The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ក្នុង​ផ្នែក​វារីវប្បកម្ម​កម្ពុជា រីករាយ​ចំពោះ​ការនាំចេញ​ត្រីប្រា​ទៅ​ទីផ្សារ​ចិន

អ្នក​ក្នុង​ផ្នែក​វារីវប្បកម្ម​កម្ពុជា រីករាយ​ចំពោះ​ការនាំចេញ​ត្រីប្រា​ទៅ​ទីផ្សារ​ចិន

Content image - Phnom Penh Post
អ្នក​ក្នុង​ផ្នែក​វារីវប្បកម្ម​កម្ពុជា រីករាយ​ចំពោះ​ការនាំចេញ​ត្រីប្រា​ទៅ​ទីផ្សារ​ចិន។ រូបថត សមាគម​វារីវប្បករ​កម្ពុជា

អ្នក​ក្នុង​ផ្នែក​វារីវប្បកម្ម​កម្ពុជា រីករាយ​ចំពោះ​ការនាំចេញ​ត្រីប្រា​ទៅ​ទីផ្សារ​ចិន

ភ្នំពេញៈ អ្នក​នៅក្នុង​ផ្នែក​វារីវប្បកម្ម បាន​សាទរ​ចំពោះ​ព័ត៌មាន​ដែល​ភាគី​ចិន​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ត្រីប្រា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ប៉ុន្តែ​ទន្ទឹមនឹង​នេះ​ពួកគេ​ក៏​សម្តែង​ក្តីបារម្ភ​ទាក់ទង​នឹង​ស្តង់ដា​គុណភាព សុវត្ថិភាព បរិមាណ និង​តម្លៃ​ទីផ្សារ​ផងដែរ​។

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធាន បានឱ្យដឹង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ១១ កាលពី​ថ្ងៃ​ទី​ ៦ ខែធ្នូ​ថា បន្ទាប់ពី​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ ២ ​កាលពីពេល​ថ្មីៗ​នេះ មេដឹកនាំ​របស់ខ្លួន​បានសម្រេច​អនុញ្ញាត​ចំពោះ​ការនាំចូល​ត្រីប្រា​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​ការសម្រេច​នេះ​គឺ​អនុវត្តតាម​កុងសង់ស៊ីស​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​រវាង​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang និង​សម្តេចតេជោ​កាលពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​»​។

លោក​បន្ថែមថា តាមរយៈ​ការចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន កម្ពុជា និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​(RCEP) ដែល​មាន​ការចូលរួម​ពី​ភាគី​ចិន និង​កម្ពុជា ការកសាង​សហគមន៍​វាសនា​រួម​រវាង​ប្រទេស​ចិន និង​កម្ពុជា នឹង​បញ្ចេញ​ថាមពល​កាន់តែខ្លាំង​។

ក្នុង​ឱកាស​នោះដែរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា លោក​ធ្លាប់​បានស្នើ​សុំឱ្យ​ចិន​ជួយ​ទិញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដោយ​ផ្តល់​អាទិភាព​ទៅលើ​ផ្លែ​មៀន និង​ពិភាក្សា​ជា​កញ្ចប់​ទៅលើ​ផលិតផល​កម្ពុជា​។ ប៉ុន្តែ​ការឆ្លើយតប​របស់​ចិន គឺ​លើសពី​ការស្នើសុំ​របស់​កម្ពុជា ដោយ​មាន​ការសិក្សា​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​វីដេអូ ទាំង​ផ្លែ​មៀន និង​ត្រីប្រា​។

លោក​បាន​ថ្លែងថា​៖ «​ដោយសារ​ខ្មែរ​យើង​សម្បូរ​ត្រីប្រា បើសិន​មាន​ទីផ្សារ​ចិន​ដ៏ធំ​មួយ​នេះ វា​នឹង​ជំរុញ​លើក​ទឹកចិត្ត​ឱ្យមាន​ការចិញ្ចឹម​ត្រីប្រា​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​។ ការដឹកជញ្ជូន​ទៅ​ប្រទេស​ចិន​នឹង​បង្កើតបាន​នូវ​ប្រាក់ចំណូល​សម្រាប់​ប្រជាកសិករ​កម្ពុជា​ដែល​ចិញ្ចឹម​ត្រី​នេះ​»​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រសិនបើ​ត្រីប្រា​កម្ពុជា​អាច​នាំ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឆាប់ៗ​ពិតមែន វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ជាពិសេស​កសិករ​ចិញ្ចឹម​ត្រីប្រា​។ ទន្ទឹមនឹង​ដំណឹង​ល្អ​នេះ លោក​ក៏បាន​លើកឡើង​បញ្ហា​ប្រឈម​មួយចំនួន​ទាក់ទង​នឹង​ការចំណាយ​ថ្លៃដើម​ផងដែរ​។

លោក​អះអាង​ថា​៖ «​បញ្ហា​ប្រឈម​គឺ​ការនាំចូល​កូន​ពូជ និង​ចំណី​ពី​ស្រុក​គេ​មក​ស្ទើរ​ទាំងស្រុង ដូចនេះ​ថ្លៃដើម​នឹង​មិនអាច​ប្រកួតប្រជែង​ជាមួយ​គេ​បានទេ​។ ទោះយ៉ាងណា​ខ្ញុំ​ជឿជាក់ថា រដ្ឋាភិបាល​បាននិង​កំពុង​គិតគូរ​ហើយ​លើ​ការទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បើក​រោងចក្រ​ផលិត​ចំណី​ត្រី​នៅ​កម្ពុជា ដែល​វា​នឹង​ជួយ​ឱ្យ​អ្នក​ចិញ្ចឹម​មាន​ឱកាស​ផលិត​បាន​ច្រើន និង​ទទួលបាន​ផលចំណេញ​កាន់តែច្រើន​»​។

ស្រដៀង​គ្នា​នេះ លោក សុខ យ៉ន អនុប្រធាន​សមាគម​សុវតិ្ថភាព​បន្លែ ត្រី សាច់ នៅ​កម្ពុជា បាន​និយាយថា កម្ពុជា​មានឱកាស​ក្នុង​ការនាំចេញ​ត្រីប្រា​ទៅ​ប្រទេស​ចិន គឺជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ចិញ្ចឹម​នៅ​ខ្វះ​បច្ចេកទេស​ច្រើន​ក្នុង​ការចិញ្ចឹម​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា​ដែល​គេ​ចង់បាន​។ លោក​និយាយថា​៖ «​ការនាំចេញ គឺ​ទាមទារ​ឱ្យមាន​គុណភាព សុវត្ថិភាព និង​អនាម័យ ប៉ុន្តែ​នៅ​ស្រុក​យើង​សព្វថ្ងៃ​ការចិញ្ចឹម​នៅ​ខ្វះ​បច្ចេកទេស​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​បន្ថែម​ទើប​ផែនការ​នាំចេញ​នេះ​មាន​ភាពរលូន​ល្អ​»​។

លោក សុវណ្ណ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រីប្រា​លក្ខណៈ​គ្រួសារ​នៅ​ខេត្តកំពង់ធំ បាន​ប្រាប់ថា កសិករ​ភាគច្រើន​ជួប​បញ្ហា​ថ្លៃដើម​ផលិត ដូចនេះ​បើ​មាន​គោលការណ៍​នាំចេញ លុះត្រា​តែមាន​គោលការណ៍​ពិសេស​ណាមួយ​សម្រាប់​ជួយ​ដល់​អ្នក​ចិញ្ចឹម​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​ការចិញ្ចឹម​ត្រីប្រា យើង​ជួប​ការលំបាក​ច្រើន​ទាក់ទង​ការនាំចេញ ព្រោះ​កសិករ​ខ្មែរ​ចំណាយ​ថ្លៃដើម​ច្រើនណាស់​ក្នុង​ការចិញ្ចឹម ដោយ​ចំណី និង​ពូជ​នាំចូល​ពី​វៀតណាម ស្ទើរ ១០០ ​ភាគរយ​»​។

បើតាម​លោក​ សុវណ្ណ តម្លៃ​ត្រីប្រា​ចិញ្ចឹម​នៅក្នុង​ស្រុក​បាន​ធ្លាក់​ថ្លៃ​ពី​ ៥ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម មក​នៅត្រឹម​ជាង ៤ ០០០ ​រៀល ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍