ទីក្រុងសេអ៊ូលៈ ចំពេល​ការផ្លាស់ប្តូរ​ជា​សកល​ទៅរក​យានយន្ត​អគ្គិសនី ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ (EV) កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាកថ្ម​នៅក្នុង​ប្រទេស​កូរ៉េ មិន​ត្រឹមតែ​បង្កើន​ការលក់​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ទទួល​បាន​ការគ្របដណ្តប់​នៅក្នុង​ប្រទេស​ដែល​មិនទាន់​មាន​អ្នកដឹកនាំ​ទីផ្សារ​ច្បាស់លាស់​នៅឡើយ​។

សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត ការកសាង​ស្ថានីយ៍​បញ្ចូល​ថាមពល​ថ្ម​ដែល​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៅទីនេះ ទាំង​ចំនួន និង​ការថែទាំ​បាន​ក្លាយជា​ចំណុច​សំខាន់​ ដើម្បី​យកឈ្នះ​លើ​ភាពទន់ខ្សោយ​ទូទៅ និង​ធំ​បំផុត​របស់ EVs​។

យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​មាន​កន្លែង​សាក​អាគុយ​រថយន្ត​អគ្គិសនី ៧០ ០០០ កន្លែង​រួមទាំង​ ៥៤ ០០០ ​កន្លែង​សាក​យឺត សម្រាប់​រថយន្ត​អគ្គិសនី​ ១៧៧ ០០០​គ្រឿង ដែល​បាន​ដំណើរការ​នៅ​ទូទាំងប្រទេស​គិត​ត្រឹម​ខែមិថុនា​។

អ្នក​នៅក្នុង​ទីផ្សារ​នេះ​បាន​យល់ឃើញ​ថា ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ការប្រកួតប្រជែង​ដ៏ខ្លាំងក្លា​ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាក​អាគុយ​រថយន្ត​អគ្គិសនី​នឹង​សម្រេច​ក្រុមហ៊ុន​មួយណា​ដឹកមុខ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ក្នុង​មូលដ្ឋាន​។

យោងតាម​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រុមហ៊ុន Tesla ដែល​មាន​ស្ថានីយ​សាក​អាគុយ​ប្រមាណ​ ១៨៤ ០០០ ​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​កាន់កាប់​ ៥៥ ​ភាគរយ​នៃ​ចំណែក​ទីផ្សារ នៅពេល​ដែល​ខ្លួន​បាន​ងាក​ទៅ​ការបញ្ចូល​អាគុយ​រហ័ស​។ ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន​ប្រតិបត្តិការ​ស្ថានីយ​បញ្ចូល​អាគុយ​ប្រហែល​ ៣០ ​កន្លែង​។

នៅក្នុង​ប្រទេស​កូរ៉េ ការដំឡើង​ស្ថានីយ​បញ្ចូល​អាគុយ​សម្រាប់​រថយន្ត EV ត្រូវបាន​ដឹកនាំ​ជា​ចម្បង​ដោយ​រដ្ឋាភិបាល ដោយសារ​តែ​ប្រាក់ចំណេញ​ទាប​សម្រាប់​ក្រុមហ៊ុន ព្រោះតែ​តម្រូវការ​នៅ​មិនទាន់​ខ្ពស់​នៅឡើយ​។

ប៉ុន្តែ​កាលពី​ខែកុម្ភៈ រដ្ឋាភិបាល​បាន​បញ្ចេញ​ផែនការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នានា​បង្កើត​ស្ថានីយ​សាក​អាគុយ​លឿន​នៅលើ​ដី​ដែលជា​កម្មសិទ្ធិ​របស់​ស្ថាប័ន​សាធារណៈ​។

អាជ្ញាធរ​បាន​និយាយថា ពួកគេ​ក៏​ពិចារណា​ផងដែរ​សាងសង់​ស្ថានីយ​បញ្ចូល​អាគុយ​បន្ថែមទៀត​នៅតាម​ស្ថានីយ​បញ្ចូល​ហ្គាស​ប្រមាណ​ ១២ ០០០ នៅ​ទូទាំង​ប្រទេស​។

Hyundai Motor Group ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំ​បំផុត​របស់​ប្រទេស បាន​ដំណើរការ​ស្ថានីយ៍​សាក​អាគុយ​ល្បឿន​លឿន​ចំនួន​ ១២ ​កន្លែង​ដែលមាន​ឈ្មោះថា E-Pit ។ រថយន្ត​ម៉ូដែល Ioniq 5 និង Kia EV6 របស់​ក្រុមហ៊ុន Hyundai Motor អាច​សាក​បាន​រហូតដល់​ ៨០ ​ភាគរយ​ក្នុង​រយៈពេល​ ១៨ ​នាទី​នៅ​ស្ថានីយ​៕ Korea Herald-ANN/RR