នៅ​ពេល​ព្រលឹម​ស្រាងៗ ខណៈ​ដែល​មនុស្ស​ភាគច្រើន​កំពុង​លង់​លក់​ក្នុង​ដំណេក​នាវិក​បុរស​មួយ​ក្រុម​កំពុង​បញ្ឆេះ​ម៉ាស៊ីន​ទូក​របស់​ពួកគេ ស្រាយ​ខ្សែពួរ ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ដើម្បី​ប្រមូល​គ្រឿង​សមុទ្រ​ស្រស់ៗ។ ទន្ទឹម​នឹង​ការ​រង់ចាំ​ទូក​នេសាទ ដែល​ឆ្ងាយ​ពី​ច្រាំង​ជាច្រើន​ម៉ោង​នោះ​ អ្នកស្រី ទូច ម៉ូវ និង​កូនប្រុស​ក៏​កំពុង​រៀបចំ​តូប​លក់​បណ្តើរៗ​សម្រាប់​ថ្ងៃ​លក់​ដ៏​មមាញឹក​របស់​ពួកគាត់​​នៅ​ផ្សារ​ត្រី។

ស្ត្រី​ដែល​មាន​បទ​ពិសោធ​រយៈពេល​ជាង ២០ ឆ្នាំ ក្នុង​អាជីវកម្ម​ជលផល​សមុទ្រ​ អ្នកស្រី ទូច ម៉ូវ បាន​ប្រែ​ក្លាយ​ស្ថានភាព​គ្រួសារ​របស់​គាត់​ចេញ​ពី​ការ​ចាប់​ផ្តើម​ដំបូង​ជា​អ្នក​នេសាទ​ធម្មតា​ទៅ​ជា​សហគ្រិន​នេសាទ​សមុទ្រ​ដ៏​ល្បី​និង​ជា​អ្នក​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ​ធំ​ជាងគេ​នៅ​ក្នុង​ខេត្ត​កោះកុង។ អ្នកស្រី​ក៏​ជា​អតិថិជន​សហគ្រិន​ស្ត្រី​ដែល​ទទួល​បាន​ជោគជ័យ​របស់​អម្រឹត​ម្នាក់​ផងដែរ។

សំណួរទី១៖ ក្នុង​នាម​ជា​សហគ្រិន​នេសាទ​សមុទ្រ តើ​អ្នកស្រី​ត្រូវ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​អ្វី​ខ្លះ?

បច្ចុប្បន្ន ខ្ញុំ​មាន​ទូក​នេសាទ​ខ្នាត​មធ្យម​ចំនួន​ ២ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ពិសេស​ដើម្បី​ប្រមូល​ផល​បង្គា​និង​ក្តាម​រួម​ជាមួយ​នឹង​ទូក​នេសាទ​ពាណិជ្ជកម្ម​ដែល​ខ្ញុំ​ជួល​ចំនួន ២០ ផ្សេង​ទៀត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចែកចាយ​គ្រឿង​សមុទ្រ​ស្រស់ៗ​ជាង​មួយ​តោន​រៀងរាល់​ថ្ងៃ​ទៅ​កាន់​ទីផ្សារ​ក្នុង​ស្រុក។ ខ្ញុំ​លក់​ក្តាម បង្គា មឹក និង​ផលិតផល​គ្រឿង​សមុទ្រ​គ្រប់​ប្រភេទ​ចែកចាយ​ទៅ​កាន់​អតិថិជន​ទូទាំង​ប្រទេស​ចាប់​ពី​អាជីវករ​ក្នុង​ស្រុក ឈ្មួញ​កណ្តាល​ហាង​លក់​រាយ​ភោជនីយដ្ឋាន និង ថែម​ទាំង​ក្រុម​ហ៊ុន​កែច្នៃ​ពាណិជ្ជកម្ម​ដែល​នាំ​ចូល​ផលិតផល​សមុទ្រ​ពី​ប្រទេស​ជិត​ខាង​ផងដែរ។

សំណួរទី២៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​រួម​ចំណែក​ដល់​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​របស់​អ្នកស្រី?

កត្តា​សំខាន់​បំផុត​គឺ ខ្ញុំ​មាន​ផលិតផល​ច្រើន​មុខ អាច​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​អតិថិជន​គ្រប់​ពេល​វេលា ហើយ​ផលិតផល​សុទ្ធ​សឹង​តែ​មាន​គុណភាព​ខ្ពស់! ផលិតផល​គ្រប់​យ៉ាង​ទាំងអស់​សុទ្ធ​តែ​ស្រស់​និង​ថ្មី​គ្រប់​ពេល​វេលា​ក្នុង​ស្ថានភាព​ល្អ​បំផុត។

ជាធម្មតា ទូក​នេសាទ នឹង​កំណត់​ការងារ​នេសាទ​ពី​ ៣០ ទៅ ៤៥ ថ្ងៃ​ក្នុង​មួយ​លើក​ក្នុង​រដូវប្រាំង និង រហូត​ដល់ ៦ ខែ​ក្នុង​រដូវវស្សា។ ប៉ុន្តែ យើង​មិន​អាច​ចាំ​ការ​ត្រឡប់​មក​វិញ​របស់​ពួកគេ​នោះ​ទេ។​ដើម្បី​ធានាថា​ផលិតផល​មាន​គុណភាព​ល្អ​បំផុត ស្វាមី​របស់​ខ្ញុំ​និង​ក្រុម​របស់​គាត់ ធ្វើ​ដំណើរ​ចេញ​ទៅ​សមុទ្រ​រៀង​រាល់​ព្រឹក​ដើម្បី​យក​គ្រឿង​សមុទ្រ​ស្រស់ៗ​ពី​ទូក​នេសាទ​របស់​យើង​ដែល​មាន​ស្រាប់ ព្រម​ទាំង​ទូក​នេសាទ​ដែល​យើង​បាន​ម៉ៅ​ទំនិញ​ផងដែរ។

នៅពេល​ពួកគេ​មក​ដល់​ផ្សារ​ត្រី​ភ្លាម​ ពួកយើង​នឹង​វេច​ខ្ចប់​គ្រឿង​សមុទ្រ​ទាំង​នោះ​ភ្លាមៗ​ហើយ​ដឹក​ជូន​អតិថិជន​ទូទាំង​ប្រទេស។ ហើយ​មួយ​ចំណែក​នៅ​សល់​នឹង ត្រូវ​លក់​ក្នុង​តម្លៃ​លក់​រាយ​ដល់​អាជីវករ​ក្នុង​មូលដ្ឋាន​។ បន្ទាប់​ពីនោះ យើង​នឹង​លក់​ឡៃឡុង​ក្នុង​តម្លៃ​ទាប​បំផុត​ប្រសិន​បើ​គ្រឿង​សមុទ្រ​ទាំង​នោះ មិន​អាច​លក់​អស់​មុន​ថ្ងៃ​ត្រង់។ យើង​ចង់​បាន​អ្វី​ៗ​ស្រស់ៗ​និង​ថ្មីៗ ដូច្នេះ​យើង​មិន​ស្តុក​ផលិតផល​ទាំង​នោះ​សម្រាប់​ថ្ងៃ​បន្ទាប់​នោះ​ទេ។

ទិដ្ឋភាព​ព្រឹក​ព្រលឹម ក្នុង​ផ្សារ​ក្តាម នៃ​ខេត្ត​កោះកុង។

សំណួរទី៣៖ សូម​បងស្រី​ជួយ​សង្ខេប​ពី​ដំណើរ​ដើម​ទង​ដែល​បណ្តាល​ឱ្យ​អ្នក​ស្រី​ក្លាយ​ជា​សហគ្រិន​ស្រ្តី​ក្នុង​អាជីវកម្ម​គ្រឿង​សមុទ្រ!

ឱកាសដំបូង​របស់​ខ្ញុំ​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៥ ក្នុង​អំឡុង​ពេល​ដែល​នាវា​នេសាទ​ពាណិជ្ជកម្ម​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ថៃ បាន​ឈប់​ដំណើរការ​ដោយសារ​តែ​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​លើ​ការ​នេសាទ​សមុទ្រ។ នាវា​នេសាទ​ជាច្រើន​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ទាប​ ដូច្នេះ​ខ្ញុំ​បាន​ឆ្លៀត​ឱកាស​មាស​នេះ​ ដើម្បី​ទិញ​នាវា​នេសាទ​ពាណិជ្ជកម្ម​ដំបូង​របស់​ខ្ញុំ​ដែល​នាំ​ខ្ញុំ​ទៅ​កាន់​ផ្លូវ​នៃ​ភាព​ជា​សហគ្រិន។

ខណៈ​ពេល​ដែល​ស្វាមី​របស់​ខ្ញុំ​គ្រប់គ្រង​លើ​ទូក​នេសាទ​ ខ្ញុំ​បាន​ផ្តោត​លើ​ការ​ចាប់​ផ្តើម​អាជីវកម្ម​នេសាទ​ខ្នាតតូច​មួយ​ដោយ​ផ្តោត​ជាពិសេស លើ​ភាព​ស្រស់​និង​គុណភាព​នៃ​ផលិតផល​របស់​ខ្ញុំ។ អាជីវកម្ម​របស់​ខ្ញុំ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ដ៏ខ្លី​ដោយសារ​ការ​ប្រាប់​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ពី​សំណាក់​អតិថិជន​របស់​ខ្ញុំ​រហូត​ដល់​ខ្ញុំ​មិន​អាច​បំពេញ​តាម​ការ​បញ្ជា​ទិញ​បាន។

ខ្ញុំ​ក៏​បាន​ទិញ​ទូក​នេសាទ​ខ្នាត​មធ្យម​មួយ​ទៀត​ហើយ​បាន​ចុះ​កិច្ច​សន្យា​ម៉ៅ​ទំនិញ​ជាមួយ​នាវា​នេសាទ​ផ្សេងៗ​ទៀត​ដើម្បី​ធានា​ថា ការ​ផ្គត់ផ្គង់​គឺ​អាច​រក​បាន​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន។​នៅ​ចំណុច​មួយ​ការ​បញ្ជា​ទិញ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​បាន​កើន​ឡើង​ដល់​ជាង ២ តោន ប៉ុន្តែ​វា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​នៅ​ត្រឹម ១ តោន​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ សង្ឃឹម​ថា អ្វីៗ​នឹង​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ខ្ញុំ​អាច​ធ្វើ​តាម​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ។

សំណួរទី៤៖ តើ​អ្វី​ជា​ដំបូន្មាន​របស់​អ្នក​ស្រី​សម្រាប់​ស្ដ្រី​វ័យក្មេង ដែល​ប្រាថ្នា​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម?

ជោគជ័យ​អាជីវកម្ម​មិន​អាច​សម្រេច​បាន​ក្នុង​មួយ​រយៈខ្លី​នោះ​ទេ។​ អ្វីៗ​ទាំងអស់​គឺ​អាស្រ័យ​លោក​ខ្លួន​អ្នក​ផ្ទាល់ និង​អ្វី​ដែល​អ្នក​ជឿជាក់។ វា​បូកផ្សំ​គ្នា​រវាង​កិច្ច​ខិតខំ​ប្រឹងប្រែង​តិចតួច ដែល​យើង​បាន​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ព្យាយាម​និង​ការ​អត់ធ្មត់ច្រើន។ ចូរ​ប្រើ​អ្វី​ដែល​អ្នក​មាន​ឱ្យបាន​ច្រើន​បំផុត។ ជានិច្ចកាល ត្រូវ​ស្វែង​រក​ឱកាស​នោះ​ ជោគជ័យ​នឹង​រត់​មក​រក​អ្នក​ជា​មិន​ខាន៕