ភ្នំពេញៈ កម្ពុជា-ហ្វីលីពិន​បាន​ប្តេជ្ញា​ក្នុង​ការជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​បង្កើន​ទំហំ​នៃ​ការវិនិយោគ​ ដើម្បី​ធ្វើ​យ៉ាងណា​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំង​ ២ ​កាន់តែ​ច្រើន​បន្ថែមទៀត​។

កាលពី​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ២០២១ លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង លោក Amb. Benedicto V. Yujuico ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) តាម​ប្រព័ន្ធ​អនឡាញ​សំដៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អាជីវកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង ២​។

ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​គណៈកម្មាការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ហ្វីលីពីន​លើក​ទី​ ៣ ក្រោម​អធិបតីភាព​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ-អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Honorable Teodoro L. Locsin Jr រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​៖ «MoU នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ធុរកិច្ច​រវាង​កម្ពុជា និង សាធារណរដ្ឋ​ហ្វីលីពីន​ក្នុង​វិស័យ​ជាច្រើន​ដូចជា បច្ចេកវិទ្យា​ព័ត៌មាន និង​នវានុវត្តន៍ កសិកម្ម កម្មន្តសាល​អាជីវកម្ម​សិទ្ធិ​ពិសេស ទេសចរណ៍ សេវាកម្ម និង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​»​។

លោក គិត ម៉េង បាន​សរសេរ​លើ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ថា ក្នុងនាម​លោក​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក​សូម​ធ្វើការ​ចែករំលែក​ព័ត៌មាន​ដ៏ល្អ​នេះ អំពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក បេណាឌីកតូ វី យូជូកូ (Amb. Benedicto V. Yujuico) ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន គឺ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច បង្កើន​ពាណិជ្ជកម្ម និង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង និង​ការច្នៃប្រឌិត កសិកម្ម ផលិតកម្ម សិទ្ធិផ្តាច់មុខ ទេសចរណ៍ សេវាកម្ម និង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ចំណោម​វិស័យ​ផ្សេងៗ​ទៀត​។

លោក​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងមុតមាំ​ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច និង​ការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុជា-ហ្វីលីពីន​។ សភា​ទាំង​ ២ ​នឹង​ផ្លាស់ប្តូរ​ព័ត៌មាន​ជា​ទៀងទាត់ រៀបចំ​បេសកកម្ម​ពាណិជ្ជកម្ម និង​វិនិយោគ រៀបចំ​សិក្ខាសាលា និង​សន្និសីទ រៀបចំ​ពិព័រណ៍ និង​រៀបចំ​ការផ្គូផ្គង​អាជីវកម្ម​ផ្សេងៗ​ទៀត​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ហ្វីលីពីន វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា ដោយ​ស្នើឱ្យ​ពួកគេ​នាំចេញ​ទំនិញ​ប្រើប្រាស់​មក​ប្រទេស​កំណើត និង​ទៅកាន់​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​។

លោក​បាន​ធ្វើការ​អំពាវនាវ​នេះ​ក្នុង​ឱកាស​ចូលជួប​សម្តែង​ការគួរសម​ដោយ​លោកស្រី Maria Amelita C Aquino ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​ប្រទេស​ហ្វីលីពីន​អាច​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រោង​ម៉ាស៊ីន កិនស្រូវ សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​បង្កើត​បណ្តាញ​ទិញស្រូវ​សម្រាប់​ស្តុកទុក និង​នាំចេញ​ទៅកាន់​ប្រទេស ហ្វីលីពីន​»​។ លោក​បន្តថា កម្ពុជា​មាន​អង្ករ​ប្រហែល​ ៦ ​លាន​តោន​នៅក្នុង​ស្តុក​របស់ខ្លួន​ក្នុង​ ១ ​ឆ្នាំៗ​។

យោងតាម MoU នេះ សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ក៏បាន​សន្យា​នឹង​ចែករំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​ជា​ទៀងទាត់ ក៏ដូចជា​រៀបចំ​បេសកកម្ម​ធុរកិច្ច និង​វិនិយោគ សិក្ខាសាលា សន្និសីទ ការតាំងពិព័រណ៍ និង​ជំនួប​ជា​ពាណិជ្ជកម្ម ជាដើម​។

ភាគី​ទាំង​ ២ ក៏បាន​ឯកភាពគ្នា​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​ហ្វីលីពីន-កម្ពុជា ដែលមាន​ទីស្នាក់ការ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា-ហ្វីលីពីន ដែលមាន​ទីស្នាក់ការ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​វិនិយោគ​នៅពេល​អនាគត​៕