ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៦ បាន​ដាក់​ពាក្យសុំ​បន្ត​ការហោះហើរ​ឡើងវិញ​តាម​កម្មវិធី​ (Scheduled Flights) ខណៈ​ក្រុមហ៊ុន ២ ​ទៀត​បាន​ស្នើសុំ​បន្ថែម​ជើងហោះហើរ ដែល​នឹង​ធ្វើឱ្យ​ចំនួន​ជើងហោះហើរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ក្នុង​ខែធ្នូ​នេះ​កើន​ដល់​ជាង ៤០ ​ជើង​ក្នុង​ ១ ​សប្តាហ៍​។ នេះ​បើតាម​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី២ នៃ​ក្រុម​ការងារ​រដ្ឋាភិបាល និង​ឯកជន ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​លើកលែង​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា​ដែល​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ពេញលេញ​រួចមក​ចំនួន​នៃ​អ្នកធ្វើដំណើរ​ចូលមក​កម្ពុជា​បាន​កើនឡើង​បណ្តើរៗ​ហើយ ខណៈ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ៦ បានមក​ស្នើសុំ​ហោះហើរ​ឡើងវិញ និង​ក្រុមហ៊ុន ២ ​ទៀត​សុំ​បន្ថែម​ជើងហោះហើរ​។

លោក​បន្តថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល​បាន​កំណត់​អាទិភាព​នៃ​ការចាប់ផ្តើម​ជើងហោះហើរ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​ជាមួយ​ប្រទេស​អាស៊ាន​ជា​អាទិភាព​ទី​ ១ ស្របតាម​គោលការណ៍​ការបន្ធូរបន្ថយ​ការធ្វើ​ចត្តាឡីស័ក​។

លោក​ថ្លែងថា​៖ «​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២១ ទៅ​ចំនួន​ជើង​ហោះហើរ​សរុប​នឹងមាន​ការកើនឡើង​ក្នុង ១ ​សប្តាហ៍​រហូតដល់ ៤៣ ​ជើង​ធៀប​ខែតុលា ឆ្នាំ​ ២០២១ គឺមាន​ការកើនឡើង ១៦ ​ភាគរយ ឬ​ពី​ចំនួន ៣៧ ​ជើង​។ ចំនួន​ជើងហោះហើរ​នេះ​អាច​នឹងមាន​ការប្រែប្រួល​ទៅតាម​ការវិវឌ្ឍ​នៃ​ស្ថានភាព​ជាក់ស្តែង​នៃ​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

យោងតាម​លោក ហាវណ្ណាល់ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៦ ដែល​បានមក​ដាក់ពាក្យ​ស្នើសុំ​បន្ត​ការហោះហើរ​ឡើងវិញ​តាម​កម្មវិធី ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២១ រួមមាន ក្រុមហ៊ុន Thai Smile Airways មកពី​បាងកក (៤ ​ជើង​ក្នុង​ ១ ​សប្តាហ៍​), Bangkok Airways មកពី​បាងកក (៧ ​ជើង​ក្នុង​ ១ ​សប្តាហ៍​), Thai Air Asia មកពី​បាងកក​ (៣ ​ជើង​ក្នុង​ ១ ​សប្តាហ៍​), Philippines Airlines មកពី​ម៉ានីល ​(១ ​ជើង ក្នុង​ ១ ​សប្តាហ៍​), Cathay Pacific Airways មកពី​ហុងកុង (១ ​ជើង​ក្នុង​ ១ ​សប្តាហ៍​) និង Malaysia Airlines (៤ ​ជើង​ក្នុង​ ១ ​សប្តាហ៍​)​។

ចំណែក​ក្រុមហ៊ុន​ស្នើសុំ​បន្ថែម​ជើងហោះហើរ រួមមាន​ក្រុមហ៊ុន Singapore Airlines ឡើងដល់​ ១៤ ​ជើង​ក្នុង​ ១ ​សប្តាហ៍ លើ​ដំណាក់​ផ្លូវ​សិង្ហបុរី-ភ្នំពេញ-សិង្ហ​បុរី និង​លើ​ដំណាក់​ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន​ ៧ ​ជើង ក្នុង​ ១ ​សប្តាហ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក Lanmei Airlines នឹង​ធ្វើការ​ហោះហើរ​លើ​ដំណាក់​ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន​ ២ ​ជើង​។

លោក​លើកឡើងថា អាកាសចរ​ស៊ីវិល​ក៏​នឹង​ផ្តោតលើ​ការបើក​ជើងហោះហើរ​ជា​ប្រក្រតីភាព​ឡើងវិញ​រវាង​កម្ពុជា និង​ចិន​នៅពេលណា​មានការ​បន្ធូរបន្ថយ​វិធានការ​ប្រយុទ្ធ​ជំងឺ​កូវីដ​ ១៩ នៃ​រដ្ឋាភិបាល​ចិន​ផងដែរ​។

លោក ហាវណ្ណាល់ បន្ថែមថា អាកាសចរ​ស៊ីវិល​នឹង​ជំរុញ និង​ពិភាក្សា​ជាមួយ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​មជ្ឈឹមបូព៌ា​ប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ក្នុង​ការពិចារណា​រៀបចំ​ជើងហោះហើរ​ឡើងវិញ​រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍ All Ni-ppon Airways មកពី​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន​ផងដែរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​ថា នេះ​ជា​ព័ត៌មាន​វិជ្ជមាន​បំផុត​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ព្រោះ​ការតភ្ជាប់​ការធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​គឺមាន​ភាព​ឆាប់រហ័ស និង​មាន​ផាសុកភាព​។ ប្រសិនបើ​មិនមាន​ការតភ្ជាប់​ជើងហោះហើរ គឺ​ប្រៀបដូចជា​ពី​ខេត្ត​ ១ ទៅ​ខេត្ត​ ១ មិនមាន​ផ្លូវ​ធ្វើដំណើរ​អ៊ីចឹង​។

លោក​អះអាង​ថា​៖ «​នេះ​ជា​ព័ត៌មាន​ដ៏ល្អ​ដែល​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ចង់បាន​ហើយ​យើង​ក៏​សង្ឃឹមថា​នឹងមាន​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​នឹង​បើក​ការហោះហើរ​ចេញ-ចូល​កម្ពុជា​។ ការតភ្ជាប់​ជើងហោះហើរ គឺជា​មធ្យោបាយ​ល្អ​ជាងគេ​សម្រាប់​ការស្តារ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ឡើងវិញ​»​។

ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា បាន​ចេញ​ប្រកាស​ស្តីពី​ការហាមឃាត់​អ្នកដំណើរ ឬ​អ្នក​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​ ១០ នៅ​ទ្វីប​អាហ្វ្រិក ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំង​ ១០ នៅក្នុង​អំឡុងពេល ៣ ​សប្តាហ៍​មុន​ចូលមក​កម្ពុជា​មួយរយៈ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​ចូល​កម្ពុជា​នូវ​មេរោគ​កូវីដ​ ១៩ ប្រភេទ​អូមីក្រុង​ (Omicron)​។ ប្រទេស​ទាំង​ ១០ នោះ​រួមមាន Botswana, Mozambique, Eswatini, Lesotho, Namibia, Zimbabwe, Malawi, Angola, South Africa, និង Zambia​។

ទាក់ទង​នឹង​សេចក្តី​ប្រកាស​ខាងលើ លោក ស៊ីណាន បាន​អះអាង​ថា​៖ «​នេះ​ជាការ​គំរាមកំហែង​ថ្មី​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​ដែល​ទើប​ចាប់ផ្តើម​មាន​ពន្លឺ​ឡើងវិញ ខណៈ​វា​នឹង​អាច​ធ្វើឱ្យ​មាន​ការរាំងស្ទះ​ដល់​ផែនការ​វ៉ាក់សាំង​របស់​យើង​ខ្លះៗ​ដោយ​ចៀស​មិន​ផុត​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​ ១-២៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ជនបរទេស​ចូលមក​កម្ពុជា​មាន​ចំនួន ១២ ១៨២ ​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ចំនួន ៤ ៤១០ ​នាក់ ដែល​ភាគច្រើន​គឺ​ជនជាតិ​វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ កម្ពុជា​បាន​ទទួល​ទេសចរ ១៣១ ៦៧៤ ​នាក់ ធ្លាក់ចុះ ៨៩,៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ដែលមាន ១ ២៤៧ ៦៨០ ​នាក់​។ ក្នុងនោះ​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មាន ៦៣ ០៥០ ​នាក់​ស្មើ ៤៧,៩ ​ភាគរយ និង​ផ្លូវគោក-ទឹក ៦៨ ៦២៤ ​នាក់​ស្មើ ៥២,១ ​ភាគរយ​៕ LA

វីដេអូ៖