ទីក្រុងហាណូយៈ​ ​ទោះបី​ជា ផល​ប៉ះពាល់​នៃ​វិបត្តិ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​នៅតែ​បន្តមាន ​​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ​បាន​ព្យាករ​ថា ​តម្លៃ​​ពាណិជ្ជកម្ម​សរុប​របស់​វៀតណាម នៅ​ឆ្នាំ​នេះ ​ប្រហែល​សម្រេច​កំណត់​ត្រា​ថ្មី ​ចន្លោះ​ ៦៤០ និង ៦៤៥ ​ពាន់​លាន​ដុល្លារ​ ដោយ​​អតិរេក​​ពាណិជ្ជកម្ម​ស្តួច​ស្តើង។

ក្រសួង​​បាន​ភ្ជាប់​លទ្ធផល​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៃ​សហគមន៍​ធុរកិច្ច​ក្នុង​ការ​ជម្នះ​​ការ​លំបាក​នៃ​ការ​រីក​រាល​ដាល​​កូវីដ​១៩ ដើម្បី​រក្សា​និង​ស្តារ​ផលិត​កម្ម។ ​ជាក់ស្តែង​ ​ឧស្សាហកម្ម​សំខាន់ៗ ដូច​ជា វាយនភណ្ឌ ​កាត់ដេរ​សម្លៀក​បំពាក់ ​ ស្បែក​ជើង ​ស្ថិត​នៅ​លើ​ផ្លូវ​សម្រេច​បាន នូវ​ទិសដៅ​​អាជីវកម្ម​របស់​ពួកគេ ​លឿន​ជាងការ​រំពឹង​ទុក។

ពីឥឡូវ​នេះ​រហូត​ដល់​ចុង​ឆ្នាំ ​​ឧស្សាហកម្ម​ទាំង​អស់​ចាប់​យក​កាលា​នុវត្តភាព ​ដើម្បីទទួលបាន​អត្រា​កំណើន​កៀក​នឹង​កម្រិត​​មុន​ការ​រីក​រាលដាល​ដែល​បាន​ផ្ទុះ​ឡើង។ ឧស្សាហកម្ម​ទាំង​ឡាយ​ដែល​នាំ​ចេញ​ខ្ពស់ ​ដូច​ជា ទូរស័ព្ទ ​អេឡិច​ត្រូនិក ​គ្រឿង​ម៉ាស៊ីន និង​គ្រឿង​បន្លាស់ ​ទំនង​​បង្ហាញ​អត្រា​កំណើន​ចន្លោះ​​ ១៥​ ភាគរយ និង ​​២៥​ ភាគរយ​នៅ​ឆ្នាំ​នេះ។

នា​ពេលបច្ចុប្បន្ន​នេះ​ សហគ្រាស​ក្នុង​ស្រុក​ចំនួន ២០​ ភាគរយ​បាន​ទទួល​យក​ការ​លើក​ទឹកចិត្ត​ពន្ធ​នាំចេញ​ពី ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ អឺរ៉ុប-វៀតណាម (EVFTA)​ជាមួយ​នឹង​វិញ្ញាបន​បត្រ​នៃ​ប្រភពដើម ​(C/O) ។ សម្រាប់​ការដឹក​ជញ្ជូន​ទៅកាន់​សហភាព​អឺរ៉ុប​ដែល​មាន​តម្លៃ​តិច​ជាង ៦ ០០០​ អឺរ៉ូ ​សហគ្រាស​ក្នុង​ស្រុក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បញ្ជាក់​ប្រភព​ដើម​ដោយ​ខ្លួនឯង។​ នេះ​ជួយ​ធានាថា​អាជីវកម្ម​តូចៗ​មិន​ចាំបាច់​ចំណាយ​ពេល​អនុវត្ត​ C/O ​ខណៈ​ពេល​ដែល​នៅ​តែ​អាច​រីករាយ​នឹង​ការ​លើក​ទឹក​ចិត្ត​ពន្ធ។

បច្ចុប្បន្ន​នេះ​​ ការ​លំបាក​ធំបំផុត​ដែល​​សហគ្រាស​ក្នុងស្រុក​ប្រឈម គឺ​ការ​ខ្វះ​ខាត​កម្លាំង​ពេលកម្ម។ ​សហគ្រាស​មាន​មូលដ្ឋាន​ភាគខាងត្បូង ​កំពុង​ប្រឈម​ការ​លំបាក​ច្រើន ក្នុងការ​សម្របសម្រួល​នៃ​ការ​វិល​ត្រឡប់​នៃ​កម្មករ ​ដែល​បាន​ចាក​ចេញ​ពី​តំបន់ ហើយបើគ្មាន​វត្តមាន​កម្លាំងពល​កម្ម​គ្រប់គ្រាន់ទេ គេ​មិន​បាន​ស្តារផលិត​កម្ម​ឡើង​វិញ​​១០០​ភាគរយ​នោះទេ៕ VNS-ANN/RR