ភ្នំពេញៈ ក្រសួង​ទេសចរណ៍ បានដាក់​ចេញ​ការស្ទង់មតិ​ទេសចរ​ផ្ទៃក្នុង​អំពី​ «​ចំណង់​ចំណូលចិត្ត និង​ឥរិយាបថ​របស់​ទេសចរ​ផ្ទៃក្នុង​» ​ដើម្បី​ទទួលបាន​ធាតុ​ចូល​បន្ថែម​សម្រាប់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ការស្ទង់មតិ​នេះ​នឹង​អនុញ្ញាត​ឱ្យ​សាធារណជន ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ទាំង​ទេសចរ​ជាតិ និង​បរទេស​ក្នុង​ស្រុក​ទាំងអស់​ចូលរួម​ជួយ​បំពេញ​កម្រង​សំណួរ​នេះ​ដូច​មាន​តំណ​ភ្ជាប់​៖ https://forms.gle/j9zf9pDGsa2HKrPF9​។

ក្រសួង​ទេសចរណ៍​ឱ្យដឹងថា​៖ «​មតិយោបល់​របស់លោក​អ្នក​ទាំងអស់ គឺ​ពិតជា​មាន​តម្លៃ​សម្រាប់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍-ទេសចរណ៍​កម្ពុជា ឆ្នាំ​ ២០២១-២០៣៥​។ រាល់​ព័ត៌មាន​ទទួលបាន​តាម​កម្រង​សំណួរ​នេះ គឺ​អនាមិក ត្រូវ​រក្សា​ជា​ការសម្ងាត់ និង​ប្រើប្រាស់​សម្រាប់តែ​ក្នុង​ការសិក្សា​នេះ​ប៉ុណ្ណោះ​»​។

លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្មវិធី​ស្ទង់​មតិ​ទេសចរ​ផ្ទៃ​ក្នុងនេះ​ទើបបាន​ដាក់ចេញ​កាលពី​ពេល​ថ្មីៗ ដោយ​កន្លងមក​ក្រសួង​ទេសចរណ៍ មាន​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍-ទេសចរណ៍ ឆ្នាំ​ ២០១២-២០២០​។ លោក​បន្តថា ពេលនេះ​ដល់​ឆ្នាំ​ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ហើយ​។

លោក​ថ្លែងថា​៖ «​ផែនការ​អភិវឌ្ឍន៍-ទេសចរណ៍​ជាតិ​នេះ​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​»​។

ទោះយ៉ាងណា​លោក ជួប រតនា ប្រាប់ថា មិន​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​លក្ខណៈ​បច្ចេកទេស​នៅឡើយ​ទេ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ការដាក់ចេញ​ការស្ទង់មតិ​របស់​ក្រសួង​ទេសចរណ៍​ពី​ចំណង់-ចំណូលចិត្ត និង​ឥរិយាបថ​ទេសចរ​ផ្ទៃក្នុង​នេះ គឺ​ដើម្បី​ដាក់ចេញ​យុទ្ធសាស្ត្រ​នៃ​ការស្ទង់មតិ​ដ៏ល្អ​។ លោកស្រី​អះអាង​ថា​៖ «​ទេសចរ​ផ្ទៃក្នុង​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​កំណើន​សេដ្ឋកិច្ច​ដូច្នេះ​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​តម្រូវការ និង​ឥរិយាបថ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ឱ្យបាន​ស៊ីជម្រៅ ដើម្បី​ចូលរួមចំណែក និង​ជំរុញ​ទេសចរ​ផ្ទៃក្នុង​ក៏ដូចជា​អភិវឌ្ឍន៍​សម្រាប់​ទេសចរ​ផ្ទៃក្នុង​»៕ LA