ភ្នំពេញៈ កម្ពុជា​ស្នើឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) គាំទ្រ​ដល់​ការសិក្សា​គ្រប់​ជ្រុងជ្រោយ​ពី​យុទ្ធសាស្ត្រ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់ខ្លួន ជាពិសេស​ការផ្តល់​ជំនួយ​លើ​ផ្នែក​គោលនយោបាយ និង​បច្ចេកទេស​ដើម្បី​ធ្វើឱ្យ​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​កម្ពុជា​មាន​ភាពរលូន គ្មាន​ឧបសគ្គ និង​ចៀសវាង​ការចាកចេញ​ហើយ​សុំ​ត្រឡប់​ចូល​វិញ​ដូច​បណ្តា​ប្រទេស​មួយចំនួន​។

សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​អំឡុងពេល​នៃ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Stephen Fevrier និង​លោក Eloi Laourou ទីប្រឹក្សា​ជាន់ខ្ពស់​លោកស្រី Ngozi Okonjo-Iweala អគ្គនាយក​ WTO កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស​។

លោក សុខ សុភ័ក្ត្រ បាន​លើកឡើង​ថា កម្ពុជា​សម្រេច​បាន​វឌ្ឍនភាព​ជាច្រើន​ក្នុងអំឡុង​ពេលដែល​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តាំងពី​ឆ្នាំ​ ២០០៤ ដូចនេះ​កម្ពុជា​ស្នើសុំ​ឱ្យ WTO បន្ត​គាំទ្រ​ដល់​ការសិក្សា​គ្រប់​ជ្រុងជ្រោយ​អំពី​យុទ្ធសាស្ត្រ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​កម្ពុជា​ផងដែរ​។

អ្នកនាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៦ ខែធ្នូ​ថា ក្នុង​ការត្រៀមខ្លួន​សម្រាប់​ការចាកចេញ​នេះ សម្រាប់​វិស័យ​ពាណិជ្ជកម្ម គឺ​ត្រូវការ​ការគាំទ្រ និង​ការជួយឧបត្ថម្ភ​ផ្នែក​គោលនយោបាយ ផ្នែក​បច្ចេកទេស​ផ្សេងៗ​ពី WTO​។ លោក​បន្តថា ជា​បទពិសោធ​កន្លងមក​មាន​ប្រទេស​មួយចំនួន​ដែល​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅហើយ បែរជា​សុំ​គេ​ចូល​វិញ​ដោយសារ​តែ​មិនអាច​ទ្រាំទ្រ​នឹង​បញ្ហា​ដែល​កើតមានឡើង​ក្រោយពេល​ចាកចេញ​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​កុំឱ្យ​មាន​បញ្ហា​នេះ​កើតឡើង យើង​ត្រូវ​ស្វែងរក​ការណែនាំ ឬក៏​ការជួយឧបត្ថម្ភ​ភាពជា​ដៃគូ​ខ្លះ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ដើម្បីឱ្យ​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​កម្ពុជា អាច​អនុវត្ត​ទៅ​ស្រួល​មិនមាន​ឧបសគ្គ​អ្វី​ជា​ដុំកំភួន​សម្រាប់​ការចាកចេញ​»​។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​និយាយថា កម្ពុជា​នឹង​មិន​អនុវត្ត​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​សម្រេច​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ហើយ​បែរជា​សុំចូល​វិញ​ទេ ព្រោះ​កម្ពុជា​មាន​ស្ថានភាព​សេដ្ឋកិច្ច​រឹងមាំ​ជាង​បណ្តា​ប្រទេស​ទាំងនោះ​។ លោក​បន្ថែមថា មាន​កត្តា​មួយចំនួន​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទោះបីជា​កម្ពុជា​បាន​ជួប​វិបត្តិ​សកល​កូវីដ ​១៩ ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «​ទី​ ១ កម្ពុជា​ចេះ​ប្រើប្រាស់ និង​គ្រប់គ្រង​ជំនួយ​បរទេស​ឱ្យមាន​ប្រសិទ្ធភាព​, ទី​ ២ ទេសចរណ៍​ដែលជា​វិស័យ​ស្នូល​របស់​កម្ពុជា​នៅពេល​ស្ថានភាព​កូវីដ​ ១៩ ធូរស្រាល​នឹង​វិល​ត្រឡប់មក​ភាពល្អប្រសើរ​វិញ ទី​ ៣ ទោះបី​ជាមាន​បញ្ហា​ទីផ្សារ​ខ្លះ​ក៏​វិស័យ​កសិកម្ម​កម្ពុជា​នៅមាន​ភាពរឹងមាំ​ក្នុង​ការទ្រទ្រង់​សេដ្ឋកិច្ចជាតិ និង​ទី​ ៤ ខាង​វិស័យ​ពាណិជ្ជកម្ម កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ធំ​មួយចំនួន​ហើយ​ដែរ​»៕ LA