ភ្នំពេញៈ ប្រជាពលរដ្ឋ​ខ្មែរ​អាច​កាត់បន្ថយ​ថ្លៃ​ចំណាយ​របស់ខ្លួន​រហូត​ដល់ ៧ ​ដង ទៅលើ​ការព្យាបាល​ជំងឺមហារីក​តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​បាញ់​កាំរស្មី​ស្តង់ដា​អឺរ៉ុប​នៅ​មន្ទីរ​សម្រាក​ព្យាបាល អូរ៉េន ឃែនស័រ បើ​ធៀប​នឹង​ការព្យាបាល​ជំងឺមហារីក​ដូចគ្នា​នៅក្រៅ​ប្រទេស​។ នេះ​បើតាម​ការអះអាង​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺមហារីក លោក អ៊ាវ សុខា​។

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ដែលជា​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺមហារីក​ដំបូង​គេ​នៅ​កម្ពុជា បាន​អះអាង​បែបនេះ​នៅក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​មន្ទីរ​សម្រាក​ព្យាបាល អូរ៉េន ឃែនស័រ កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ខណៈ​លោក​ក៏​ជា​សហស្ថាបនិក​ ១ ​រូប​នៃ​មន្ទីរ​សម្រាក​ព្យាបាល​នេះ​ផងដែរ​។

លោក​វេជ្ជបណ្ឌិត​បាន​លើកឡើង​ថា គោលបំណង​សំខាន់​នៃ​ការបង្កើត​មន្ទីរ​សម្រាក​ព្យាបាល អូរ៉េន ឃែនស័រ គឺ​ចូលរួម​បំពេញបន្ថែម​នៅក្នុង​វិស័យ​សុខាភិបាល សម្រួល​ដល់​ជីវភាព និង​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ ព្រមទាំង​បង្កើត​ការងារ​ជូន​គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​។ ជាមួយ​គ្នា​នេះ អូរ៉េន ឃែនស័រ ក៏បាន​នាំចូល​ម៉ាស៊ីន​បាញ់​កាំរស្មី​ស្តង់ដា​អឺរ៉ុប​ (​តម្លៃ​ខ្ទង់លាន​ដុល្លារ​) ដែល​សមត្ថភាព​ស្មើ​ម៉ាស៊ីន​បាញ់​កាំរស្មី​នៅ​មន្ទីរពេទ្យ​ជូឡាឡុងកន ប្រទេស​ថៃ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា អ្នក​ជំងឺមហារីក​ភាគច្រើន​ជា​មនុស្ស​វ័យកណ្តាល និង​វ័យ​ចំណាស់ ដោយ​ជំងឺ​នេះ​លោក​ជួប​ភាគច្រើន​ជា​មហារីក​ថ្លើម សួត សុដន់ ក្រពះ​ពោះវៀន និង​មហារីក​មាត់ស្បូន​ជាដើម​។ អ្នកជំងឺ​មហារីក​នៅ​កម្ពុជា​ប្រមាណ​ ១៣ ៥០០ ​នាក់​ត្រូវ​បាន​ព្យាបាល​ដោយ​កាំរស្មី ហើយ​មានតែ​អ្នកជំងឺ​ប្រមាណ​ ៣ ០០០ ​នាក់ ទទួល​ការព្យាបាល​នៅក្នុង​ស្រុក ខណៈ​ជាង ១ ៥០០ ​នាក់​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​ជិតខាង និង​នៅសល់​ជាង ១០ ០០០ ​នាក់ កំពុង​ត្រូវការ​ការព្យាបាល និង​គុណភាព​តាម​ស្តង់ដា​វេជ្ជសាស្ត្រ​សកល​។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែងថា​៖ «​នៅ​កម្ពុជា ការទទួល​បាន​ការពិនិត្យ និង​ការធ្វើ​តេស្ត​រក​ជំងឺមហារីក​ដោយ​ម៉ាស៊ីន​ទំនើប​នៅមាន​កម្រិត​ទាប​។ ក្នុង​ឆ្នាំ​ ២០២០ នៅក្នុង​ចំណោម​អ្នកជំងឺ​មហារីក​ប្រហែល ១០ ០០០ ​នាក់​ពួកគេ​បាន​ធ្វើ​តេស្ត​ពិនិត្យ​ដោយ​ម៉ាស៊ីន mammograph តែ​ចំនួន​ ២,៦ ​ភាគរយ​, CT scanners ១២,៤ ​ភាគរយ​, MRI scanners ១,៣​ ​ភាគរយ និង​ពុំ​សូវ​មាន​ការធ្វើ PET/CT នៅឡើយ​ទេ​»​។

ដូចនេះ​លោក​វេជ្ជបណ្ឌិត​សន្និដ្ឋានថា ប្រទេស​កម្ពុជា​នៅ​ត្រូវការ​ម៉ាស៊ីន​ព្យាបាល​ដោយ​កាំរស្មី យ៉ាងតិច ១០ ​គ្រឿង​បន្ថែមទៀត ទើប​អ្នកជំងឺ​អាច​ទទួល​បាន​ការធ្វើ​តេស្ត ស្វែងរក​មេរោគ និង​ព្យាបាល​ទាន់ពេលវេលា​។

នៅក្នុង​បទបង្ហាញ លោក​វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី គ្រូពេទ្យ​ឯកទេស​ជំងឺមហារីក ជំងឺ​ឈាម និង​ការព្យាបាល​ដោយ​កាំរស្មី បានឱ្យ​ដឹងថា ជាទូទៅ​អ្នកជំងឺ​មហារីក ៩០ ​ភាគរយ​ត្រូវការ​ព្យាបាល​ដោយ​កាំរស្មី ហើយ​តាម​សមត្ថភាព​ផ្នែក​សុខាភិបាល​កម្ពុជា​សព្វថ្ងៃ ក្នុង​ ១ ​ឆ្នាំ​អាច​ទទួល​ព្យាបាល​ប្រមាណ​តែ ៥០០ ​នាក់​ប៉ុណ្ណោះ​។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ដោយសារ​ការវិវត្ត​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ជា​បន្តបន្ទាប់​រហូតមក​ទល់នឹង​ពេលនេះ ការព្យាបាល​ដោយ​ប្រើ​ថាមពល​កាំរស្មី​ចន្លោះ​ពី ៦ ​ទៅ ១០ ​លាន​វ៉ុល​នោះ​អាច​សម្លាប់​កោសិកា​មហារីក​បាន​។

លោក​វេជ្ជបណ្ឌិត​បាន​អះអាង​ថា​៖ «​ដោយសារ​បច្ចេកទេស​នៃ​ការបញ្ចាំង​កាំរស្មី​សម័យ​ទំនើប យើង​អាច​បង្កើន​ប្រសិទ្ធភាព​របស់​កាំរស្មី យើង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល ហើយ​បន្ថយ​ផលប៉ះពាល់​ទៅលើ​អ្នកជំងឺ​នៅ​អំឡុង និង​ក្រោយពេល​ព្យាបាល ដែល​នឹង​ធ្វើឱ្យ​គុណភាព​ជីវិត​របស់​អ្នកជំងឺ​មាន​ការកើនឡើង​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា វត្តមាន​របស់​មន្ទីរ​សម្រាក​ព្យាបាល អូរ៉េន ឃែនស័រ ដែលមាន​ឯកទេស​លើ​ជំងឺមហារីក និង​ជំងឺ​ឈាម​នេះ​បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​បញ្ហា​សេវា​វេជ្ជសាស្ត្រ និង​សុខាភិបាល​ដល់​ប្រជាជន​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​រៀងរាល់​ឆ្នាំមាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចំណាយលុយ​រាប់សិប​ម៉ឺន​ដុល្លារ​ដើម្បី​ស្វែងរក​ការព្យាបាល ពិសេស​នៅ​ប្រទេសជិតខាង​។ បច្ចេកវិទ្យា​ម៉ាស៊ីន​ថ្មី​នេះ​នឹង​អាច​បម្រើ សេវា​ព្យាបាល​ដល់​ប្រជាជន​ក្នុង​ស្រុក​ដែល​កំពុងមាន​តម្រូវការ​»​។

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​មាន​ប្រជាជន​ប្រហែល ១៨ ៣៧៥ ​នាក់​កើត​ជំងឺមហារីក ហើយ​ក្នុងនោះ​មាន​អ្នកជំងឺ​ចំនួន ១២ ៦៣៨ ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​៕ LA

វីដេអូ៖