ភ្នំពេញៈ ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ាន​ជាប់​ព្រំដែន​គ្នា កម្ពុជា-វៀតណាម គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ខែធ្នូ​នេះ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ការនាំចេញ​កសិផល​កម្ពុជា​។

គម្រោង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​នេះ​ត្រូវ​បានលើកឡើង​ដោយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា លោក វេង សាខុន កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​។ នេះ​បើ​យោងតាម​លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​។

លោក ហ៊ាន វណ្ណហន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ខែធ្នូ​ថា កន្លងមក​កម្ពុជា​មាន​កិច្ចព្រមព្រៀង​មួយចំនួន​ជាមួយ​នឹង​វៀតណាម ដូចជា​កិច្ចព្រមព្រៀង​ស្តីពី​ការអភិវឌ្ឍ​តំបន់​ព្រំដែន​ជាដើម ប៉ុន្តែ​ឥឡូវនេះ​តាម​មតិ​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម កម្ពុជា​នឹង​ពិភាក្សា​លើ​ចំណុច​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។

លោក​បន្តថា លោក​ត្រៀម​នឹង​អញ្ជើញ​អ្នកជំនាញ​តាម​អង្គភាព​ពាក់ព័ន្ធ​នៅ​ក្រសួងកសិកម្ម​ ដើម្បី​ពិគ្រោះ​យោបល់​គ្នា​មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង ពិសេស​ការស្វែងរក​ផលចំណេញ​ឱ្យបាន​ជា​អតិបរមា​ដល់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។

លោក​ប្រាប់ថា​៖ «​យើង​ចង់បាន គឺ​ធ្វើ​ម៉េច​ឱ្យ​ចំណូល​របស់​កសិករ​មាន​កំណើន និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ​លំហូរ​រលូន​នៃ​ទីផ្សារ​កសិផល​។ តាមពិតទៅ វា​មាន​លក្ខណពិសេស​ដែរ​ដោយសារ​ប្រទេស​វៀតណាម​នៅ​ជិត​យើង ដូចនេះ​របស់​ធ្ងន់ៗ​យើង​មិន​ចាំបាច់​ត្រូវ​ដឹក​ទៅ​ឆ្ងាយ​ទេ​»​។

អគ្គនាយក​ក្រុមហ៊ុន Date Investment Cambodia លោក តាន់ មុនីវណ្ណ បាន​ស្វាគមន៍​ចំពោះ​ផែនការ​នេះ ដោយ​លោក​មើលឃើញ​ថា​ជា​រឿងល្អ​សម្រាប់​កម្ពុជា​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​នេះ ពិសេស​បើ​កិច្ចព្រមព្រៀង​នោះ​មាន​បញ្ចូល​ពី​ការផ្លាស់ប្តូរ​បច្ចេកទេស​កសិកម្ម​មក​ឱ្យ​ដល់​ប្រទេស​កម្ពុជា​។

លោក​បន្ថែមថា វៀតណាម​ជា​ប្រទេស​ដែលមាន​បច្ចេកទេស​ខ្លាំង​លើ​ផ្នែក​កសិកម្ម​ ជាពិសេស​ការចិញ្ចឹម​សត្វ​នៅក្នុង​ទឹក វៀតណាម​ធ្វើ​បានល្អ​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន​។

យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​ឱ្យ​ដឹងថា ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​សម្រេច​បាន​បរិមាណ​សរុប ៧ ១៣១ ៩១៥,០៤ ​តោន (​ទៅ​ទិសដៅ ៦៨ ​ប្រទេស​) កើនឡើង ៣ ៤៤៤ ២៨៨,១៨ ​តោន​ស្មើនឹង ៨៧,៥៣ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ ​តោន​៕ LA