ភ្នំពេញៈ អេស៊ីលីដា ដែលជា​ធនាគារ​ពាណិជ្ជ​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ​នូវ​អេស៊ីលីដា អ៊ីសប ដែលជា​មធ្យោបាយ​ទាន់សម័យ​ក្នុង​ការទិញ-លក់ទំនិញ និង​ទូទាត់​អនឡាញ​តាម​អេស៊ីលី​ដាម៉ូបាល​ដែល​នឹង​បង្កើតជា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏រឹងមាំ​មួយ​ក្នុង​ការផ្តល់​នូវ​ផលិតផល​ថ្មីៗ​សម្រាប់​អតិថិជន ឬ​សាធារណជន និង​ម្ចាស់​អាជីវកម្ម​នានា ព្រមទាំង​ឱ្យ​ SMEs អាចដាក់​លក់​ផលិតផល​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​និយាយ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​ថា បរិបទ​ពិភពលោក​ក៏​ដូចជា​ប្រទេស​កម្ពុជា​កំពុងមាន​ការវិវឌ្ឍ​ទៅរក​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ជីវិត​ប្រចាំថ្ងៃ ជាពិសេស​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ-១៩​នេះ ការទិញ​ទំនិញ ឬ​សេវា​ផ្សេងៗ​តាម​អនឡាញ​កាន់តែ​មាន​ភាពចាំបាច់ និង​តម្រូវការ​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​មកនេះ យើង​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ម៉ូបាលអេប​នេះ ដែល​វា​បាន​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ទូទាត់​រួចស្រេច​ទៅហើយ​។ ថ្ងៃនេះ​គឺ​យើង​បាន​យក​អ៊ីសប មក​ដាក់​ទៅលើ​ម៉ូបាលអែប​យើង​តែម្តង ដោយ​ហាង​ទំនិញ​នីមួយៗ​ជា​ដៃគូ​របស់​យើង​មាន​រាប់ម៉ឺន​មុខទំនិញ​»​។

បើ​យោងតាម​លោក ចាន់នី បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា​មាន​ចំនួន​ប្រតិបត្តិការ​ធ្វើ​ការទូទាត់​ប្រមាណ ៨ ​ពាន់​លាន​ដុល្លារ​ប្រចាំខែ ជាមួយ​ចំនួន​ប្រតិបត្តិការ​ជាង ១១ ​លាន ឬ​នៅក្នុង​ ១ ​ថ្ងៃ​មាន​ចំនួន ២៧០ ​លាន​ដុល្លារ ស្មើនឹង​ជិត ៤០ ​ម៉ឺន​ប្រតិបតិ្តការ​។

លោក​ថ្លែងថា​៖ «​ដោយសារ​មើលឃើញ​ការទូទាត់ និង​ចំនួន​ប្រតិបត្តិការ​ជាមួយ​ធនាគារ​ច្រើន​ក្នុង​ការទិញ​ទំនិញ និង​បម្រើ​សេវាកម្ម​ទូទាត់​ផ្សេងៗ អ៊ីចឹង​ហើយ​បានជា​យើង​សម្រេចចិត្ត​បង្កើត​ទីផ្សារ​អនឡាញ​នេះ​ឡើង​មួយទៀត​ដែល​វា​អាចជួយ​សម្រួល​ដល់​អតិថិជន និង​សាធារណជន​កាន់តែ​ងាយស្រួល និង​សន្សំ​ពេលវេលា​»​។

លោក​បន្ថែមថា​៖ «​គោលដៅ​របស់​យើង គឺ​ចង់​ចាប់យក​ហាង​ទំនិញ​ជាច្រើន​ទៀត​ដែល​បច្ចុប្បន្ន​យើង​មាន​ហាង​មួយ ដែលមាន​ទំនិញ​ ១,២ ​ម៉ឺន​មុខ និង​យើង​កំពុង​រៀបចំ​សហការ ៤ ​បន្ថែមទៀត​។ ដូច្នេះ​ទិសដៅ​យើង គឺ​ចង់បាន​ហាង​ទំនិញ​ជាច្រើន​ចូលរួម​ក្នុង​ថ្នាល​របស់​យើង​ ដើម្បី​ជួយ​បំពេញ​តម្រូវការ​អតិថិជន ឬ​សាធារណជន​ឱ្យ​អាច​ជ្រើសរើស​មុខទំនិញ​តាម​តម្រូវការ​កាន់តែ​មាន​ភាពងាយស្រួល រហ័ស ចំណេញ​ពេលវេលា និង​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​»​។

លោក ម៉ាក ចំរើន សហស្ថាបនិក​ផ្សារ​អនឡាញ Smile Shop បាន​លើកឡើង​ថា បច្ចុប្បន្ន​ធនាគារ​បែប​ឌីជីថល​មាន​ការកើនឡើង​ខ្លាំង​។ ការដាក់​ឱ្យ​ដំណើរការ​ផ្សារ​អនឡាញ គឺជា​រឿង​មួយ​ដ៏ល្អ​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ធ្វើការ​លើ​រឿងនេះ​។ លោក​បន្តថា ខណៈ​ធនាគារ​អេស៊ីលីដា​ដែល​មាន​អតិថិជន​រាប់លាន​អ្នក​ស្រាប់​ទៅ​ហើយ​នោះ គឺជា​រឿង​មួយ​ដ៏ល្អ ប៉ុន្តែ​លោក​លើកឡើងថា ដើម្បីឱ្យ​ផ្សារ​អ៊ីសប​ដំណើរការ​កាន់តែ​លឿន​គឺ​ទាមទារ​ឱ្យ​ធនាគារ​ធ្វើការ​សហការ​ជាមួយ​ផ្សារ​អនឡាញ​ដែលមាន​សក្តានុពល​។

លោក​និយាយថា​៖ «​សម្រាប់ Smile Shop របស់​យើង​ដែលមាន​ដៃគូ​សហការ​ជាមួយ​បណ្តា​ហាង​នានា និង​មាន​ប្រព័ន្ធ​ឡូជីស្ទិក ការដឹកជញ្ជូន​នានា​ខ្លួនឯង​ស្រាប់ ដូច្នេះ​អេស៊ីលីដា គឺ​មិនចាំបាច់​ធ្វើ​ការងារ​នេះ​ដោយ​ខ្លួនឯង​ឡើយ​។ នៅពេល​គាត់​ធ្វើការ​ជាមួយ​បណ្តា​ផ្សារ​អនឡាញ​ដែល​សក្តានុពល​ស្រាប់​នោះ គឺ​នឹង​ធ្វើឱ្យ​កាន់តែ​ខ្លាំង និង​ក៏​ជំរុញ​ឱ្យ​អតិថិជន​របស់​ធនាគារ​ដែល​គាត់​មាន​ស្រាប់​នោះ​កាន់តែ​មាន​សកម្មភាព​ច្រើនជាង​មុន​នៅក្នុង​ឌីជីថល​ទូទាត់​របស់គាត់​»​។

បើ​យោងទៅតាម​លោក អ៊ិន ចាន់នី ការបង្កើត​អ៊ីសប នេះ​ក៏​ធ្វើឡើង​ឆ្លើយតប​នឹង​បរិបទ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​សេដ្ឋកិច្ច​សកល​ផងដែរ​។ លោក​បន្តថា អ៊ីសប​ក៏​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​ការលក់ដូរ​ផលិតផល​ក្នុងស្រុក ជាពិសេស​ផលិតផល​កសិកម្ម​។

លោក​បាន​លើកឡើង​ថា​៖ «​វិស័យ SME គឺជា​អតិថិជន​ដ៏ធំ និង​សំខាន់​របស់​អេស៊ីលីដា​។ វិស័យ​កសិកម្ម គឺ​យើង​ធ្វើ​ច្រើនជាងគេ​ព្រោះ​ក្នុង​ឥណទាន​សរុប​របស់​អេស៊ីលីដា​គឺ​យើង​ធ្វើ​ជិត​ពាក់កណ្តាល​ទៅលើ​ឥណទាន​កសិកម្ម​។ អ៊ីសប មាន​សារៈសំខាន់​ព្រោះ​មុខទំនិញ​កសិកម្ម​របស់​យើង​មាន​ច្រើន ដូច្នេះ​ខ្ញុំ​គិតថា​អ៊ីសប​នេះ​គឺជា​មធ្យោបាយ​ដ៏មាន​សារៈសំខាន់​។ យើង​សង្កេតឃើញថា​ទំនិញ​យើង​ខ្លះ​បែរ​ទៅ​មាននៅ​ផ្សារ​អឺរ៉ុប ប៉ុន្តែ​នៅក្នុង​ស្រុក​យើង​អត់​សូវ​ដឹង ដូច្នេះ​នៅពេលដែល​ទំនិញ​ទាំងនោះ​ដាក់​ក្នុង​អ៊ីសប​គឺ​អតិថិជន​នឹង​ដឹង ដូច្នេះ​អ៊ីសប​នេះ​ជួយ​លក់ទំនិញ​របស់​យើង​កាន់តែ​ច្រើន​នៅក្នុង​ទីផ្សារ​កម្ពុជា​យើង​។ អ្វីដែល​សំខាន់​គឺ​ម្ចាស់​ហាង​ទាំងអស់​ត្រូវ​ធានាថា​ទំនិញ​របស់ខ្លួន​ប្រកប​ដោយ​គុណភាព​»៕ LA