ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានស្នើ​វិនិយោគិន​ចិន​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ខណៈពេល​ដែល​កម្ពុជា​ទើប​ដាក់ឱ្យ​អនុវត្ត​ច្បាប់​វិនិយោគ​ថ្មី​ដែល​លើក​ទឹកចិត្ត​ខ្លាំង​ដល់​វិនិយោគិន​។

នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​វិនិយោគ​ដល់​វិនិយោគិន និង​ធុរជន​ចិន​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា លោក សុក ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​និយាយថា ច្បាប់​វិនិយោគ​ថ្មី​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​តាម​ការចង្អុលបង្ហាញ​របស់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច បដិវត្តន៍​ឧស្សាហកម្ម ៤.០ បរិវត្តកម្ម​ឌីជីថល និង​ការរអាក់រអួល​នៃ​ខ្សែចង្វាក់​តម្លៃ​សកល ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ ដើម្បី​ច្បាម​យក​កាលានុវត្ត​ភាព​ជា​អតិបរមា​ដែល​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​ទាញ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដែល​នឹង​ចូល​ជា​​ធរមាន​នៅ​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ ខាងមុខនេះ​។

លើសពីនេះ លោក​អញ្ជើញ​វិនិយោគិន​ចិន​នៅ​ក្រៅ​ប្រទេស​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា ស្រប​ពេលដែល​កម្ពុជា​បាន​លើកលែង​ការធ្វើ​ចត្តាឡីស័ក​។

លោក​និយាយថា​៖ «​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ CDC ​និង​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ និង​កំណែទម្រង់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​បន្តបន្ទាប់ ជាពិសេស​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសហប្រតិបត្តិការ​សមត្ថភាព​ផលិត និង​ការវិនិយោគ​កាលពី​ថ្ងៃ​ទី​ ១២ វិច្ឆិកា ឆ្នាំ​ ២០២១ កន្លងទៅនេះ​»​។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​សាទរ​ចំពោះ​ការបង្កើត​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​របស់​ប្រទេស​កម្ពុជា ដែល​មាន​លក្ខណៈ​អំណោយផល និង​ទាក់ទាញ​ដល់​អ្នកវិនិយោគ ជាពិសេស​វិនិយោគិន​ចិន​។

លោក​លើកឡើង​ថា​៖ «​បច្ចុប្បន្ន ទំនាក់ទំនង​រវាង​កម្ពុជា-ចិន ឈាន​ដល់​កម្រិត​ល្អ​បំផុត ហើយ​កម្ពុជា​បានក្លាយ​ជា​ទិសដៅ​វិនិយោគ​ដ៏សំខាន់​របស់​ប្រទេស​ចិន​»​។

ឯកអគ្គរដ្ឋទូត​រំពឹងថា ការដាក់ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគ ការបន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ការចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា- ចិន កិច្ចសហប្រតិបត្តិការ​វិនិយោគ​កម្ពុជា-ចិន នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

បើតាម​លោក សុក ចិន្តាសោភា ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ឆ្នាំ​ ២០២០ ចិន​បានផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​សរុប​ប្រមាណ ៤ ៦៥៥ ​លាន​ដុល្លារ ខណៈ​វិនិយោគិន ចិន​បាន​បណ្តាក់ទុន​សរុប​ប្រមាណ​ ២៧ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែតុលា ឆ្នាំ​ ២០២១៕LA