សហរដ្ឋអាមេរិក៖Square ជា​ក្រុមហ៊ុន​ទូទាត់​ឌីជីថល ដែល​ត្រូវបាន​សហស្ថាបនិក និង​នៅតែ​ដឹកនាំ​ដោយ​លោក Jack Dorsey អតីត​ប្រធាន​ក្រុមហ៊ុន Twitter កាលពី​ថ្ងៃ​ពុធ​បាន​ប្តូរ​ឈ្មោះ​សាជីវកម្ម​របស់ខ្លួន​ទៅជា Block ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ ពង្រីក​ទៅជា​រូបិយប័ណ្ណ​ឌីជីថល និង​ឧបករណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​។

កម្មវិធី​ទូទាត់​របស់​ក្រុមហ៊ុន​ Square ​ដែលជា​ការផ្តល់ជូន​តែ​ ១ ​គត់​របស់​ក្រុមហ៊ុន​មួយ​នេះ​នៅពេល​ដែល​វា​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ San Francisco ដោយ​លោក​ Jim McKelvey ​និង​លោក​ Dorsey កាលពី​ឆ្នាំ​ ២០០៩ ​នឹង​រក្សា​ឈ្មោះ​របស់ខ្លួន ហើយ​ក្រុមហ៊ុន​សាធារណៈ​នៅពេល​នេះ​នឹង​បន្តធ្វើ​ពាណិជ្ជកម្ម​ក្រោម​និមិត្តសញ្ញា "SQ"​។

ក្រុមហ៊ុន Square បាន​ចាប់ផ្តើម​ផ្តល់​អាជីវកម្ម​ខ្នាតតូច​ជាមួយ​នឹង​ឧបករណ៍​ដែល​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ស្មាតហ្វូន ឬ​កុំព្យូទ័រ​ថេប្ល៊ិត ដើម្បី​ដំណើរការ​ការទូទាត់​កាត​ឥណទាន ឬ​ឥណពន្ធ​។

ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន​មួយ​នេះ​បាន​ពង្រីក​ដើម្បី​រួមបញ្ចូល​កម្មវិធី​ Cash App និង​សេវាកម្ម​ចាក់​តន្ត្រី Tidal របស់ Jay-Z ។

លោក Dorsey បាន​និយាយ​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ យើង​បាន​បង្កើត​យីហោ​ក្រុមហ៊ុន Square សម្រាប់​អាជីវកម្ម Seller របស់​យើង​ជា​កន្លែង​ដែលជា​កម្មសិទ្ធិ​»​។

« Block គឺជា​ឈ្មោះ​ថ្មី​មួយ ប៉ុន្តែ​គោលបំណង​នៃ​ការពង្រឹង​សេដ្ឋកិច្ច​របស់​យើង​នៅតែ​ដដែល​«​។

ការផ្លាស់ប្តូរ​ឈ្មោះ​សាជីវកម្ម​គឺ​មានន័យថា​ជា​ការយល់ព្រម​មួយ ដើម្បី​រីកចម្រើន​របស់​ក្រុមហ៊ុន ហើយ​នឹងមិន​ពាក់ព័ន្ធ​នឹង​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នោះទេ​។ នេះ​បើ​យោងតាម Block ។

ថ្មីៗ​នេះ ក្រុមហ៊ុន Facebook បាន​ប្តូរ​ឈ្មោះ​សាជីវកម្ម​របស់ខ្លួន​ទៅជា Meta ជា​វិធានការ​ស្រដៀង​គ្នា​នេះដែរ​ ខណៈ​ដែល ក្រុមហ៊ុន Google កាលពី​ជា​ច្រើន​ឆ្នាំមុន​បាន​ប្តូរ​ឈ្មោះ​សាជីវកម្ម​ទៅជា​ក្រុមហ៊ុន​ Alphabet ។

ក្រុមហ៊ុន Square បាន​ឲ្យ​ដឹង​នៅក្នុង​វេទិកា នៅក្រោម​ Twitter ​របស់​លោក​ Dorsey ​អំពី​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ​ថា​៖ «​មិនមែន​ដើម្បី​ទទួលបាន​ Meta ​ទាំងអស់​នោះទេ​... ប៉ុន្តែ​យើង​នឹង​ទទួលយក​«​។

លោក Dorsey បាន​ស្ថិតនៅក្រោម​សម្ពាធ​កាលពី​ឆ្នាំ ២០២០ ​ពី​ក្រុមហ៊ុន​ Elliott Management ចំពេល​មាន​ការព្រួយបារម្ភ​ថា​គាត់​បាន​ពង្រីក​ខ្លួនឯង​ខ្សោយ​ពេក តាមរយៈ​ការដំណើរការ​ទាំង​ក្រុមហ៊ុន​ Twitter និង​ក្រុមហ៊ុន​ Square ។

លោក Parag Agrawal ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Twitter បាន​ឡើង​កាន់តំណែង​កំពូល​នេះ ដោយ​លោក Dorsey បាន​ឲ្យ​ដឹងថា លោក​នឹង​នៅតែ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​រហូតដល់​ខែឧសភា ដើម្បី​ជួយ​ដល់​ការផ្លាស់ប្តូរ​នេះ​៕ LA