ភ្នំពេញៈ អ្នកជំនាញ​អះអាង​ថា ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន​ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ដែល​ត្រូវ​បាន​អនុម័ត ដោយ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ២០២១ នឹង​រួមចំណែក​ដល់​ការទាក់ទាញ វិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ ចូលមក​កាន់​កម្ពុជា និង​តំបន់​អាស៊ាន កាន់តែ​ច្រើន​បន្ថែមទៀត​។

លោក ហុង វណ្ណៈ អ្នកជំនាញ សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នេះ​ថា ច្បាប់​នេះ​នឹង​ចូលរួម​ចំណែក ដោះស្រាយ​បញ្ហា វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​ទាំង​នៅក្នុង​ប្រទេស​ក្របខ័ណ្ឌ​អាស៊ាន​ និង​ប្រទេស​នៅ​ក្រៅ​តំបន់​ផងដែរ​។

លោក​បន្តថា ច្បាប់​នេះ​ក៏​នឹង​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​ទាំង​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​ឱ្យមក​វិនិយោគ​បន្ថែម​នៅក្នុង​តំបន់​នៅពេល​ដែល​កម្ពុជា ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​មានច្បាប់​នេះ​​បន្ថែម​លើ​ពិធីសារ​អាស៊ាន​ច្បាប់ អាស៊ាន និង​កតិកាសញ្ញា​ផ្សេងៗ​ដែល​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​បាន​ឯកភាពគ្នា​។

លោក​ថ្លែងថា​៖ «​វា​សុទ្ធតែ​ជា​លិខិតូបករណ៍​អន្តរជាតិ​ដែល​ជួយ​សម្រួល និង​ជួយ​ជំរុញ​ឱ្យ​ដំណើរការ​វិនិយោគ នៅក្នុង​តំបន់ អាស៊ាន​ខ្លួនឯង ក៏ដូចជា វិនិយោគិន​បរទេស ដែល​នៅក្រៅ​ឱ្យមក​វិនិយោគ​នៅក្នុង​អាស៊ាន និង សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ក៏ដូចជា​រួមចំណែក​ដល់​ទេសចរណ៍​ផងដែរ​»​។

បើតាម​លោក ហុង វណ្ណៈ ច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​បង្ហាញ​ដល់​ប្រទេស​ជា​សមាជិក អាស៊ាន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ២០២២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឱ្យ​បាន​ដឹង និង​រៀបចំ​សម្រេច​ឯកភាព​គ្នា ជាគោលការណ៍​អាស៊ាន ដើម្បី​សម្រួល​ដំណើរការ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​អាស៊ាន កុំ​ឱ្យមាន​ឧបសគ្គ និង ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង ពាណិជ្ជកម្ម​ថ្លែងថា ពិធីសារ​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ដល់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច នឹង​ទទួល​បានការ​អនុវត្ត​នីតិវិធី​ពិសេស​សម្រាប់​រដ្ឋ​សមាជិក​អភិវឌ្ឍន៍​តិចតួច នៅពេល​ដោះស្រាយ​វិវាទ​ដែល​កើតឡើង​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​រដ្ឋ​សមាជិក​ផ្សេងទៀត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។

លោក​បន្តថា បន្ថែម​ពីលើ​នេះ​ក្នុង​នាម​ជា ប្រធាន​អាស៊ាន ឆ្នាំ ២០២២ កម្ពុជា​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ការរួមចំណែក​ដ៏សំខាន់​របស់​​កម្ពុជា​ដល់​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដោយ​ប្រើប្រាស់​កិច្ចព្រមព្រៀង​គ្របដណ្ដប់​ទាំងឡាយ​របស់​អាស៊ាន​ដែល​​ទទួល​បាន​ការផ្តល់​សច្ចាប័ន​ពី​ស្ថាប័ន ​នីតិប្បញ្ញត្តិ​រួចហើយ​ធ្វើជា​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ក្នុងនាម សមាជិក​អាស៊ាន​នឹង​ទទួលបាន​នីតិវិធី​ពិសេស​សម្រាប់​រដ្ឋ​សមាជិក​អភិវឌ្ឍន៍​តិចតួច និង​ការបង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ដើម្បី​រួមចំណែក​ដ៏សំខាន់​ដល់​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​»​។

លោក ប៉ាន សូរស័ក្តិ ពន្យល់ថា រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ពាណិជ្ជកម្ម​ជា​សេនាធិការ តែងតែ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​គោលនយោបាយ និង​អាណត្តិ​ប្រគល់ជូន​ដោយ​រាជរដ្ឋាភិបាល​ជាពិសេស​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​កសាង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​លើ​វិស័យ​ពាណិជ្ជកម្ម និង​សហការ​ជាមួយ​អន្តរក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង អន្តរជាតិ ក៏ដូចជា​វិស័យ​ឯកជន​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​​ធុរកិច្ច បង្កើត​ការងារ និង​លើកកម្ពស់ ជីវភាព​ប្រជាពលរដ្ឋ​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ​រំពឹង​ថា ច្បាប់​នេះ​នឹង​ផ្តល់នូវ​ប្រយោជន៍​ជា​សារវន្ត​ដល់​សង្គមជាតិ​ទាំងមូល និង​ជាពិសេស​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​តួនាទី​របស់​កម្ពុជា ក្នុង​ការចូលរួម​​ចំណែក​ដ៏មាន​សារៈសំខាន់​ក្នុង​សហគមន៍​អាស៊ាន​ផងដែរ​៕