ភ្នំពេញៈ វិស័យ​ឯកជន​ស្នើឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពង្រឹង និង​ទប់ស្កាត់​ការនាំចូល​ទំនិញ​ខុសច្បាប់​ដែល​ហូរ​ចូល​កម្ពុជា​ឱ្យបាន​ហ្មត់ចត់ ដើម្បី​កៀរគរ​ចំណូល​ចូល​រដ្ឋ​ឱ្យបាន​ច្រើន និង​ជួយ​ការពារ​អ្នក​ផលិត​ក្នុងស្រុក​ផងដែរ​។

សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ៨ នៃ​យន្តការ​ភាពជា​ដៃគូ​គយ​ផ្នែក​ឯកជន​កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ រវាង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា​។

បញ្ហា​ចម្បងៗ​ចំនួន ១២ ត្រូវបាន​ផ្នែក​ឯកជន​លើកឡើង​ពាក់ព័ន្ធ​នឹង​នីតិវិធី​គយ​ដែល​រួមមាន ការបញ្ចុះ​កម្រៃ​បែបបទ​គយ​លើ​ប្រតិវេទន៍​ដែលមាន​តម្លៃ​ទាប​, ការកាត់បន្ថយ​ចំណាយ​លើ​ការត្រួតពិនិត្យ​ទំនិញ​ក្រៅ​ម៉ោង​ធ្វើការ​, ការកើនឡើង​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​នាំចេញ​, ការកាត់បន្ថយ​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​ដល់​ទីតាំង​ក្រុមហ៊ុន​, ការជំរុញ​ការអនុវត្ត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ និង​ប្រព័ន្ធ e-Payment, ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទំនិញ​, ការតភ្ជាប់​ប្រព័ន្ធ​ដោះដូរ​ទិន្នន័យ​និវេទនប័ណ្ណ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាមួយ​ប្រព័ន្ធ​អាស៊ី​គូដា​, ការអនុវត្ត​នីតិវិធី និង​ប្រព័ន្ធ​ធ្វើ​បែបបទ​គយ​មុនពេល​ទំនិញ​មកដល់​, និង​ការផ្ដល់​ប្រព្រឹត្តិកម្ម​លើក​ទឹកចិត្ត​ចំពោះ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដែលមាន​អនុលោមភាព​ខ្ពស់​ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១ ខែធ្នូ​ថា នៅ​កិច្ចប្រជុំ​នោះ សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើង​បញ្ហា​មួយចំនួន ប៉ុន្តែ​បញ្ហាសំខាន់​ជាងគេ គឺ​ការទប់ស្កាត់​ទំនិញ​ខុសច្បាប់​ដែល​ហូរ​ចូលមក​កម្ពុជា​។ លោក​បន្តថា បច្ចុប្បន្ន​ការទប់ស្កាត់​ទំនិញ​ខុសច្បាប់​នៅតែ​មាន​ចន្លោះប្រហោង ដោយសារ​កម្ពុជា​មាន​ច្រកព្រំដែន​ទាំង​តូច និង​ធំ​ច្រើន គួបផ្សំ​នឹង​មន្ត្រី​ខិលខូច​មួយចំនួន​តូច​បន្ត​ឃុបឃិត​ជាមួយ​ឈ្មួញ​លួច​នាំចូល​ទំនិញ​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនិញ​ក្នុងស្រុក​ដែល​ផលិត​បាន​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​ខ្ញុំ​តែងតែ​និយាយថា​អ្នក​ផលិត​បន្លែ​ផ្លែឈើ ត្រី​សាច់​ក្នុងស្រុក​និយាយថា អត់​មាន​ទីផ្សារ តែ​តាមពិត​យើង​មាន ប៉ុន្តែ​ចំនួន​ដែល​យើង​នាំចូល​បន្លែ​ត្រី​សាច់ និង​ផ្លែឈើ​ទាំងនោះ​ក្នុង​ ១ ​ឆ្នាំៗ​ដល់​ទៅ ៣០០-៥០០ លាន​ដុល្លារ​ដូចនេះ​បើ​នៅតែ​មាន​ការនាំចូល​ទំនិញ​ទាំងនេះ​ដោយ​ខុសច្បាប់​ទៀត នោះ​ប្រាកដ​ណាស់​វា​នឹង​ធ្វើឱ្យប៉ះពាល់​អ្នកផលិត​ក្នុងស្រុក​ហើយ ប៉ះពាល់​ចំណូល​រដ្ឋ​ទៀត​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំស្រួយ​លីលី បានឱ្យដឹងថា ជា​រឿង​ល្អ​ដែល​សភាពាណិជ្ជកម្ម​លើកសំណើ​នេះ​ទៅកាន់​គយ​ និង​រដ្ឋាករ​កម្ពុជា ជាពិសេស​ការទប់ស្កាត់​ទំនិញ​ដែល​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ក្នុងស្រុក​។

លោកស្រី​លើកឡើង​ថា​៖ «​ការនាំ​ចូល​ពី​ប្រទេស​គេ​មក​យើង​មាន​ច្រើន ដោយសារ​ការផលិត​របស់គេ​ចំណាយ​ទាប ដូចនេះ​គេ​ហ៊ាន​ចំណាយ​លើ​ការផ្សព្វផ្សាយ​ផលិតផល​នៅ​ក្នុង​ស្រុក​យើង ខណៈ​ការផលិត​ក្នុងស្រុក​យើង​ថ្លៃដើម​ខ្ពស់​ជាងគេ ទើប​ធ្វើឱ្យ​អ្នក​ផលិត​នៅក្នុង​ស្រុក​ជួប​បញ្ហា​ប្រឈម​»​។

នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ៨ នៃ​យន្តការ​ភាពជា​ដៃគូ​គយ​ផ្នែក​ឯកជន លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ លើកឡើង​ថា អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ នឹង​បន្ត​រក​ដំណោះស្រាយ​ដោយ​ឱ្យ​ក្រុមការងារ​ជំនាញ​នីមួយៗ​បន្ត​ពិនិត្យ និង​ពិភាក្សា​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​៕ LA