ត្រូវ​សួរថា​មូលហេតុ​អ្វី​បានជា​អ៊ីចឹង​?

យើង​ដឹង​ហើយ​ថា មហារីក​គឺជា​ជំងឺមិនឆ្លង​ទេ ប៉ុន្តែ​ជា​ជំងឺ​កើត​នៅលើ​មនុស្ស​មាន​វ័យ​ចំណាស់ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​វ័យក្មេង​មិនមាន​នោះទេ គ្រាន់តែ​ស្ថិតក្នុង​អត្រា​ទាប​។ ត្រង់នេះ​មានន័យថា ប្រទេស​មាន​សុខសន្តិភាព មាន​ការរស់នៅ​ស្រួល មាន​ការហូបចុក​គ្រប់គ្រាន់ រយៈពេល​នៃ​សង្ឃឹម​រស់នៅ​កាន់តែ​យូរ គឺ​អត្រា​កើត​ជំងឺមហារីក​កាន់តែ​ខ្ពស់ ហើយ​រឿងនេះ​មិនមែន​តែ​សម្រាប់​ប្រទេស​យើង​នោះទេ គឺ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។

មូលហេតុ​កើនឡើង​ខ្ពស់​នេះ គឺ​កត្តា​ទី​ ១ នៅពេល​យើង​រស់នៅ​កាន់តែ​យូរ​ដោយសារ​ប្រទេស​កាន់តែ​រីកចម្រើន ឱកាស​កោសិកា​យើង​ផ្លាស់ប្តូរ​ហ្ស៊ែន​ (​វិវឌ្ឍ​ទៅរក​មហារីក​) ​មាន​កាន់តែច្រើន កត្តា​ទី​ ២ គឺ​បរិយាកាស​ជុំវិញ និង​ម្ហូបអាហារ ក៏​ជា​កត្តា​ធ្វើឱ្យ​ការវិវឌ្ឍ​ផ្លាស់ប្តូរ​ហ្ស៊ែន​វិវឌ្ឍ​ទៅរក​មហារីក​ដែរ និង​កត្តា​ទី​ ៣ គឺ​ជំងឺ​ផ្សេងៗ​ចូល​យាយី​ក្នុង​ខ្លួន​យើង​។

ជំងឺមហារីក​នៅ​កម្ពុជា​ដែល​ខ្ញុំ​ជួប​ញឹកញាប់ គឺ​មហារីក​ថ្លើម​, មហារីក​សួត​, មហារីក​សុដន់​, មហារីកក្រពះ​ពោះវៀន និង​មហារីក​លើ​មាត់ស្បូន​ស្ត្រី​។

គ្លីនិក​លោក​វេជ្ជបណ្ឌិត​គ្រោង​នឹង​បើកសម្ពោធ​ថ្ងៃទី​ ៣០ ​វិច្ឆិកា​នេះ តើ​លោក​វេជ្ជបណ្ឌិត​បាន​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប​អ្វីខ្លះ​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​យើង​មាន​ទំនុកចិត្ត​ងាក​មករក​សេវា​ព្យាបាល​ក្នុងស្រុក​?

ការព្យាបាល​ជំងឺមហារីក គឺមាន​ការផ្លាស់ប្តូរ​ពី ១ ​ឆ្នាំទៅ ១ ​ឆ្នាំ ដោយ​ពីមុន​យើង​ព្យាបាល​តាមរយៈ​ការវះកាត់ បច្ចេកវិទ្យា​ក៏​មិនទាន់​ទំនើប និង​ការចាក់​ថ្នាំ​គីមី​ដែល​ធ្វើទុក្ខ​អ្នកជំងឺ​ឈឺចាប់​ខ្លាំងណាស់ ចំណែក​អត្រា​សះស្បើយ ១០ ​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការព្យាបាល​ជំងឺ​នេះ​គឺមាន​ការវិវឌ្ឍ​ខ្លាំង ដោយ​រហូតដល់​ឆ្នាំ​ ២០២១ នេះ មាន​ជំងឺ​មហារីក​ខ្លះ​ដែល​មិនមាន​អត្រា​ជាសះស្បើយ​សោះ បែរ​ជា​មាន​អ្នកជា​សះស្បើយ​ខ្លះ បើទោះបី​មិនជា ១០០ ​ភាគរយ​។ ជំងឺមហារីក​ខ្លះ​ពីមុន​ព្យាបាល​បាន​ត្រឹម ៦ ​ខែ​ក៏​ស្លាប់ ប៉ុន្តែ​ឥឡូវ​បែរជា​អាច​ព្យាបាល​នៅរស់​បាន​រហូតដល់​ ១០ ​ឆ្នាំ​។

ដូច្នេះ​អ្វី​ជា​ទិសដៅ​របស់​គ្លីនិក គឺ​ខ្ញុំ​បាន​នាំចូល​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប​មក​ដំឡើង ដូច្នេះ​វា​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកជំងឺ​ក្នុងស្រុក​ដែល​ធ្លាប់​ទៅ​ទទួល​ការព្យាបាល​នៅ​បរទេស​អាច​ងាក​មក​ទទួល​យក​សេវាកម្ម​ព្យាបាល​ពី​គ្លីនិក​ក្នុងស្រុក​របស់​យើង​បាន​ដូចគ្នា ដោយនៅ​ជិត​ផ្ទះ និង​មានតម្លៃ​សមរម្យ​បើ​ធៀប​នឹង​ការចំណាយ​ក្រៅ​ស្រុក​។

យើង​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើប​ថ្មី ឆ្នាំ​ ២០២១ ​ដែល​គេ​ទើប​ធ្វើ​ទំនើបកម្ម​ពី​អឺរ៉ុប​មក​ដាក់​នៅ​ជិត​ផ្ទះ​អ្នកជំងឺ​តែម្តង​។ យើង​ក៏មាន​មន្ទីរ​ពិសោធន៍​បំពាក់​ឧបករណ៍​ទំនើប​ថ្មីៗ​ចុងក្រោយ​បំផុត​ដែល​ធ្វើការ​វិនិច្ឆ័យ​បាន​សុក្រឹត​អំពី​ហ្ស៊ែន​ (NDA) ​ដែល​បង្ក​ជំងឺមហារីក ដូច្នេះ​ធ្វើឱ្យ​យើង​ដឹង​ពី​ដំណាក់​ដំបូង​ច្បាស់ និង​ធ្វើការ​ព្យាបាល​ជាសះស្បើយ​បាន​ច្រើន​ដោយ​ប្រើ​ថ្នាំ​ហ្ស៊ែន​ដែល​បង្ក​ជំងឺ​មហារីក​មិនមែន​ប្រើ​ថ្នាំ​គីមី​ឡើយ​។ លើសពីនោះ​យើង​ក៏​សហការ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​នៅ​អឺរ៉ុប ដែល​ធ្វើឱ្យ​យើង​អាច​វិនិច្ឆ័យ​កាន់តែច្បាស់​។

ឥឡូវនេះ​យើង​មានប្រើ​វិធី​នៃ​ការវិភាគ​ជំងឺមហារីក​តាមរយៈ​ការបូម​ឈាម​អ្នកជំងឺ​ទៅ​វិភាគ​ ខណៈ​កាលពីមុន​គឺ​គេ​ត្រូវ​ច្រឹប​សាច់​អ្នកជំងឺ​។

ការព្យាបាល​ជំងឺមហារីក​យើង​មាន​វិធីសាស្ត្រ​ ៣ គឺ​ការព្យាបាល​ដោយ​ការវះកាត់​, ការព្យាបាល​ដោយ​កាំរស្មី​បែប​ទំនើប​ចុងក្រោយ​ (​ឆ្នាំ​ ២០២១) ដែល​ប្រើប្រាស់​ច្រើន​នៅ​អឺរ៉ុប អាមេរិក និង​សិង្ហបុរី និង​ការព្យាបាល​ដោយ​ឱសថ​កម្ទេច​ហ្ស៊ែន​ដែល​មិន​ប៉ះពាល់​សុខភាព​អ្នកជំងឺ និង​ឱសថ ១ ​ទៀត​ដើម្បី​បង្កើន​ភាពស៊ាំ​របស់​អ្នកជំងឺ​ឱ្យ​ខ្លាំង​ដើម្បី​សម្លាប់​កោសិកា​មហារីក​។

តើ​លោក​វេជ្ជបណ្ឌិត​មាន​គន្លឹះ​អ្វី​ដើម្បី​ដាស់​ស្មារតី​អ្នកជំងឺ​ឱ្យ​ពួកគាត់​មក​ទទួល​សេវា​ក្នុងស្រុក​របស់​យើង​?

បើ​និយាយ​មែនទែន​ទៅ​កម្ពុជា​យើង​មាន​កន្លែង​ព្យាបាល​តែ ២ គឺ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែល​អាច​រ៉ាប់រង​ការព្យាបាល​បាន​ប្រហែល ២០ ​ភាគរយ​នៃ​អ្នក​ជំងឺមហារីក​ក្នុង​ស្រុក​សរុប​ប្រចាំឆ្នាំ ឬ ៣ ​ពាន់​ករណី​ថ្មី​ក្នុង​ ១ ​ឆ្នាំ នេះ​បើ​យោងតាម​ស្ថិតិ​ពី​អង្គការ​សុខភាព​ពិភពលោក និង​មិត្តភក្តិ​ជា​ពេទ្យ​ដូចគ្នា​នៅ​ថៃ វៀតណាម ឬ​សិង្ហបុរី​ដែល​ផ្តល់​តួលេខ​មក​គឺមាន​ប្រជាជន​យើង​ប្រមាណ ១ ៥០០ ​នាក់​ចេញទៅ​ទទួល​សេវា​ព្យាបាល​នៅក្រៅ​ប្រទេស ឬ ១០ ​ភាគរយ​ចេញ​ក្រៅប្រទេស ដូច្នេះ​យើង​នៅសល់ ៧០ ​ភាគរយ​ទៀត គឺ​ទី​ ១ គាត់​មិនដឹង​ទៅរក​ព្យាបាល​នៅទីណា​ទោះបី​គាត់​មានលទ្ធភាព​ព្យាបាល និង​ទី​ ២ ​ដោយសារ​កត្តា​ជីវភាព​។

ហេតុដូច្នេះ​ហើយ​បានជា​ខ្ញុំ​បើក​គ្លីនិក​នេះ ទោះបី​ខ្ញុំ​ជួយ​មិនបាន​ច្រើន​សម្រាប់​អ្នក​នៅសល់ ៧០ ​ភាគរយ​ក៏ដោយ​។ ខ្ញុំ​សូមជម្រាបថា រាល់ថ្ងៃ​ខ្ញុំ​ក៏មាន​អ្នកជំងឺ​បរទេស​ជាច្រើន​ដែល​អ្នកខ្លះ​មកពី​ប្រទេស​គាត់​ហោះ​មក​ព្យាបាល​ជាមួយ​ខ្ញុំ​ដែរ​៕ LA