ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ» ត្រូវបានសម័យប្រជុំព្រឹទ្ធសភាជាតិ អនុម័តទាំងស្រុងដោយមិនមានការកែប្រែ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែលបានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទៅចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ខាងលើ បានលើកឡើងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដែលព្រះរាជាណាចក្រកម្ពុជានឹងទទួលបានពីសេចក្តីព្រាងច្បាប់នេះ ដែលក្នុងនោះរួមមាន ការទទួលបាននីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច និងការបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ដើម្បីរួមចំណែកដ៏សំខាន់ដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន។

លោកបានបន្ថែមថា៖ «រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ តែងតែខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយ និងអាណត្តិប្រគល់ជូនដោយរាជរដ្ឋាភិបាល ជាពិសេសប្តេជ្ញាខិតខំប្រឹងប្រែងកសាងច្បាប់ និងបទដ្ឋានគតិយុត្តលើវិស័យពាណិជ្ជកម្ម និងសហការជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជន សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»។

ជាលទ្ធផល ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចមក សម័យប្រជុំព្រឹទ្ធសភា វិសាមញ្ញ នីតិកាលទី៤ បានពិនិត្យ និងអនុម័តទាំងស្រុងដោយមិនមានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

ជាកិច្ចបញ្ចប់ លោក ប៉ាន សូរស័ក្តិ ក្នុងនាមរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អង្គប្រជុំ ដែលបានពិនិត្យអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ហើយលោកសង្ឃឹមថា ច្បាប់នេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងសហគមន៍អាស៊ាន៕