ភ្នំពេញៈ ធនាគារ​នៃ​កម្ពុជា​ (NBC) បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​យុទ្ធនាការ​ “​តោះ​! និយាយ​ពី​លុយ​៖ តក់ៗ​ពេញ​បំពង់​”Official Launch of “Let’s talk Money: Little by Little” Campaign ដែល​យុទ្ធនាការ​នេះ​ត្រូវបាន​រំពឹងថា នឹង​ជួយ​ពង្រីក​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន ក៏ដូចជា​ជួយ​កាត់បន្ថយ​ការខ្ចី​បំណុល​មិន​ត្រឹមត្រូវ​។

ការប្រកាស​ដាក់ចេញ​នូវ​យុទ្ធនាការ​នេះ​បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផ្ទាល់ និង​តាមរយៈ​អនឡាញ​ស្តីពី​ «​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ ឆ្នាំ​ ២០១៩-២០២៥ និង​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​យុទ្ធនាការ​ «​តោះ​! និយាយ​ពី​លុយ​៖ តក់ៗ​ពេញ​បំពង់​» កាលពី​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ​ ២០២១​។

ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​លោកស្រី អ៊ុក ម៉ាលី បាន​លើកឡើង​ថា យុទ្ធនាការ​“​តោះ​! និយាយ​ពី​លុយ​៖ តក់ៗ​ពេញ​បំពង់ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ ដែលជា​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​ជាតិ ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការលើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ យុទ្ធនាការ​នេះ ក៏​ជា​ឧបករណ៍​សំខាន់​មួយ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​ ២០១៦-២០២៥ ដែល​សំដៅ​ធានា​ស្ថិរភាព​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ យុទ្ធសាស្ត្រ​ជាតិ​នេះ​បានកំណត់​ពី​ចក្ខុវិស័យ និង​ទិសដៅ​ក្នុងការ​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មាន​គុណភាព ទាន់ពេលវេលា តម្លៃ​សមរម្យ និង​មាន​កិច្ចការពារ​ស្របច្បាប់ ជាពិសេស កាត់បន្ថយ​អត្រា​ស្ត្រី​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​សង្គម បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ និង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ជារួម​។

លោកស្រី អ៊ុក ម៉ាលី បាន​និយាយថា​៖ «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវបាន​ទទួលស្គាល់ថា ជា​កាតាលីករ​ដ៏សំខាន់ ដែល​អាច​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​កាត់បន្ថយ​ការខ្ចី​បំណុល​លើសលប់​»​។

យោងតាម​លោកស្រី អ៊ុក ម៉ាលី យុទ្ធនាការ​នេះ​ធ្វើឡើង​ បន្ទាប់ពី​យុទ្ធនាការ ​“​តោះ​! និយាយ​ពី​លុយ​” កាលពី​ឆ្នាំ​ ២០១៦​។ យុទ្ធនាការ ​“​តោះ​! និយាយ​ពី​លុយ​៖ តក់ៗ​ពេញ​បំពង់​” ត្រូវបាន​បង្កើតឡើង ដោយ​ផ្តោត​ជា​ចម្បង​លើ​សារៈសំខាន់​នៃ​ការគិតគូរ​ឱ្យបាន​ដិតដល់ ការថ្លឹងថ្លែង​ជម្រើស​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ និង​ការរៀបចំ​ផែនការ​សកម្មភាព ដើម្បី​ជួយ​អ្នកប្រើប្រាស់​ឱ្យទទួល​បាន​ការយល់ដឹង​កាន់តែ​ប្រសើរ​អំពី​សិទ្ធិ ការទទួល​ខុសត្រូវ និង​ការចូលរួម​ក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកឡើងថា នៅពេល​ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​ការលើកកម្ពស់​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​ការអប់រំ​ផ្លូវការ​ដល់​សិស្ស និស្សិត និង​សិក្ខាកាម​ជំនាញ យុទ្ធនាការ តោះ​! និយាយ​ពី​លុយ នឹងចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាជន​នៅតាម​តំបន់​ជនបទ ដែលមាន​លទ្ធភាព​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ប៉ុន្តែ​ទទួលបាន​ព័ត៌មាន​នៅ​មាន​កម្រិត​។

លោក Shane Nichols ប្រធាន​អង្គការ Good Return បាន​និយាយថា អង្គការ Good Return ប្តេជ្ញា​គាំទ្រ​គ្រួសារ​កម្ពុជា​តាមរយៈ​កម្មវិធី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច និង​គាំទ្រ​ការអនុវត្ត​ប្រកបដោយ​ក្រមសីលធម៌​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ លោក​បាន​បញ្ជាក់ថា​៖ «​យើងខ្ញុំ​មាន​ក្តីសោមនស្ស​រីករាយ ដែល​បាន​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការបង្កើត​យុទ្ធនាការ «​តោះ​! និយាយ​ពី​លុយ​៖ តក់ៗ​ពេញ​បំពង់​» ដ៏​មាន​សារៈសំខាន់​នេះ​»​។

លោក Kaveh Zahedi អគ្គលេខាធិការរង​អង្គការ UNESCAP បាន​លើកឡើងថា UNESCAP មាន​មោទនភាព​ដែល​បាន​ចូលរួម​គាំទ្រ​យុទ្ធនាការ «​តោះ​! និយាយ​ពី​លុយ​៖ តក់ៗ​ពេញ​បំពង់​» របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​នេះ ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នូវ​ខ្សែ​វីដេអូ​ខ្លី ដែល​បង្កប់​នូវ​សារ​យ៉ាងសំខាន់​អំពី​ការទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ សមភាព​យេនឌ័រ និង​គំនិត​សហគ្រិនភាព ដែល​ទាំងនេះ សុទ្ធសឹង​ជា​កត្តា​គន្លឹះ​ក្នុង​ការសម្រេច​បាន​នូវ​សេដ្ឋកិច្ច​ប្រកបដោយ​បរិយាបន្ន និង​និរន្តរភាព​៕

វីដេអូ៖