ក្រុងហុងកុង៖ តម្លៃ​ផ្សារភាគហ៊ុន​នៅ​អាស៊ី​ភាគច្រើន​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​តម្លៃ​ប្រេង​បាន​ស្ទុះ​ងើបឡើង​វិញ ដោយសារ​តែ​ពាណិជ្ជករ​វាយតម្លៃ​ពី​ចក្ខុវិស័យ​ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ឈានមុខ​គេ​ជាច្រើន​បាន​ផ្តល់​យោបល់​ផ្សេងៗ​គ្នា​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ពួកគេ​ប្រឆាំងនឹង​វីរុស​អូមីក្រុង​ និង​ធនាគារ​កណ្ដាល​អាមេរិក​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​គោលនយោបាយ​រូបិយវត្ថុ​។

ការស្ទុះ​ងើប​ឡើងវិញ​បន្តិច​ពី​ការខាតបង់​យ៉ាងខ្លាំង​កាលពី​ ២ ​ថ្ងៃមុន​ បន្ទាប់ពី​លោក Stephane Bancel ​ប្រធាន​ក្រុមហ៊ុន Moderna ​បាន​ប្រាប់​កាសែត Financial Times ថា​វ៉ាក់សាំង​ដែលមាន​ស្រាប់​ប្រហែល​ជា​មិនមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ជំងឺ​កូវីដ​ថ្មី​នេះ​ទេ ដោយសារ​តែ​ការវិវត្ត​ច្រើនដង​របស់​វា​។

ទោះជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​ផលិត​ឱសថ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា វា​លឿន​ពេក​មិនអាច​ធ្វើការ​វិនិច្ឆ័យ​បាន​នោះទេ ដោយ​ប្រធាន​ក្រុមហ៊ុន BioNTech ​ដែល​បាន​រួមគ្នា​ផលិត​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន​ Pfizer បាន​ឲ្យ​ដឹងថា មនុស្ស​ទំនង​ជាង​នឹងត្រូវ​ការការពារ​ប្រឆាំងនឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​។

ចក្ខុវិស័យ​ដែល​គួរឱ្យ​ព្រួយបារម្ភ​តិចតួច ពី​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​បាន​ជួយ​ដោះស្រាយ​ការបារម្ភ​បន្តិចបន្តួច​ ខណៈពេល​ដែល​ព័ត៌មាន​ថា ក្រុមហ៊ុន​ Moderna ក្រុមហ៊ុន Pfizer និង​អ្នកគាំទ្រ Sputnik V ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​រុស្ស៊ី​កំពុង​ធ្វើការងារ​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស​អូមីក្រុង​ ជាពិសេស​រួចហើយ​ក៏​កំពុង​ផ្តល់​ការសម្រាល​ការបារម្ភ​ខ្លះៗ​ផងដែរ​។

ជាមួយ​នឹង​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ ដែល​ឲ្យ​ដឹងថា ចក្ខុវិស័យ​ពេញលេញ​សម្រាប់​វីរុស​អូមីក្រុង​នៅតែ​កំពុង​ត្រូវបាន​វាយតម្លៃ ក្រុម​អ្នកវិភាគ​បាន​ឲ្យ​ដឹងថា​ទីផ្សារ​នឹង​នៅតែ​មាន​ការប្រែប្រួល​។

លោក Louis Navellier ​ជា​អ្នក​យុទ្ធសាស្ត្រ​បាន​ថ្លែងថា​៖ «​ប្រសិនបើ​នៅពេល​នេះ​សប្តាហ៍​ក្រោយ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ដ្រ​បាន​សន្និដ្ឋានថា​វ៉ាក់សាំង​ដែលមាន​ស្រាប់​គឺ «​គ្រប់គ្រាន់» និង​/​ឬ​វីរុស​អូមីក្រុង​គឺ​មិន​ធ្ងន់ធ្ងរ​ជាង​វីរុស​វ៉ារ្យ៉ង់ Delta បច្ចុប្បន្ន ទីផ្សារ​ភាគហ៊ុន​គួរតែ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងខ្លាំង​»​។

លោក​បាន​បន្ថែមថា​៖ «​ការសន្និដ្ឋាន​តាម​មធ្យោបាយ​ផ្សេងទៀត​អាចដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ចក្ខុវិស័យ​កើនឡើង​បច្ចុប្បន្ន​សម្រាប់​ឆ្នាំ​ ២០២២»​។

ជាមួយ​គ្នា​នេះដែរ​តម្លៃ​ប្រេងឆៅ​ដែល​បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ ហើយ​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​អង្គារ ដោយសារ​តែ​ការបារម្ភ​អំពី​ការបិទខ្ទប់​ជាថ្មី​ដែល​អាច​ធ្វើឡើង និង​ជះ​ផលប៉ះពាល់​លើ​តម្រូវការ​៕ LA