ភ្នំពេញៈ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា ក្រសួង​តម្រូវឱ្យ​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់​ត្រូវ​តែ​មក​ដាក់​ពាក្យស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ការពារ​អ្នកប្រើប្រាស់​។

លោក ឱម តារាឫទ្ធិ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មូលហេតុ​ដែល​ក្រសួង​តម្រូវ​ឱ្យ​អាជីវកម្ម​តាម​អនឡាញ​ទាំងអស់​ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ គឺ​ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់​ទាំងអស់ ខណៈ​កន្លងមក​មាន​បញ្ហា​ជាច្រើន​រវាង​អ្នកលក់ និង​អ្នកប្រើប្រាស់​។

លោក​បន្ថែមថា នៅ​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩ អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​កាន់តែ​ពេញនិយម និង​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​បាន​ច្រើន ជាពិសេស​អាជីវកម្ម​លក់​ម្ហូបអាហារ សម្លៀកបំពាក់ និង​សម្ភារ​ប្រើប្រាស់ ប៉ុន្តែ​បញ្ហា ជម្លោះ​រវាង​អ្នកលក់ និង​អ្នក​ទិញ​យក​ទៅ​ប្រើប្រាស់​ក៏មាន​មិនតិច​ដែរ​។

លោក​លើកឡើង​ថា​៖ «​កន្លងមក​មាន​បញ្ហា​ច្រើន​ដែល​បង្កើត​ឱ្យ​មាន​ភាពមិន​ទុកចិត្ត​គ្នា​រវាង​អ្នកប្រើប្រាស់ និង​អ្នកលក់ គឺ​ពេលខ្លះ​អ្នកទិញ គាត់​ទិញ​អីវ៉ាន់​ហើយ នៅពេល​យក​ដល់​ខុសពី​ការផ្សព្វផ្សាយ ពេលខ្លះ​គេ​បង់លុយ​ហើយ គេ​យក​អីវ៉ាន់​ទៅ​ឱ្យ​មិនទាន់​ពេល​ជាដើម គឺ​បញ្ហា​កើតមាន​ច្រើនណាស់ ដូច្នេះ​យើង​មានច្បាប់​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់​ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ឬ​អ្នកទិញ​»​។

ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០២១ បាន​ជូនដំណឹង​ពី​ការពន្យារពេល​ការដាក់ពាក្យ​ស្នើសុំ លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​រហូតដល់​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២២ ដោយសារ​ក្រសួង​សង្កេតឃើញ​ថា សហគ្រាស-ក្រុមហ៊ុន​ទាំងនោះ​បាននិង​កំពុង​រៀបចំ​ឯកសារ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

បើតាម​លោក​ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្នុង​ករណី​ដែល​ក្រសួង​ពន្យារពេល​ដល់​ដើមខែ​មីនា ឆ្នាំ​ ២០២២ ប៉ុន្តែ​ក្រុមហ៊ុន និង​សហគ្រាស​ទាំងនោះ​នៅតែ​មិន​ព្រម​ដាក់ពាក្យ​ស្នើសុំ ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់ ដោយ​នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (​ការលក់ដូរ​អនឡាញ​) ហើយនឹង​អាច​ពិន័យ​ជា​ប្រាក់​រហូតដល់ ១០ ​លាន​រៀល​សម្រាប់​អាជីវកម្ម​តាម​អនឡាញ​ណា ធ្វើ​សកម្មភាព​លក់ដូរ​តាម​អនឡាញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​។

ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​មាន​ ១១ ​ជំពូក ៥១ ​មាត្រា ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ប្រញាប់​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ក្នុង​គោលដៅ​កំណត់​វិធាន និង​យន្តការ​ដើម្បី​រួមចំណែក​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម ដែល​ក្នុងនោះ​សិទ្ធិ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់​ត្រូវ​បាន​ការពារ​, ការធ្វើ​ពាណិជ្ជកម្ម​មាន​ការប្រកួត​ប្រជែង​ដោយ​សុចរិត និង​អ្នកប្រើប្រាស់​ក៏ដូចជា​ពាណិជ្ជករ ធ្វើ​សកម្មភាព​ជាមួយគ្នា​ដោយមាន​ទំនុកចិត្ត​៕ LA