ភ្នំពេញៈ ​ទីផ្សារ​ជប៉ុន​បាន​កំពុង​ក្លាយជា​ទីផ្សារ​មួយ​ដ៏មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ ទោះបី​ជា​បរទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​មួយ​នៅ​អាស៊ី​មួយ​នេះ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្តី ក៏​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ មាន​តម្លៃ​សរុប​ជាង ១ ៩៦៤ ​លាន​ដុល្លារ កើន​ជាង ១២ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន Jetro ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ​៣ ខែធ្នូ ឱ្យ​ដឹងថា ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​ជប៉ុន​ចាប់ពី​ខែមករា ដល់​ខែតុលា ​ឆ្នាំ​ ២០២១ មាន​តម្លៃ​សរុប ១ ៩៦៤,២៤ ​លាន​ដុល្លារ កើនឡើង ១២,២១ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ដែលមាន​តម្លៃ ១ ៧៥០,៣៩ ​លាន​ដុល្លារ​។

យោងតាម​ទិន្នន័យ Jetro ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​​ក្នុង​អំឡុងពេល​ខាងលើ​មាន​ទឹកប្រាក់ ១ ៤៨៧,១៩ ​លាន​ដុល្លារ កើនឡើង ​ដល់​ ៩,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ១ ៣៦០,១៣ ​លាន​ដុល្លារ និង​ការនាំ​​ទំនិញ​ពី​ជប៉ុន មក​កម្ពុជា​មាន​ទឹកប្រាក់ ៤៧៧,០៥ ​លាន​ដុល្លារ កើនឡើង ២២,២ ​ភាគរយ​ពី​ចំនួន ៣៩០,២៦ ​លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើង​ថា ជប៉ុន គឺជា​ទីផ្សារ​មួយ​ដ៏សំខាន់ និង​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម ដូចជា គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើបៗ​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា យើង​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការជំរុញ​ការនាំចេញ​របស់​យើង​ជាពិសេស វិស័យ​កសិកម្ម ព្រោះ​ថា ប្រសិនបើ​វិនិយោគិន​ជប៉ុន​បោះទុន​វិនិយោគ​លើ​វិស័យនេះ​គេ​នឹង​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី និង​កម្លាំង ពលកម្ម​ជំនាញ​មក​ប្រទេស​យើង​»​។

លោក​បាន​ថ្លែង​បន្តទៀតថា តាមរយៈ​​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ក្នុង​តំបន់​​រវាង​អាស៊ាន និង​ទំនាក់ទំនង​ទ្វេភាគី​ផ្សេងៗ​ទៀត កម្ពុជា​អាច​នឹង​បន្ត​ជំរុញ និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្តាក់​ទុនវិនិយោគ​ ដើម្បី​ធ្វើការ​នាំចេញ​កាន់តែ​ច្រើន និង​សម្បូរបែប​បន្ថែមទៀត​។

បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន Jetro ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​ក្នុង​ឆ្នាំ​ ២០២០ មាន​តម្លៃ ២ ១០១,៧៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,៣៥ ​ភាគរយ​ធៀប​ឆ្នាំ ២០១៩ ក្នុង​នោះ​ការនាំចេញ​មាន​តម្លៃ ១ ៦១៧,០៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និង​នាំចូល​មាន ៤៨៤,៧០ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨ ​ភាគរយ​៕