ភ្នំពេញៈ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ហ្វីលីពីន ត្រូវ​រំពឹង​ថា នឹង​មាន​ភាព​រីក​ចម្រើន​ជាង​មុន បន្ទាប់​ពី​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង ២ បាន​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU)។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង ជាមួយ លោក Amb. Benedicto V. Yujuico ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន កាល​ពី​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ តាម​ប្រព័ន្ធ​អនឡាញ។

ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ហ្វីលីពីន លើក​ទី៣ ក្រោម​អធិបតីភាព លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Honorable Teodoro L. Locsin Jr រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា MoU នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចូលរួម​ជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ធុរកិច្ច​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ហ្វីលីពីន ក្នុង​វិស័យ​ជាច្រើន​ដូចជា បច្ចេកវិទ្យា​ព័ត៌មាន និង​នវានុវត្តន៍ កសិកម្ម កម្មន្តសាល អាជីវកម្ម​សិទ្ធិ​ពិសេស ទេសចរណ៍ សេវាកម្ម និង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម។ សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ក៏​បាន​សន្យា​នឹង​ចែក​រំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ទៀងទាត់ ក៏​ដូចជា​រៀបចំ​បេសកកម្ម​ធុរកិច្ច និង​វិនិយោគ សិក្ខាសាលា សន្និសីទ ការ​តាំង​ពិព័រណ៍ និង​ជំនួប​ពាណិជ្ជកម្ម​ជាដើម។

បន្ថែម​ពី​លើ​នេះ ភាគី​ទាំង ២ ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ធុរកិច្ច​ហ្វីលីពីន-កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា-ហ្វីលីពីន ដែល​មាន​ទីស្នាក់ការ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​វិនិយោគ​នៅ​ពេល​អនាគត៕