ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ប្រមាណ ២៤ ​លាន​ដុល្លារ​ពី​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២១ កើន ២៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ក្រសួង​រ៉ែ និង​ថាមពល​។

ទិន្នន័យ​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទើប​ទទួលបាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ កម្ពុជា​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​បាន​ចំនួន ៩៨ ៤៦០ ​លាន​រៀល​ (២៤,២១ ​លាន​ដុល្លារ​) ​កើន ២៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ត្រឹម ៧៧ ៤៨៩,២៤ ​លាន​រៀល​ (១៩,០៥ ​លាន​ដុល្លារ​)​។ ចំណូល​ប្រមូលបាន​នេះ គឺ​ស្មើនឹង ៩៦ ​ភាគរយ​នៃ​ច្បាប់​ថវិកា​ឆ្នាំ​ ២០២១ ដែល​គ្រោង​នឹង​ប្រមូល​ឱ្យបាន ១០២ ៤០០ ​លាន​រៀល​ (​ស្មើ​ ២៥,១៨ ​លាន​ដុល្លារ​)​។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៩ ខែវិច្ឆិកា​ថា ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​ស្ទើរ​គ្រប់​វិស័យ​ក្រោយពី​បានទទួល​ភាពជោគជ័យ​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​ និង​ការចាប់ផ្តើម​បើក​ឡើងវិញ​នៅ​ប្រទេស​ដទៃទៀត​ជា​សញ្ញា​វិជ្ជមាន​នៃ​ការកម្រើក​ឡើងវិញ​នៃ​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០២១ ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ ទទួលបាន ៩៦ ​ភាគរយ​នៃ​ច្បាប់​ថវិកា​។ តាម​ការពិនិត្យ​វាយតម្លៃ អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​អាច​ព្យាករណ៍​ថា ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ នឹង​អាច​ប្រមូលបាន​លើស​ច្បាប់​ថវិកា​ឆ្នាំ​ ២០២១ ប្រមាណ​ពី ២០២៥ ​ភាគរយ​»​។

លោក​ប្រាប់ទៀតថា ជាមួយ​នឹង​ភាពវិជ្ជមាន​នេះ ក្រសួង​អាច​វាយតម្លៃ​បាន​ថា ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ នឹង​មាន​ការកើនឡើង​នៅក្នុង​ឆ្នាំ​ ២០២២ និង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដោយសារ​តម្រូវការ​រ៉ែ​សំណង់​នៅក្នុង​វិស័យ​សំណង់​នឹងមាន​ការកើនឡើង ចំណែក​បរិមាណ​ផលិតកម្ម​រ៉ែ​មាស​អាច​ផលិត​បាន​ពេញលេញ​ទៅតាម​ផែនការ​នៅក្នុង​ឆ្នាំ​ ២០២២ ខាងមុខ ស្របពេល​នឹង​ការនាំចេញ​ថ្ម​អារ ក៏​ព្យាករណ៍​នឹងមាន​ការកើនឡើង​ផងដែរ​។

យោងតាម លោក ឌីប៉ូឡា នៅ​ឆ្នាំ​ ២០២២ ក្រសួង​រ៉ែ ក៏​គ្រោង​នឹងដាក់​ផែនការ​ប្រមូល​ចំណូល​មិនមែន​សារពើ​ពន្ធ​ពី​វិស័យ​រ៉ែ​ឱ្យបាន ១៤០ ៧៧២ ​លាន​រៀល កើនឡើង ៣៧ ​ភាគរយ​បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២១ ដែល​បានកំណត់ ១០២ ៤០០ ​លាន​រៀល​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ លើកឡើង​ទៀតថា ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ គឺជា​ផ្នែក​មួយ​នៃ​ចំណូល​មិនមែន​សារពើពន្ធ​ផ្សេងទៀត ដែល​បច្ចុប្បន្ននេះ ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​បាន​ចូលរួមចំណែក​នៅក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​លោក ហុង វណ្ណៈ បាន​ប្រាប់ថា ស្ថិរភាព​នយោបាយ និង​កំណើន​ការវិនិយោគ​បាន​ធ្វើឱ្យ​ចំណូល​ពន្ធ​ពី​វិស័យ​រ៉ែ​នៅ​កម្ពុជា​បន្ត​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។ ទោះយ៉ាងណា​ចំណូល​ពី​វិស័យនេះ​នឹង​មិន​អាចមាន​ចំនួន​ច្រើន​ខ្លាំង​សម្រាប់​យកមក​ប្រើប្រាស់​ជា​ប្រភព​ចំណូល​សំខាន់​របស់​ប្រទេស​ដូច​នៅ​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា អាហ្វ្រិក និង​អាមេរិក​ឡាទីន​ឡើយ​។

លោក​អះអាងថា​៖ «​ទោះបី​ជា​ការប្រមូល​ចំណូល​ពី​វិស័យនេះ​បាន​កើនឡើង ប៉ុន្តែ​វា​នៅតែ​មាន​ទំហំ​ទាប​នៅឡើយ​បើ​យើង​ធៀប​ទៅនឹង​ចំណូល​ពី​វិស័យ​ផ្សេងៗ​ទៀត​»៕ LA

វីដេអូ៖