ទីក្រុងប្រ៊ុចសែលៈ ​ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា​អតិផរណា​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​កំណត់ត្រា​កាលពី​ខែវិច្ឆិកា​ដែល​ជំរុញ​ដោយ​ការកើនឡើង​តម្លៃ​ថាមពល​។

តម្លៃ​ទំនិញ​ប្រើប្រាស់​បាន​កើនឡើង​ពី​ ៤,១ ភាគរយ​ដល់​ ៤,៩ ​ភាគរយ​កាលពី​ខែ​មុន​ដែលជា​តួលេខ​ខ្ពស់បំផុត​ចាប់តាំងពី​ទីភ្នាក់ងារ​ស្ថិតិ​ផ្លូវការ​ Eurostat បានចាប់ផ្តើម​ចងក្រង​ទិន្នន័យ​កាលពី​ជាង​ ២០ ​ឆ្នាំមុន​។

តួលេខ​នេះ​គឺ​កើនឡើង​ច្រើនជាង​ ២ ​ដង​នៃ​ទិសដៅ​កំណត់​របស់​ធនាគារ​កណ្តាល​អឺរ៉ុប (ECB) ​ចំនួន​ ២ ​ភាគរយ​។

លោក​ Isabel Schnabel សមាជិក​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ ECB បាន​ព្យាករ​កាលពីដើម​ខែវិច្ឆិកា​ថា​អតិផរណា​នឹង​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ខែ​នេះ​ចាប់តាំងពី​ប្រាក់​អឺរ៉ូ​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​ ១៩៩៩​។

លោក Schnabel បាន​ឲ្យ​ដឹងថា​ល្បឿន​នៃ​ការកើនឡើង​តម្លៃ​នេះ​នឹង​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ខាងមុខនេះ​។

ការកើនឡើង​អតិផរណា​បានដាក់​សម្ពាធ​លើ​ ECB និង​ធនាគារ​កណ្តាល​អាមេរិក​ដើម្បី​គ្រប់គ្រង​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច​ដ៏ធំ​របស់​ពួកគេ​ដោយ​ទីផ្សារ​បារម្ភ​ថា​អ្នកបង្កើត​គោលនយោបាយ​អាច​កាត់បន្ថយ​អត្រា​ការប្រាក់​មុនពេល​វេលា​កំណត់ ដើម្បី​គ្រប់គ្រង​តម្លៃ​៕ LA