ភ្នំពេញ: ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​សហការ​ជាមួយ​ប្រទេស​កូរ៉េ សិក្សា​ទីតាំង​សម្រាប់ បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​ចំណីអាហារ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន ឧស្សាហកម្ម ផលិត​ចំណីអាហារ​យកមក​ត្រួតពិនិត្យ ដើម្បី​សុវត្ថិភាព គុណភាព និង​ស្តង់ដា​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ និង​ធ្វើការ​នាំចេញ​បាន​លឿន​។

លោក ជា ឡាហៃ មន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹងថា បច្ចុប្បន្ន នេះ​ក្រុមការងារ​ទាំង​ភាគី​កម្ពុជា និង​កូរ៉េ បាននិង​កំពុង​សិក្សា​លើ​ការបង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​ចំណីអាហារ​នៅ​កម្ពុជា​នេះ ដើម្បី​ស្នើសុំ​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​កូរ៉េ​លើ​ការរៀបចំ​គាំទ្រ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកទេស​។

លោក​បាន​បន្តថា ការសិក្សា​ទីតាំង​សម្រាប់​បង្កើត​មជ្ឈមណ្ឌល​នេះ ស្របតាម​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​លើ​ការគ្រប់គ្រង ចំណីអាហារ​ដល់​ក្រសួង​ឧស្សាហកម្ម និង​យោងតាម សជណ លេខ ៣៦ ចុះហត្ថលេខា កាលពី​ខែមករា ឆ្នាំ​ ២០២១​។ លោក​ថ្លែងថា​៖ «​ដំបូង យើង​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព ដើម្បី​បាន​របាយការណ៍​មួយ ហើយ​ភាគី​កូរ៉េ​នឹង​ដាក់​បញ្ជូន​របាយការណ៍​នោះ​ទៅ​រដ្ឋាភិបាល​កូរ៉េ ដើម្បី​ទម្លាក់​ថវិកា ដើម្បី​យកមក​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ​»​។

លោកស្រី កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ​ស្វាគមន៍​ចំពោះ​គម្រោង បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍ ចំណីអាហារ នៅ​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន និង​ក្រសួង​ស្ថាប័ន​ផ្សេងៗ​នាំយក​ផលិតផល​របស់​ខ្លួន​ទៅ​ត្រួតពិនិត្យ​សុវត្ថិភាព និង​គុណភាព​បាន​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ពេញទំហឹង​តែម្តង ព្រោះ​វា​ជា​មជ្ឈមណ្ឌល​ពិសោធន៍​អាច​ពិនិត្យ​បាន​គ្រប់មុខ​ចំណីអាហារ ដោយ​មិន​តម្រូវឱ្យ​នាំចេញ​ទៅពិនិត្យ​នៅក្រៅ​ប្រទេស​»​។

លោកស្រី កែវ មុំ នៅក្នុង​ប្រទេស​កម្ពុជា​ក៏មាន​មជ្ឈមណ្ឌល​ពិសោធន៍​ចំណីអាហារ​នេះដែរ ប៉ុន្តែ​មិនទាន់​គ្រប់​លក្ខខណ្ឌ សម្រាប់​ប្រទេស​មួយចំនួន​ដែល​ត្រូវការ​នោះទេ​។ ដូច្នេះ នៅពេល​ដែល​ប្រទេស​កូរ៉េ មក​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​នេះ វា​នឹងចូលរួម​ពិសោធ​បាន​ច្រើន​ទៅតាម​តម្រូវការ និង​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹងចូលរួម​ជំរុញ​ដល់​ការនាំចេញ​បាន​កាន់តែ​លឿន និង​មាន​ចំនួន​ច្រើន​ផងដែរ​៕