The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នៅតែ​បន្ត​ផ្តល់​ការអនុគ្រោះ​ពន្ធ​ដល់​វិស័យ​ឯកជន

កម្ពុជា​នៅតែ​បន្ត​ផ្តល់​ការអនុគ្រោះ​ពន្ធ​ដល់​វិស័យ​ឯកជន

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ដែល​បាន​ទៅលេង​ខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ​។ ហេង ជីវ័ន

កម្ពុជា​នៅតែ​បន្ត​ផ្តល់​ការអនុគ្រោះ​ពន្ធ​ដល់​វិស័យ​ឯកជន

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បន្ត​ការលើកលែង​ពន្ធ​ដល់​វិស័យ​ដែល បាន​រងគ្រោះ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​ទុកពេល​ឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទាំងនោះ ស្ទុះ​ងើបឡើង​វិញ​ក្នុង​ការជំរុញ កំណើន​ល្បឿន​សេដ្ឋកិច្ច និង ភាពមិន​ប្រាកដប្រជា​នាពេល​ខាងមុខ​នៃ​ជំងឺ​កូវីដ​ ១៩​។

ថ្លែង​ក្នុងឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ថា ទោះបីជា រដ្ឋាភិបាល​សម្រេច​ប្រកាស​ឱ្យ​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​ក៏​រដ្ឋាភិបាល​នៅតែ​បន្ត​ការអនុគ្រោះ​ពន្ធ​ និង​ការឧបត្ថម្ភ​ដល់​វិស័យ​ដែល​រងគ្រោះ និង​កម្មករ ក្នុង​វិស័យ​ទេសចរណ៍ និង​រោងចក្រ​ប៉ុន្មាន​ខែ​បន្តទៀត​ ដើម្បី​ឆាប់​ងើប​ឡើងវិញ​នៃ​វិស័យនេះ ស្រប​ពេល​ដែល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​មិនទាន់​សាប​រលត់​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះបីជា​យើង​បើក​សេដ្ឋកិច្ច​ឡើងវិញ ក៏​យើង​នៅតែ​បន្ត​ផ្តល់​ភាពអនុគ្រោះ​។

កម្មវិធី​អនុគ្រោះ​ពន្ធដារ​ទៅលើ​បណ្តា​មុខ​ជំនួញ​មួយចំនួន​ដែល​យើង​បានប្រកាស​កន្លងទៅ​។ យើង​ក៏​មិនទាន់​បញ្ចប់​នៅពេល​ដែល​យើង​បើក​ប្រទេស​នេះដែរ យើង​ត្រូវ​បន្ត​ទៅ​ទៀត​ ដើម្បី​ដោះស្រាយ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ភាពមិន​ច្បាស់លាស់​នាពេល​ខាងមុខ​។

លោក​ គង់ វិបុល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) កាលពី​ខែ​មុន​ក៏បាន​ថ្លែងប្រាប់ អ្នក​សារព័ត៌មាន​ផងដែរ​ថា​​ស្រប​ពេល​ដែល​កម្ពុជា​នៅ​បន្ត​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ លោក​បាន​ធ្វើការ​សុំ​សេចក្តី​សម្រេច​ពី​រដ្ឋាភិបាល​ក្នុង​ការបន្ត​ការលើកលែង​ពន្ធ​លើ​វិស័យ​ដែល​រងគ្រោះ​បន្ថែមទៀត​រហូតដល់​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំ​ ២០២២ ​សំដៅ​ធ្វើយ៉ាងណា​ជួយ​ស្រោចស្រង់​វិស័យ​ដែល​រង​ផលប៉ះពាល់​ឱ្យ​ឆាប់​ងើប​ឡើងវិញ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បានទទួល​ការសម្រេច​ពី​រដ្ឋាភិបាល​ហើយ​សម្តេច តេជោ​លោក​បានប្រកាស​បើក​សេដ្ឋកិច្ច​ឡើងវិញ​ពីថ្ងៃ​ទី​ ១ ខែ​​វិច្ឆិកា ដូច្នេះ​ដើម្បី​ចាប់ផ្តើម​​បើក​នេះ​គឺ​រដ្ឋាភិបាល មិន​ទាន់​យក​ពន្ធ​នូវ​អ្វីដែល​បានផ្តល់ ជូន​វិស័យ​ដែល​ប៉ះពាល់​នោះ​ទេ​។ រដ្ឋាភិបាល​បានសម្រេច​ដល់​វិស័យ​ដែល​ប៉ះពាល់ ព្រោះ​អី​ទុកឱ្យ​វិស័យ​ទាំងនោះ​មាន​ការងើបឡើង​វិញ​។ ផ្នែក​ដែល​ប៉ះពាល់​ដូចជា ទេសចរណ៍ អាកាសចរណ៍ កសិកម្ម និង ផ្នែក​ផលិតកម្ម ជាដើម​នឹង ទទួល​បាន​ ៦ ​ខែ​បន្តទៀត ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នៅ​ថ្ងៃទី​ ៦ ខែ​ធ្នូ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចអន្តរាគមន៍​របស់​រដ្ឋាភិបាល និង​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​យ៉ាងល្អ​ក្នុង​គោលបំណង ស្តារ​សេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម​។

លោក​បាន​មានប្រសាសន៍​ថា៖ «​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​​ជំងឺ​កូវីដ​ ១៩ និង​ផែនការ​ច្បាស់លាស់​ក្នុង​ការបើក​ប្រទេស និង​សេដ្ឋកិច្ច​ក្រោម​លក្ខខណ្ឌ​ការរស់នៅ​តាម​គន្លង​ថ្មី​គឺជា​ការលើក​ទឹកចិត្ត និង​ការគាំទ្រ​ដ៏ល្អ​បំផុត​​ដល់​វិស័យ​ផលិតកម្ម​ដែល​ផ្តោតលើ​ការនាំចេញ​របស់​យើង​»​។

«​ទោះបីជា​មិនមាន​ការលើកទឹកចិត្ត​បន្ថែម​លើ​ផ្នែក​ពន្ធដារ​សម្រាប់​វិស័យ​របស់​យើង​ទេ ប៉ុន្តែ​មាន​ការឧបត្ថម្ភ​ធន​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ដែល​ត្រូវបាន​ការព្យួរ​ការងារ​ជា​បណ្តោះអាសន្ន​។ បច្ចុប្បន្ននេះ វិស័យ​នេះ​បាន​ស្ទុះ​ងើបឡើង​វិញ​​យ៉ាង​ល្អ​ជាមួយ​នឹង​កំណើន​​វិជ្ជមាន​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២០»​។

លោក​បន្ថែមថា រហូត​មក​ដល់​ពេលនេះ​មាន​កំណើន មធ្យម​ក្នុង​ការនាំចេញ សម្លៀកបំពាក់​កំណើន​ដ៏ល្អ​ក្នុង​ការនាំចេញ​ស្បែកជើង និង​កំណើន គួរឱ្យកត់សម្គាល់​ក្នុង​ការនាំចេញ​ទំនិញ​ធ្វើដំណើរ​។

អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ​ហើយ​ចាប់តាំងពី​ការរីករាលដាល​​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​បាន​កំពុង​​រំខាន​ដល់​សុខុមាលភាព​ប្រជាជន និង​សេដ្ឋកិច្ច​សកល និង​ក្នុង​តំបន់ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ជំរុញ​សេដ្ឋកិច្ច​ ១០ ​ជុំ​មកហើយ ដែល​មាន​តម្លៃ​ជាង ២ ​ពាន់​លាន​ដុល្លារ​សំដៅ​ជំរុញ​សេដ្ឋកិច្ច​ ដើម្បី​បើក​ដំណើរការ​ឡើងវិញ​នៃ​អាជីវកម្ម ក្នុង​អំឡុងពេល និង​ក្រោយ​វិបត្តិ​។ វិធានការ​គាំទ្រ​ផ្តោតលើ​វិស័យ​វាយនភណ្ឌ កាត់ដេរ ស្បែកជើង ទំនិញ​ធ្វើដំណើរ និង​វិស័យ ទេសចរណ៍​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។

កាលពី​ចុងខែ​វិច្ឆិកា ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​ ៣ (Amro) បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​សម្រេចបាន​ក្នុង​រង្វង់ ២,៨ ភាគរយ នៅ​ឆ្នាំ ២០២១ ដែល​ត្រូវ​គាំទ្រ​ដោយ​វិស័យ​នានា​នឹង​ងើប​ឡើងវិញ​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​រង្វង់​ ៤,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២​។

Amro បាន​លើកឡើង​ថា​៖ «​ការពង្រឹង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត និង​ការអនុវត្ត​គោលនយោបាយ​ដែល​អាច​បត់បែន​បាន​ ដើម្បី​គាំទ្រ​ដល់​វិស័យ​​ដែល​ងាយ​រងគ្រោះ នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ដើរ​លើផ្លូវ​ងើបឡើងវិញ​ដ៏រឹងមាំ​នៅតែ​មាន​សារៈសំខាន់ ខណៈ​ពេលដែល​ការចាក់​វ៉ាក់សាំង​ដ៏ឆាប់រហ័ស ដែល​កំពុង​បន្ត និង​ធានាបាន​នូវ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ ប្រកប​ដោយ​ស្ថិរភាព​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍