ទីក្រុងស្តុកហូលម៍៖ Volvo ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស៊ុយអែតបានឲ្យដឹងកាលពីថ្ងៃអង្គារថាការលក់ និងប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះនៅក្នុងត្រីមាសទី ៣ ដោយសារតែកង្វះខាតឧបករណ៍ពាក់កណ្ដាលចម្លងជាសកល។
ឧស្សាហកម្មរថយន្តមួយនេះបានជម្នះនឹងការខ្វះខាតបន្ទះឈីប ដែលជាគ្រឿងបង្គុំគ្រឿងអេឡិចត្រូនិកដ៏សំខាន់ៗសម្រាប់រថយន្តដោយបង្ខំឲ្យរោងចក្រមួយចំនួនត្រូវផ្អាកការផលិត។
លោក Hakan Samuelsson នាយកប្រតិបត្តិបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ស្ថានភាពផ្គត់ផ្គង់មានភាពប្រសើរឡើងវិញ នៅត្រីមាសទី ៤ ប៉ុន្តែកង្វះខាតឧបករណ៍ពាក់កណ្ដាលចម្លងរបស់ឧស្សាហកម្មដ៏ធំមួយនេះត្រូវបានរំពឹងថានឹងនៅតែជាកត្តារារាំងមួយ»។
ក្រុមហ៊ុនមួយនេះបានឲ្យដឹងថា បរិមាណការលក់បានធ្លាក់ចុះ ១៧ ភាគរយមកនៅត្រឹម ១៤៩ ៩០០ គ្រឿង ដែលបានលក់នៅត្រីមាសទី ៣។ ប្រាក់ចំណូលបានធ្លាក់ចុះ ៧ ភាគរយមកនៅត្រឹម ៦០,៨ ពាន់លានក្រូន័រ (៦,៧ ពាន់លានដុល្លារ ឬ ៥,៩ ពាន់លានអឺរ៉ូ)។
ចំនួនរថយន្តដែលចេញពីរោងចក្ររបស់ក្រុមហ៊ុន Volvo បានធ្លាក់ចុះ ៣១ ភាគរយនៅក្នុងត្រីមាសទី ៣ ដោយសារតែបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់។
ក្រុមហ៊ុន Volvo បានឲ្យដឹងថា៖ «ក្រៅពីការខ្វះខាតឧបករណ៍ពាក់កណ្ដាលចម្លងជាទូទៅការផ្ទុះឡើងជំងឺកូវីដ ១៩ ថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប៉ះពាល់ដល់ក្រុមហ៊ុនផ្គត់ផ្គង់របស់យើងដែលបណ្ដាលឲ្យមានការផ្អាកផលិតកម្មជាបណ្តោះអាសន្ននៅក្នុងរោងចក្ររបស់យើង»។
សេចក្តីប្រកាសព័ត៌មាននេះបានធ្វើឡើងបន្ទាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Volvo ដែលភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុន Geely របស់ប្រទេសចិនបានចាប់ផ្តើមជួញដូរនៅលើផ្សារហ៊ុន Stockholm កាលពីខែមុន៕ LA