តម្លៃ​មាស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ ៥ ​ថ្ងៃ ពី​តម្លៃ ១ ៨៦៦ ដុល្លារ​ក្នុង​ ១ ​អោនស៍​នៅ​ថ្ងៃទី​ ១៨ ខែវិច្ឆិកា មកដល់ ១ ៧៨៨ ​ដុល្លារ​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​។ ថ្ងៃ​ដែល​ធ្លាក់​នោះបាន​កើតឡើង​ស្របពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ អាមេរិក​លោក Joe Biden បានប្រកាស​ពី​ចេតនា​របស់​គាត់​ក្នុង​ការតែងតាំង​លោក Jerome Powell សម្រាប់​អាណត្តិ​ទី​ ២ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ប្រព័ន្ធ​ធនាគារ កណ្ដាល​សហរដ្ឋអាមេរិក​។

ទោះជា​យ៉ាងនេះ​ក្ដី តម្លៃ​មាស​ដែលជា​តម្លៃ​បញ្ច្រាស​ទៅ​ប្រាក់​ដុល្លារ​អាមេរិក ឥឡូវ នេះ​កំពុង​បង្កើត​ទំនោរ​កើនឡើង ខណៈ​ដែល​ជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី Omicron បាន​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ គេហទំព័រ Investing.com បានឱ្យ​ដឹងថា​៖ «​វីរុស Omicron បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន​បិទ​ព្រំដែន​របស់​ពួកគេ​រួចទៅហើយ ហើយ​កំពុង​គំរាមកំហែង​ដល់​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​»​។

លោក Jerome Powell ក៏បាន​និយាយ​ដែរ​ថា​៖ «​ការកើនឡើង​នៃ​ករណី​កូវីដ​ ១៩ ថ្មីៗ និង​ការលេចឡើង​នៃ​វីរុស Omicron បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​កំណើន​ការងារ និង​សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​ការកើនឡើង​នូវ​ភាពមិន​ច្បាស់លាស់​សម្រាប់​អតិផរណា​»​។ ក្នុង​ករណី​នេះដែរ សហរដ្ឋអាមេរិក​បាន​ដាក់​បម្រាម​ការធ្វើដំណើរ​លើ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយចំនួន ដែលមាន​ការឆ្លង​រាលដាល​ខ្លាំង​។ ម្យ៉ាងទៀត​បញ្ហា​នេះ​អាច​កាត់បន្ថយ​ឆន្ទៈ​របស់​មនុស្ស​ក្នុង​ការធ្វើ​ការងារ​ដោយផ្ទាល់ ដែល​នឹងធ្វើ​ឱ្យមាន​ដំណើរការ​យឺតយ៉ាវ​ក្នុង​ទីផ្សារការងារ និង​ធ្វើឱ្យមាន​ការរំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​កាន់តែ​ខ្លាំង នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក Jerome Powell ។

តាម​លក្ខណៈ​បច្ចេកទេស​វិញ តម្លៃ​មាស​កំពុង​ប្រែប្រួល​ក្នុង​ចន្លោះ​តម្លៃ​ពី ១ ៧៧០ ទៅ ១ ៨២០ ​ដុល្លារ ហើយ​កំពុង​បង្កើត​ទម្រង់​នៃ​ទំនោរ​កើនឡើង​ក្នុង​ប្រអប់​ទីផ្សារ​។ ដូច្នេះ សម្រាប់​សប្តាហ៍​នេះ វិនិយោគិន​​អាច​រង់ចាំ​ទិញ​មាស​នៅ​តម្លៃ​ទាប​ជា​មធ្យម​ ១ ៧៨០ ​ដុល្លារ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៧៧០ ​ដុល្លារ​៕