ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ស្រូវ-អង្ករ នៅក្នុង​បរិមាណ​សរុប​ជាង ៣,៦ ​លាន​តោន នា​រយៈពេល​ ១១ ​ខែ​ឆ្នាំ​ ២០២១ ក្នុងតម្លៃ​សរុប ១ ០០១ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ឱ្យដឹងថា ចាប់ពី​ខែ​មករា-វិច្ឆិកា ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​អង្ករ​ក្នុង​បរិមាណ​សរុប ៥៣២ ១៧៩ ​តោន ថយចុះ ១១,៤៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៦០១ ០៤៥ ​តោន​។ ប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​អង្ករ​មាន​ចំនួន ៤៥៤ ៤៨០ ៨៦៦ ​ដុល្លារ​។ ចំណែក​ការនាំចេញ​ស្រូវ​ក្នុង​រយៈពេល​ខាងលើ​សម្រេចបាន ៣ ១២៣ ២៤២ ​តោន​ (​ទៅ​ប្រទេស​វៀតណាម​) កើនឡើង ៧៥,៧៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០២០​។ ទឹកប្រាក់​ទទួលបាន​ពី​ការនាំចេញ​ស្រូវ​មាន ៥៤៦ ៥៦៧ ៣៥០ ​ដុល្លារ​។

ទីផ្សារ​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា រួមមាន សហភាព​អឺរ៉ុប​ (២២ ​ប្រទេស​) ១៣៤ ៤៣៨ ​តោន ធ្លាក់ចុះ ២៨,៦៦ ​ភាគរយ ប្រទេស​ចិន ២៦៥ ២៤៤ ​តោន កើន ១២,៩០ ​ភាគរយ តំបន់​អាស៊ាន​ (៧ ​ប្រទេស​) ៥៤ ៣៥០ ​តោន ថយចុះ ៣០,៥១ ​ភាគរយ និង​ទិសដៅ​ដទៃទៀត​ (២៤ ​ប្រទេស​)​ មាន​ ៧៨ ១៤៧ ​តោន ធ្លាក់ ២១,៤៣ ​ភាគរយ​។ អង្ករ​នាំចេញ រួមមាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ ៣៨៩ ៩១២ ​តោន ស្មើនឹង​ ៧៣,២៧ ​ភាគរយ​អង្ករស​គ្រប់​ប្រភេទ ១៣២ ៦៧៥ ​តោន ស្មើនឹង ២៤,៩៣ ​ភាគរយ និង​អង្ករ​ចំហុយ ៩ ៥៩២ ​តោន ស្មើនឹង ១,៨០ ​ភាគរយ​។

ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​សរុប ៦១ ហើយ​បរិមាណ​អង្ករ​ដែល​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ១០ មាន​រហូតដល់ ៣៩៣ ១៣១ ​តោន​ (​ស្មើ​ ៧៣,៨៨ ​ភាគរយ​) និង​ក្រុមហ៊ុន​ ៥១ ​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ១៣៩ ០៤៨ ​តោន​ (២៦,១២ ​ភាគរយ​)​។

ដោយឡែក​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ការនាំចេញ​អង្ករ សម្រេច​បាន ៧២ ០១០ ​តោន កើនឡើង ១១,២៣ ​ភាគរយ​បើ​ធៀប​នឹង​ខែ​វិចិ្ឆកា ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៦៤ ៧៤០ ​តោន​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ចាន់ សុខឃាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ថា ការធ្លាក់ចុះ​បរិមាណ​នៃ​ការនាំចេញ​អង្ករ​គឺ​បណ្តាលមកពី​តម្លៃ​ដឹកជញ្ជូន​កើនឡើង​ខ្ពស់ និង​កង្វះ​ទូ​កុងតឺន័រ​សម្រាប់​ដាក់​អង្ករ​ (​ប្រភេទ​កុងតឺន័រ ២០ ​ហ្វីត​) ដែល​បញ្ហា​នេះ​បាន​កើនឡើង​តាំងពី​ដើមឆ្នាំ ​២០២១ មក​។ ស្ថានភាព​នេះ​បានធ្វើឱ្យ​ការនាំចេញ​អង្ករ​ទៅ​គោលដៅ​ឆ្ងាយៗ​ជួប​បញ្ហា​ខ្លាំង ពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ លោក​បន្ថែមថា ទោះយ៉ាងណា​រយៈពេល​ ២-៣ ​ខែ​ចុងក្រោយ​នេះ​បរិមាណ​នៃ​ការនាំចេញ​អង្ករ​បានចាប់ផ្តើម​រើប​ឡើងវិញ​បណ្តើរៗ​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​មូលហេតុ​ការនាំចេញ​ធ្លាក់ចុះ​គឺ​ដោយសារ​តម្លៃ​ដឹកជញ្ជូន​នៅតែ​ខ្ពស់​ដែល​ធ្វើឱ្យ​ក្រុមហ៊ុននាំចេញ​សម្រេច​ពន្យារពេល ឬ​ពិបាក​ក្នុង​ការរកប្រាក់​ចំណេញ​»​។

សម្រាប់​បរិមាណ​នាំចេញ​នៅ​ឆ្នាំ​ ២០២២ ខាងមុខ លោក សុខឃាំង ប្រាប់ថា លោក​មិន​ហ៊ាន​វាយតម្លៃថា​នឹងមាន​ស្ថានភាព​បែបណា​នោះទេ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​និយាយថា បើទោះបី​ស្ថានភាព​នៃ​ការដឹកជញ្ជូន​នៅក្នុង​ស្រុក​មាន​ដំណើរការ​ល្អជា​ធម្មតា ប៉ុន្តែ​ការដឹកជញ្ជូន​ជា​អន្តរជាតិ ពិសេស​តាម​ផ្លូវទឹក គឺ​នៅតែ​ជួប​បញ្ហា​ប្រឈម​ច្រើន​ទាក់ទង​នឹង​តម្លៃ​ដឹកជញ្ជូន​ដែល​កើនឡើង​ខ្ពស់​។ បញ្ហា​ទាំងនេះ​គឺ​កើតមាន​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ឆ្លង​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។

លោក​អះអាង​ថា​៖ «​ឧបសគ្គ​នៃ​តម្លៃ ធ្វើឱ្យ​ការដឹក​ទំនិញ​ពី​កម្ពុជា​ទៅកាន់​គោលដៅ​ឆ្ងាយៗ​ដូចជា​តំបន់​អឺរ៉ុប និង​អាមេរិក​ត្រូវ​ជួប​បញ្ហា​ច្រើន​»​។

ទោះយ៉ាងណា លោក​រំពឹងថា ការធ្លាក់ចុះ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​ពិភពលោក​នា​រយៈពេល​ចុងក្រោយ​នេះ នឹង​ជួយ​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​ចាប់ពី​ដើមឆ្នាំ​ ២០២២ ធ្លាក់ចុះ​បន្តិច​មកវិញ​។

កាលពី​ឆ្នាំ​ ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន ដោយមាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ កើនឡើង ១១,៤០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕