ទីក្រុងប៉ារីសៈ ក្រុមហ៊ុន​ផលិត​សម្ភារ​សំណង់ Saint-Gobain របស់​ប្រទេស​បារាំង​បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ទិញ​របស់​ក្រុមហ៊ុន GCP Applied Technologies ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​បង្រួបបង្រួម​គោលជំហរ​របស់ខ្លួន​លើ​ទីផ្សារ​គីមី​សំណង់​សកល​។

ក្រុមហ៊ុន Saint-Gobain បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​នឹង​ទិញយក​ទាំងអស់​នូវ​ភាគហ៊ុន​ដែល​មាន​ក្នុង​ក្រុមហ៊ុន GCP ក្នុង​តម្លៃ​ផ្លាស់ប្តូរ​ជុំវិញ​ ២ ​ពាន់​លាន​អឺរ៉ូ (២,៣ ​ពាន់​លាន​ដុល្លារ​)​។

សេចក្តី​ថ្លែងការណ៍​បាន​លើកឡើង​ថា​៖ «​ការទិញ​ផ្តាច់​នេះ​ជា​ជំហាន​ប្រកប​ដោយ​ការសម្រេចចិត្ត​ក្នុងការ​បង្កើត​ជំហរ​ឈានមុខ​របស់​ក្រុមហ៊ុន Saint-Gobain នៅ​ទូទាំង​ពិភពលោក​ក្នុង​គីមី​សំណង់​ដោយ​ការលក់​សរុប​មាន​ចំនួន​ច្រើនជាង​ ៤ ​ពាន់​លាន​អឺរ៉ូ​»​។

កាលពី​ខែឧសភា ក្រុមហ៊ុន Saint-Gobain បាន​ទិញ​ក្រុមហ៊ុន Chryso ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​បារាំង ដែល​មាន​ឯកទេស​ខាង​គីមី​សំណង់​ផងដែរ ក្នុងតម្លៃ​ ១,២ ​ពាន់​លាន​អឺរ៉ូ​។

ក្រុមហ៊ុន Saint-Gobain បាន​និយាយថា ក្រុមហ៊ុន Chryso មាន​ទីតាំង​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា និង អាហ្វ្រិក ខណៈ​ក្រុមហ៊ុន GCP មាន​កន្លែង​ឈរជើង​នៅ​អាមេរិក តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

ក្រុមហ៊ុន​បារាំង​បាន​និយាយថា GCP ដែលមាន​ប្រាក់ចំណូល ១ ​ពាន់​លាន​ដុល្លារ​មាន​រោងចក្រ​ផលិត​ចំនួន​ ៥០ ​នៅក្នុង​ប្រទេស​ចំនួន ៣៨ ​នៅក្នុង​ពិភពលោក​។

ក្រុមហ៊ុន​អាមេរិក​មាន​ឯកទេស​លើ​សារធាតុ​បន្ថែម​ស៊ីម៉ងត៍ ល្បាយ​បេតុង ហេដ្ឋារចនាសម្ព័ន្ធ និង​ការការពារ​ទឹក​ជ្រាប​តាម​អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន​។​

ក្រុមហ៊ុន Saint-Gobain បាន​និយាយថា៖ «GCP គឺជា​ឱកាស​ពិសេស​មួយ​សម្រាប់ Saint-Gobain ដើម្បី​បង្កើត​វត្តមាន​ឈានមុខ​គេ​ទូទាំង​ពិភពលោក​នៅក្នុង​វិស័យ​គីមី​សំណង់​ដែល​កំពុង​កើនឡើង​»​។

ក្រុមហ៊ុន Saint-Gobain រំពឹងថា ប្រតិបត្តិការ​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំក្រោយ អាស្រ័យ​លើ​ការយល់ព្រម​ពី​ម្ចាស់ហ៊ុន​របស់​ក្រុមហ៊ុន GCP និង​ភ្លើង​ខៀវ​ពី​និយតករ​៕ RR