ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២១ មានតម្លៃ​សរុប​ជាង ១ ៩៦៤ ​លាន​ដុល្លារ កើន​ជាង ១២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។

ទិន្នន័យ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៣ ខែធ្នូ​ឱ្យដឹងថា ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​ជប៉ុន​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១ មានតម្លៃ​សរុប ១៩៦៤,២៤ ​លាន​ដុល្លារ កើនឡើង ១២,២១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​តម្លៃ ១ ៧៥០,៣៩ ​លាន​ដុល្លារ​។

យោងតាម​ទិន្នន័យ Jetro ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន ក្នុងអំឡុងពេល​ខាងលើ​មាន​ទឹកប្រាក់ ១ ៤៨៧,១៩ ​លាន​ដុល្លារ​កើនឡើង ៩,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ១ ៣៦០,១៣ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់ ៤៧៧,០៥ ​លាន​ដុល្លារ កើនឡើង ២២,២ ​ភាគរយ​ពី​ចំនួន ៣៩០,២៦ ​លាន​ដុល្លារ​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានដូចជា គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។ ចំណែក​ផលិតផល​ជប៉ុន​នាំមក​កម្ពុជា មាន​ភាគច្រើន​ជា គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើបៗ។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ ២ ១០១,៧៨ លាន​ដុល្លារ ធ្លាក់ចុះ ៨,៣៥ ភាគរយ​ធៀប​ឆ្នាំ ២០១៩ ក្នុងនោះ​ការនាំចេញ​មានតម្លៃ ១ ៦១៧,០៨ លាន​ដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និង​នាំចូល​មាន ៤៨៤,៧០ លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro​។

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុងចំណោម​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា ដែលមាន​ទឹកប្រាក់ ៣៩ ​ពាន់​លាន​ដុល្លារ ការវិនិយោគ​របស់​ជប៉ុន ស្ថិតនៅ​លេខ​រៀង​ទី​ ៥ ដោយមាន​ទឹកប្រាក់ ២,៣ ​ពាន់​លាន​ដុល្លារ​៕