The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីផ្សារ​ភីហ្សា​នៅ​កម្ពុជា​កាន់តែ​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ

ទីផ្សារ​ភីហ្សា​នៅ​កម្ពុជា​កាន់តែ​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ

Content image - Phnom Penh Post
លោក ហេង សេងលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន UFG ប្រតិបត្តិករ​ Pizza Hut​។ សហការី

ទីផ្សារ​ភីហ្សា​នៅ​កម្ពុជា​កាន់តែ​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ

ខណៈ​ដែល​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ស៊ីវីល័យ តម្រូវការ​អាហារ​រហ័ស​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​ការបរិភោគ​ប្រចាំថ្ងៃ​។ ទីផ្សារ​ភីហ្សា​ត្រូវបាន​គេ​មើលឃើញ​កំណើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​រកចំណូល​បាន​ប្រហែល ១០០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ដោយ​មាន​យីហោ​ថ្មីៗ​ចូល​ទីផ្សារ ហើយ​ខ្សែចង្វាក់​ដែលមាន​ស្រាប់​នៅតែ​បន្ត​កើនឡើង​។

លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ​បាន​ជួប​សម្ភាស​លោក ហេង សេងលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន UFG ដែលជា​ប្រតិបត្តិករ​ Pizza Hut ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ដំណើរ​នៃ​ការនាំយក​យីហោ Pizza មកកាន់​កម្ពុជា និង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​របស់លោក ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ Pizza កាន់តែ​ធំ​។

តើ​មាន​ប្រវត្តិ​យ៉ាងណាដែរ​ចំពោះ​ការនាំយក​ Pizza Hut មក​កម្ពុជា​? តើ​វា​ចាប់ផ្តើម​ដោយ​របៀប​ណា​?

លោក សេងលី៖ រឿងនេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ​ ២០២០ នៅពេលដែល​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សាយោបល់​នៅ​កម្ពុជា​មួយ​បាន​ទាក់ទង​យើង ដើម្បី​បង្ហាញ​ពី​គោលបំណង​ក្នុង​ការនាំយក Pizza Hut មក​កម្ពុជា​។ ជាមួយ​គ្នា​នេះដែរ​ Yum! Brands, Inc., ​ដែលជា​យីហោ​ក្រុមហ៊ុន​របស់ Pizza Hut រំពឹងថា​នឹង​ពង្រីក​យីហោ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មួយ​នេះ​ទទួលបន្ទុក​ក្នុងការ​ស្វែងរក​ដៃគូ​ដែលមាន​សក្តានុពល​។

ដូច្នេះ​យើង​បាន​ចូលរួម​ការដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ពហុផលិតផល​នៅក្នុង​ប្រទេស​កម្ពុជា និង​ក៏​មាន​ក្រុមហ៊ុន​មួយ មកពី​ប្រទេសជិតខាង​កម្ពុជា ដែល​ចូលរួម​ការប្រកួតប្រជែង​ដេញថ្លៃ​នេះ​ផងដែរ​។ បន្ទាប់ពី​ការរៀបចំ​ដំណើរការ​នៃ​ការជ្រើសរើស​ជាច្រើន​ដង​មក យើង​មាន​កិត្តិយស និង​មោទនភាព​ក្នុង​នាម​ជា​ប្រតិបត្តិករ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ Pizza Hut លំដាប់ថ្នាក់​ពិភពលោក​នៅ​កម្ពុជា​។

មូលហេតុ​អ្វី​បានជា​លោក​ត្រូវបាន​ជ្រើសរើស ក្នុង​ចំណោម​ជា​បេក្ខជន​ដែលមាន​សក្ដានុពល​មួយចំនួន​ក្នុងការ​ប្រកួតប្រជែង​?

លោក សេងលី៖ ខ្ញុំ​គិតថា​យើង​ត្រូវបាន​គេ​ជ្រើសរើស​ដោយសារ​យើង​ដឹង​យ៉ាងច្បាស់​ពី​របៀប​ធ្វើឱ្យ​យីហោ​នេះ ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា​។ យើង​មាន​បទពិសោធ​រយៈពេល​ ២ ​ទសវត្សរ៍​លើ​អាហារ និង​ភេសជ្ជៈ ហើយ​ភ័ស្តុតាង​នេះ​បង្ហាញថា យើង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​ធានាបាន​នូវ​ប្រតិបត្តិការ​ដ៏រលូន​នៃ Pizza Hut នៅ​កម្ពុជា​។

ដូចដែល​អ្នក​បានដឹង​ហើយ​ថា Pizza Hut ត្រូវបាន​នាំយកមក​ប្រទេស​កម្ពុជា​ដោយ​ United Food Group (UFG) ជា​សាជីវកម្ម​ចង្វាក់​ម្ហូបអាហារ​ក្នុងស្រុក ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​ឈានមុខ​គេ​នៅ​កម្ពុជា Park Café ដែល​ដំណើរការ​ហាង​ចំនួន​ ២០ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន UFG ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ V-Trust Group ជាមួយនឹង​ក្រុមហ៊ុន EMIA Investments Cambodia ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​។ ដូច្នេះហើយ ដោយមាន​ដើមទុន​គ្រប់គ្រាន់ ធនធាន ជំនាញ និង​ចក្ខុវិស័យ​ច្បាស់លាស់ យើង​ជា​បេក្ខជន​ដ៏គួរ​ឱ្យ​ទុកចិត្ត ហើយ​យើង​ប្តេជ្ញា​ធ្វើឱ្យ​ Pizza Hut ក្លាយជា​ជម្រើស​យីហោ​ភីហ្សា​ក្នុង​ចំណោម​យុវវ័យ​កម្ពុជា ដែល​ចូលចិត្ត​របៀប​រស់នៅ​តាម​បែប​សម័យ​ទំនើប​។

ទីផ្សារ​ភីហ្សា​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​យ៉ាងខ្លាំង ខណៈ​ដែល​ប្រតិបត្តិករ​ជាច្រើន​កំពុង​ដណ្ដើម​ចំណែក​ទីផ្សារ​មួយ​នេះ​។ តើ​លោក​យល់​យ៉ាងណាដែរ ចំពោះ​រឿងនេះ​?

លោក សេងលី៖ ទោះបីជា ភីហ្សា​ជា​ម្ហូប​បស្ចិមប្រទេស​ក៏ដោយ ក៏​ការញ៉ាំ​វា​នៅ​ប្រទេស​កម្ពុជា​គឺជា​រឿង​ធម្មតា​ណាស់ ជាពិសេស​ក្នុង​ចំណោម​យុវវ័យ​។ ការព្យាករ​របស់​ក្រុមហ៊ុន​ UFG កាលពី​ឆ្នាំ​ ២០១៩ បាន​បង្ហាញថា ទីផ្សារ​ភីហ្សា រកប្រាក់​ចំណូល​បាន​យ៉ាងហោចណាស់ ១០០ លាន​ដុល្លារ​នៅ​កម្ពុជា ជាមួយ​នឹង​អត្រាកំណើន​ពី ១៥ ទៅ ២០ ​ភាគរយ​ប្រចាំឆ្នាំ​។

យើង​ជឿជាក់ថា Pizza Hut នឹង​អាច​ស្វែងរក​ចំណែក​ទីផ្សារ​ភីហ្សា​កាន់តែ​ធំ​នៅ​កម្ពុជា ហើយ​យើង​គ្រោង​នឹង​ចំណាយពេល​ ៣ ​ឆ្នាំ​ដើម្បី​បើក​ដំណើរ​ហាង​ឱ្យ​ស្មើនឹង​ចំនួន​ដែល​ក្រុមហ៊ុន​ដែលមាន​ស្រាប់​បាន​ចំណាយពេល ១៥ ​ឆ្នាំ​។ យើង​មាន​គោលបំណង​ផ្សព្វផ្សាយ​វប្បធម៌​ញ៉ាំ​ភីហ្សា​បែប​ទំនើប​ដល់​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រភពដើម ភីហ្សា ដែលមាន​គុណភាព​ល្អ​។

តើ​លោក​អាច​ជម្រាប​បានទេ​ថា​អ្វី​ទៅជា​លក្ខណពិសេស​របស់ Pizza Hut ដែល​ជំរុញ​ឱ្យ​លោក​ហ៊ាន​ចូលរួម​ការប្រកួតប្រជែង​មួយ​នេះ​?

លោក សេងលី៖ ភីហ្សា​មិនមែន​ជា​អាហារ​របស់​កម្ពុជា ឬ​អាស៊ាន​នោះទេ ប៉ុន្តែ​ជា​អាហារ​បែប​លោកខាងលិច​។ Pizza Hut មាន​ដើមកំណើត​មកពី​អាមេរិក ខណៈដែល​យីហោ​ភីហ្សា​ដែលមាន​ស្រាប់​ជាច្រើន​មកពី​ប្លុក​អាស៊ាន​។ ខុសពី​យីហោ Pizza ផ្សេងទៀត Pizza Hut Cambodia មាន​អត្ថប្រយោជន៍​ដ៏ប្រសើរ​នៃ​ការចែករំលែក​ការអនុវត្ត​ល្អ​បំផុត​នៅ​ទូទាំង​ពិភពលោក ដែល​អាចឱ្យ​យើង​បង្កើត​ផលិតផល​ថ្មី ផ្តល់​ជូន​នូវ​សុវត្ថិភាព​ម្ហូបអាហារ​លំដាប់​ពិភពលោក និង​ការរចនា​ហាង​លក់​ប្រកបដោយ​គំនិត​ដ៏ល្អ​បំផុត​។

Pizza Hut មាន​ភោជនីយដ្ឋាន​ចំនួន ១៨ ៧០៣ នៅក្នុង​បណ្ដា​ប្រទេស​ជាង ១១០ ជុំវិញ​ពិភពលោក​។ លោក​អាច​ស្រមៃ​ថា​ប្រសិនបើ​ប្រទេស​ ១ ​បង្កើត​ផលិតផល​ថ្មី​ ១ ក្នុង ១ ​ឆ្នាំ យើង​មាន​សេវាកម្ម និង​ផលិតផល​ថ្មី​យ៉ាងហោចណាស់ ១១០ មុខ សម្រាប់​បំពេញ​តម្រូវការ​របស់​អតិថិជន​។ យើង​ជា​យីហោ​ដំបូង​គេ​ដែល​បង្កើត​ថ្មី​នូវ​ Cheese Bites និង Pan Pizza​។ យើង​បន្ត​បង្ហាញ​ផលិតផល​ថ្មី រសជាតិ​ថ្មី រូបរាង​ថ្មី ដូច្នេះ​អតិថិជន​របស់​យើង​នឹង​ទទួលបាន​បទពិសោធ​ផលិតផល​គុណភាព​លំដាប់​ថ្នាក់​ពិភពលោក ដែល​ពួកគេ​មិនអាច​ភ្លក្ស​រសជាតិ​វា​នៅក្នុង​យីហោ​ផ្សេងទៀត​បាន​នោះទេ​។

ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ យើង​ប្រើប្រាស់​បន្លែ​ដែលមាន​វិញ្ញាបនបត្រ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) យើង​ប្រើប្រាស់​ទឹក​ដែល​ចម្រោះ​តែប៉ុណ្ណោះ និង​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា​ផងដែរ​។

តើ​ការមកដល់​របស់ Pizza Hut មានន័យ​យ៉ាងណា​ចំពោះ​យីហោ​ផ្សេងទៀត ហើយ​តើ​លោក​យល់​យ៉ាងណាដែរ ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​យីហោ​ភីហ្សា​?

លោក សេងលី៖ សម្រាប់​អ្នក​ចូលចិត្ត​ញាំ Pizza ភាគច្រើន ការមក​ដល់​របស់ Pizza Hut មកកាន់​ប្រទេស​កម្ពុជា​នឹង​ផ្តល់នូវ​ជម្រើស​កាន់តែ​ប្រសើរ ហើយ​វា​នឹង​ក្លាយ​ជា​ការដាស់តឿន​ដល់​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​កេរដំណែល​នៃ​យីហោ​ថ្មីៗ​។

ចង់ ឬ​មិន​ចង់ ក្រុមហ៊ុន​ដែលមាន​ស្រាប់​នឹង​កែលម្អ​សេវាកម្ម និង​គុណភាព ដើម្បី​រក្សា​ចំណែក​ទីផ្សារ​របស់ខ្លួន ពីព្រោះ​ពួកគេ​មិន​ចង់​ទទួលបាន​ចំណែក​ទីផ្សារ​កាន់តែ​រួម​តូច​នោះទេ​។ នៅពេលនោះ​អត្ថប្រយោជន៍​នឹង​បាន​ទៅ​ដល់ដៃ​អ្នកប្រើប្រាស់​ជាក់ស្ដែង​។ ជាថ្មី​ម្តងទៀត រសជាតិ​ដើម​នៃ​ភីហ្សា​លំដាប់​ពិភពលោក នៅពេល​នេះ​បាន​មក​ដល់​ហើយ វា​អាចជា​សុបិន​អាក្រក់​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​៕LA

អត្ថបទគួរចាប់អារម្មណ៍