ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់ ២០ ​ពាន់​លាន​យ៉េន​ជប៉ុន​ (១៨០ ​លាន​ដុល្លារ​) ​ដំណាក់កាល​ទី​ ២ សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​ការស្តារ​សេដ្ឋកិច្ច-សង្គម​ឡើងវិញ​។

នេះ​បើតាម​ការលើកឡើង​របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្នុងជំនួប​ជាមួយ​លោក Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោកស្រី KAMEI Haruko ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​កម្ពុជា ដែល​គ្រោង​នឹង​ចុះហត្ថលេខា​នៅ​អំឡុង​ខែធ្នូ​នេះ​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា រដ្ឋាភិបាល​ជប៉ុន​តែង​ជួយ​គាំទ្រ​ទាំង​សម្ភារ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ចូលរួម​ចំណែក​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ការលើកស្ទួយ​សុខុមាលភាព​សង្គម និង​ការអភិវឌ្ឍ​កម្ពុជា ជាពិសេស​ថ្មីៗ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​បន្ត​ជួយ​គាំទ្រ​ជា​ហិរញ្ញប្បទាន​បន្ថែមទៀត​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម រួមមាន វិស័យ​សុខាភិបាល និង​ទឹកស្អាត​ជាដើម​។

លោក​ក៏​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា​លើ​ការជំរុញ​ការវិនិយោគ​នានា​នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ដែល​តែង​យកចិត្ត​ទុកដាក់ និង​បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ស្ទើរ​គ្រប់វិស័យ និង​ចំ​ទិសដៅ​។

លោក​បញ្ជាក់ថា សកម្មភាព​ទាំងនេះ​ឆ្លុះបញ្ចាំង​អំពី​តួនាទី​ជប៉ុន​ដែលជា​ «​ដៃគូ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​» ​ដ៏សំខាន់​ក្នុង​ការចូលរួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្ពុជា​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឥណទាន​សម្បទាន​ដំណាក់កាល​ទី​ ២ ​នេះ​នឹង​យកទៅ​ប្រើ​ជា​ថវិកា​បន្ថែម​ពីលើ​ថវិកា​របស់​រដ្ឋ​ដែល​បាន​ត្រៀម​ទុក​។ លោក​ថ្លែងថា​៖ «​កម្ពុជា​សាទរ​គ្រប់​ដៃគូ​ដែល​ចង់​ជួយ ហើយ​ប្រាកដ​ណាស់​យើង​នឹង​យកទៅ​ប្រើប្រាស់​ឱ្យចំ​គោលដៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​កូវីដ​ក៏ដូចជា​ការលើកស្ទួយ​សេដ្ឋកិច្ច​»​។

លោក ហុង វណ្ណៈ អ្នកវិភាគ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បានឱ្យ​ដឹងថា ការផ្តល់​ឥណទាន​សម្បទាន​ដំណាក់កាល​ទី​ ២ របស់​ជប៉ុន ពិតជា​មាន​សារៈប្រយោជន៍ ដោយសារ​កម្ពុជា​រងគ្រោះ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ រយៈពេល​ជិត ២ ​ឆ្នាំ​មកហើយ ដូចនេះ​ការផ្តល់​នេះ គឺ​ពិតជា​ចំ​គោលដៅ​។

លោក​បន្ថែមថា ជិត ៣០ ​ឆ្នាំ​មកនេះ ជប៉ុន គឺជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ជាច្រើន​មក​កម្ពុជា ដោយ​មួយចំនួនធំ​ជា​ជំនួយឥតសំណង​។ លោក​និយាយថា​៖ «​យើង​ដឹង​ហើយ​ថា កាលណា​យើង​ប្រើប្រាស់​ថវិកា​ជំនួយ​របស់​ជប៉ុន​ប្រកប​ដោយ​តម្លាភាព និង​សេចក្តី​ថ្លៃថ្នូរ ខ្ញុំ​គិតថា ប្រទេស​ជប៉ុន​នឹង​បន្ត​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​ទៀត ដែល​វា​ជា​តម្រូវការ​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចសង្គម ពិសេស​ក្រោយ​ដំណាក់កាល​កូវីដ​ ១៩»៕ LA