ទីក្រុង​វ៉ាស៊ីនតោនៈ ប្រធាន​​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​លោកស្រី Kristalina Georgieva ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា វីរុស​បំប្លែង​ថ្មី «អូមីកុ្រង» នៃ​កូវីដ​ ១៩ ​​អាច​ពន្យឺត​​ការ​ងើប​ឡើង​វិញ​​សេដ្ឋកិច្ច​សកល ​ដូច​ដែល​​វីរុស​បំប្លែង​ដែលតា ​បាន​កើត​ឡើង។

លោក​ស្រីបាន​និយាយ​ថា៖«​វីរុស​បំប្លែង​ថ្មី ដែល​ប្រហែល​រីក​រាល​ដាល​លឿន អាច​ប៉ះពាល់​ទំនុក​ចិត្ត​ និង​ស្មារតី យើង​ទំនង​ឃើញ​ការ​ធ្លាក់ចុះ​ខ្លះ​នៃ​​ការ​ព្យាករ​ក្នុង​ខែ​តុលា​ សម្រាប់​​កំណើន​សកល»។

លោក​ស្រី Georgieva បាន​និយាយ​នៅ​ក្នុង​ការ​ព្យាករ​ សេដ្ឋកិច្ច​សកល​ថ្មីៗ​នេះ ថា ​មូលនិធិ​​បង្ហាញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ចំនួន​ ៥,៩​​ ភាគរយ​​នៅ​ឆ្នាំ​នេះ និង ៤,៩​​ ភាគរយ​នៅ​ឆ្នាំ​ ២០២២ ប៉ុន្តែ​សហរដ្ឋ​អាមេរិក ​និង​​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ផ្សេងទៀត ​រងគ្រោះ​​ការ​កែប្រែ​ធ្លាក់​ចុះខ្លាំង បន្ទាប់​ពី​ការ​រីក​រាលដាល​វីរុស​បំប្លែង ដែលតា បណ្តាល​ឱ្យ​តាន​តឹង​មួយ​ចំនួន​។

ប្រធាន IMF ​និយាយថា៖ «សូម្បី​នៅ​មុន​​ការ​មក​ដល់​នៃ​​​វីរុស​បំប្លែង​​ យើង​​ព្រួយ​បារម្ភ​​ថា ​ការ​ងើប​ឡើង​វិញ​​នៅ​តែ​បាត់បង់​កម្លាំង​ជំរុញ​មួយចំនួន» ដោយ​បាន​កត់​សម្គាល់​ថា អ្នក​ធ្វើ​គោល​នយោបាយ​​​ពេល​នេះ​កំពុង​ដោះស្រាយ​​​​បញ្ហា​ថ្មី​​ដូច​ជា​​អតិផរណា​។

ការ​ព្យាករ​ថ្មីៗ​នេះ​​របស់ ​IMF ​បាន​បង្ហាញ​​ក្តីបារម្ភថា​​បញ្ហា​​​ការ​ផ្គត់​ផ្គង់​​សកល​​ និង​​ការ​ចែកចាយ​វ៉ាក់សាំង​​មិន​ស្មើ​​​កំពុង​​​ពន្យឺត​​ការ​ងើប​ឡើងវិញនិងបណ្តាល​ឱ្យ​ប្រទេស​ខ្លះ​​ត្រូវ​គេ​បោះបង់​ចោល​។

ការ​​ងើប​ឡើង​នូវតម្រូវការ​​​ក្នុង​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​មួយចំនួន​​ប្រឈម​​ជាមួយ​​ការ​ខ្វះ​ខាត​នៃ​​​សមាភាគ​សំខាន់ៗ​ដូច​ជា​ឧបករណ៍​​អេឡិចត្រូនិក​ពាក់​កណ្តាលចម្លង​ បាន​រុញ​ច្រាន​​រលក​តម្លៃ​​ហក់​ឡើង។

មិន​ដល់​២ខែ​ផង​ ​លោក​ស្រី​ Georgieva បាន​បង្ហាញ​​​​ទំនុកចិត្ត​ថា អតិផរណា​​នឹង​​មិន​​ក្លាយ​ជា «រថភ្លើង​រត់ចេញ»​​ ប៉ុន្តែ​កាល​ពីថ្ងៃសុក្រ​ លោកស្រី​​បាន​និយាយ​ថា​ធនាគារ​កណ្តាល​អាមេរិក​នឹង​ត្រូវ​ដំឡើង​អត្រា​ការប្រាក់នៅ​ឆ្នាំ២០២២ជា​ជាង​នៅ​ឆ្នាំ២០២៣ដូច​ដែល ​IMF បាន​ព្យាករ​ពីមុន។

ធនាគារ​កណ្តាល​អាមេរិកដែល​បាន​​កាត់​​អត្រា​​​ប្រាក់កម្ចី​​​ដល់​​សូន្យ​​​នៅ​ប៉ុន្មាន​ថ្ងៃ​​នៅ​ពេល​ចាប់ផ្តើម​រីក​រាលដាល ​បាន​ចាប់​ផ្តើម​​​ដក​ចេញ​​វិធានការ​​​ជំរុញ​សេដ្ឋកិច្ច​​និង​​បាន​ចង្អុល​បង្ហាញ​​វា​​នឹង​បង្កើន​​​ដំណើរ​ការ ដែល​នឹង​​ធ្វើ​ឱ្យ​ខ្លួន​​មាន​ជំហរ​​​ដើម្បីដកចេញ​​អត្រា​​​​ការប្រាក់​សូន្យ​នៅ​ពាក់​កណ្តាល​ឆ្នាំក្រោយ។

​លោកស្រីបញ្ជាក់៖ «យើង​ពិតជា​ជឿ​ថា ​មាគ៌ា​​​ចំពោះការ​ដំឡើង​អត្រា​ការប្រាក់​គោល​នយោបាយ​ប្រហែល​ដំណើរការ​លឿន​ជាង»៕ AFP/RR