ទីក្រុង​ញូវយ៉កៈ ការ​បណ្តាក់​ទុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដែល​​នៅក្មេងខ្ចី​​របស់​លោក ដូណាល់​ ត្រាំ និង​ក្រុមហ៊ុន​រថយន្ត​វិនិយោគ​ដែល​ខ្លួន​កំពុង​ចាប់​ដៃគូ​ជាមួយ​បាន​និយាយកាល​ពីថ្ងៃ​សៅរ៍​ថា ​​វិនិយោគិន​ស្ថាប័ន​បាន​សន្យា​ផ្តល់​មូល​និធិ​ចំនួន ១​ ពាន់​លាន​ដុល្លារ​ សម្រាប់​អាជីវកម្ម​ទើប​​​ចាប់​ផ្តើម​​​របស់​អតីត​ប្រធានាធិប​តី។

​ក្រុមហ៊ុន​បាន​និយាយ​នៅ​​​សេចក្តី​ប្រកាស​ថា ចំនួន​ទឹកប្រាក់​​នេះ​​នឹង​បន្ថែម​​ទៅ​ចំនួន​​២៩៣​​លាន​ដុល្លារ ដែល​​សា​ជីវកម្ម​ Digital World Acquisition Corp ​បាន​​ប្រមូល​​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​​​​ដំបូង​​​ក្នុង​ខែ​​កញ្ញា​​។

Digital World គឺ​ជា​ក្រុមហ៊ុន​ទិញ​យកក្នុង​គោល​​បំណង​ពិសេស ​(SPAC) ​ដែល​​ជួន​កាល​គេហៅ​ថាក្រុមហ៊ុន​«blank check»​ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​តែ១​គត់​នៃ​ការច្របាច់​​បញ្ចូល​គ្នា​ជាមួយ​អង្គភាព​មួយ​ផ្សេង​ទៀត។

ក្រុមហ៊ុន​ត្រូវ​បាន​កំណត់​​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុនថ្មី​របស់ ​ត្រាំ គឺ​ក្រុមហ៊ុន Trump Media and Technology Group ដោយ​ភ្ជាប់​ជាមួយ​ SPAC ​ជា​​ការ​ហៅ​កាត់​ ដើម្បីលក់​ភាគហ៊ុន។

ក្រុមហ៊ុន​ទាំង ​២ បាន​និយាយ​ថា ពួកគេ​មាន​ផែនការ​​ដំណើរការ​​​​កម្មវិធី​បណ្តាញ​សង្គម «TRUTH Social» នៅ​ទូទាំង​ប្រទេស​​នៅ​ដើម​ឆ្នាំ​​ក្រោយ។

លោក​ ត្រាំ​ បាន​និយាយ​ថា ​វា​នឹង​ជា​ជម្រើសប្រកួតប្រជែង​​​​​ចំពោះក្រុមហ៊ុន​​អ៊ីនធឺណិត​​ដែល​លោក​​​និយាយ​ថា ​មាន​កា​រលម្អៀង​​​ប្រឆាំង​រូបលោក​​និង​សំឡង​​អភិរក្ស​​ផ្សេងៗ​ទៀត។

បុរស​អាយុ​ ៧៥ ​ឆ្នាំ​រូបនេះ ​ត្រូវ​បាន​គេ​បិទ​ចោល​នៅ​លើ Twitter ដែល​ជា​បណ្តាញ​ទំនាក់​ទំនង​ដែល​គាត់​ពេញ​ចិត្ត​នៅ​ពេល​ធ្វើ​ជា​ប្រធានាធិបតី ​ក៏ដូចជា​ Facebook ​និង ​YouTube បន្ទាប់​ពី​ការ​បះបោរ​កាល​ពីថ្ងៃ​ទី៧​ខែ​មករា ដែល​ក្រុម​​អ្នក​គាំទ្រ Trump បាន​ផ្ទុះ​ឡើង​ដោយ​ការអះអាង​មិន​ពិត​ម្តង​ហើយ​ម្តង​ទៀត​របស់​គាត់​អំពី​ការបោះ​ឆ្នោត​ខែ​វិច្ឆិកា ​ឆ្នាំ ​២០២០ ​ត្រូវ​​​បា​ន​​​គេ​លួច​​​ពី​​គាត់ ដោយ​​​វាយ​​ប្រហារ​​វិមាន​សភា​​អាមេរិក។

​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ មិនបាន​និយាយ​ថា ​អ្នក​ដែល​កំពុង​វិនិយោគ​​ទឹក​ប្រាក់​ ១ ពាន់​លាន​ដុល្លារ​ ទៅក្នុង​ការ​ចូលរួ​ម​ហ៊ុន​របស់​លោក​ ត្រាំ​ ទេ។

កាល​ពី​ប៉ុន្មាន​ខែ​មុន ភាគហ៊ុន​របស់ក្រុមហ៊ុន​ Digital World Acquisition Corp ​បាន​កើន​ឡើង បន្ទាប់​ពី​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​កំពុង​សហការ​គ្នា​ជាមួយ​លោកត្រាំ​ដោយ​ចាប់​ផ្តើម​ពី ១០​ ដុល្លារ ដល់ ១៧៥​ ដុល្លារ ក្នុងរយៈពេល ២ ថ្ងៃ។

ចាប់តាំង​ពី​ពេល​នោះ​មក​ វា​បាន​ត្រឡប់​មក​វិញ​បន្ទាប់​ពី​ការ​សោកសៅ​ដំបូង​នោះ ដោយ​បិទ​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​តម្លៃ ៤៥ ​ដុល្លារ ​ដែល​បាន​ផ្តល់​ឱ្យ​វា​នូវ​តម្លៃ​ទីផ្សារ​ចំនួន ១,៦៧ ​ពាន់​លាន​ដុល្លារ៕ AFP/RR