ភ្នំពេញ: កម្ពុជា​ស្នើ​ដល់​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ​ពន្លឿន​ការសិក្សា​រួម ស្តីពី​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ដើម្បី​ពង្រីក​ការនាំចេញ​របស់​កម្ពុជា​បន្ថែមទៀត ទៅកាន់​ប្រទេស​សំខាន់ៗ​ទាំង​ ៥ ​នៅក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​។

គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ជាមួយនឹង លោក Almazbek Beishenaliev ឯកអគ្គរដ្ឋទូត និង​ជា​ប្រធាន​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​សាធារណរដ្ឋ​កៀហ្ស៊ី​ស្ថាន​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ​កាលពី​ថ្ងៃទី​ ០១ ខែ​ឆ្នូ ឆ្នាំ​ ២០២១​។

លោក សុខ សុភ័ក្ត្រ បាន​បញ្ជាក់ថា ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន ពិតជា​មាន​សារៈសំខាន់​ណាស់ ជាពិសេស​ជំនួប​រវាង លោក Sooronbay Jeenbekov អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ កៀហ្ស៊ីស៊ីស្ថាន កាលពី​ឆ្នាំ​ ២០១៩ និង​គំនិត​ផ្តួចផ្តើម​ការសិក្សា​រួម​អំពី​ការបង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (Eurasian Economic Union-EAEU) ដែលជា​ទីផ្សារ​មួយ​ដ៏ធំ​គ្របដណ្ដប់​ប៉ែក​ខាង​អឺរ៉ុប​ខាង​កើត ដោយ​មាន​សមាជិក​ចំនួន ៥ ប្រទេស​រួមមាន អាមេនី (Armenia), បេឡារុស (Belarus), កាហ្សាក់ស្ថាន (Kazakhstan), កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) និង​រុស្ស៊ី (Russia) មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ២០០ ​លាន​នាក់​។

លោក​បាន​បន្តថា កម្ពុជា មាន​គោល​ជំហរ​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ និង​បានស្នើ​ភាគី​កៀហ្ស៊ីស៊ីស្ថាន​ឱ្យ​ជួយ​ពិនិត្យ​លទ្ធភាព​ពន្លឿន​ការសិក្សា​រួម​អំពី​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី នេះ​ផងដែរ​។

លោក Almazbek Beishenaliev ជា​ប្រធាន​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ​បាន​យល់ព្រម​ទទួលយក​សំណើ​របស់​គណៈប្រតិភូ​កម្ពុជា ដោយ​សន្យា ថា​នឹង​បញ្ជូន​សំណើ​នេះ ទៅ​ជម្រាប​ថ្នាក់ដឹកនាំ​សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន ដើម្បី​ពន្លឿន​ការសិក្សា​រួម​នេះ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​នេះ​បាន​មែន គឺជា​រឿង​ដ៏ប្រសើរ​បំផុត ព្រោះ​កម្ពុជា​នឹង​អាច​នាំចេញ​ផលិតផល​ជាង​ ១ ​ម៉ឺន​មុខ​ទៅកាន់​តំបន់​នេះ​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ Eurasian ​នេះ យើង​នៅមានកម្រិត​នៅឡើយ​ទេ ដូច្នេះ​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង Eurasian ​នេះ​កើនឡើង​បាន ពិសេស​ប្រទេស​រុស្ស៊ី ដែល​ធំជាងគេ​ក្នុង​ចំណោម​ ៥ ​ប្រទេស​នេះ គឺ​យើង​ត្រូវ​ជំរុញ​បន្ថែមទៀត ជាពិសេស​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​»៕