ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ក្រុម​អ្នកជំនាញ​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) និង​អង្គការ​សហប្រជាជាតិ​បាន​អះអាងថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ជំរុញ​ឱ្យ​កម្ពុជា​ខំប្រឹងប្រែង​កាន់តែ​ខ្លាំង ដើម្បី​កែលម្អ​ឱ្យ​ប្រសើរឡើង​នៃ​វិស័យ​ឌីជីថល​ក្នុង​គោលបំណង​បង្កើន​ភាពធន់​សម្រាប់​ទប់ទល់​នឹង​ព្រឹត្តិការណ៍​វិបត្តិ​នាពេល​អនាគត ព្រមទាំង​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​សហគមន៍​ខ្លួន​នូវ​ឱកាស​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ការធ្វើ​ឌីជីថលូបនីយកម្ម​។

លោក Anthony Robert Gill នាយក​ស្ដីទី​ប្រចាំ​ប្រទេស​នៅ ADB បានឱ្យដឹង​ក្នុង​សិក្ខាសាលា​ផ្សាយ​ផ្ទាល់​ពិភាក្សា​អំពី​ «​ប្រទេស​កម្ពុជា និង​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ (4IR)៖ ​ស្តីពី​ស្ថានភាព​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ (4IR) ​នៅ​កម្ពុជា និង​ទិសដៅ​សម្រាប់​ការផ្លាស់ប្តូរ​របស់​ប្រទេស​ដើម្បី​សម្រេចបាន​គំរូ​ឧស្សាហកម្ម​ថ្មី​នេះ​នៅត្រឹម​ឆ្នាំ ២០៣០ ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បានធ្វើ​ឱ្យមាន​ការរីកចម្រើន​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ទោះយ៉ាងណា​ក៏​ឧស្សាហកម្ម​ទី​ ៤ និង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ​ ១៩ បាន​បណ្ដាលឱ្យមាន​បញ្ហា​ប្រឈម​ថ្មីៗ​សម្រាប់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការបង្កប់​នៅក្នុង​បញ្ហា​ប្រឈម​ទាំងនេះ គឺជា​ឱកាស​ទ្រព្យសម្បត្តិ​ដើម្បី​រីកចម្រើន និង​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ វា​ជា​ការចាំបាច់​ដែល​យើង​ពិភាក្សា​អំពី​សកម្មភាព​ជាក់ស្តែង​សម្រាប់​ការគ្រប់គ្រង​ការរំខាន​នាពេល​ថ្មីៗ​នេះ និង​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​នៃ​បរិវត្តកម្ម​ឌីជីថល និង​បច្ចេកវិទ្យា​សម្រាប់​ប្រទេស​កម្ពុជា​»​។

លោក​លើកឡើង​ថា​៖ «​ដូចដែល​យើង​ទាំងអស់​គ្នា​បានដឹងហើយថា ផ្លូវ​ជោគជ័យ​ដ៏សំខាន់​នៅទីនេះ​។ ការសម្រប​ខ្លួន និង​ទទួលយក​បច្ចេកវិទ្យា​ថ្មី និង​ឌីជីថលូបនីយកម្ម គឺកំណត់​ជំនាញ គម្លាត​ដែល​នឹង​កើតឡើង និង​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ យើង​បាននិង​កំពុង​រៀបចំ​ប្រាក់កម្ចី​ដែល​ពឹងផ្អែក​លើ​គោលនយោបាយ ផ្នែក​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង​ដែល​នឹង​គិតគូរ​ពី​តម្រូវការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី ​៤»​។

លោកស្រី Pauline Tamesis នៅ​អង្គការ UNRC Cambodia បានផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​អំពី​ការត្រៀមខ្លួន​តាមរយៈ​វិធានការ​គោលនយោបាយ​ជាក់លាក់ ពិសេស​តាមរយៈ​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​។

លោកស្រី​ថ្លែងថា​៖ «​យើង​ពិតជា​ជឿជាក់​លើ​គ្រួសារ​របស់​អង្គការ​សហប្រជាជាតិ​។ វិបត្តិ​ដែល​បណ្តាល​មកពី​កូវីដ​ ១៩ ​គឺជា​ឱកាស​មួយ​សម្រាប់​បរិវត្តកម្ម​ឌីជីថល ហើយ​យើង​ពិតជា​រីករាយ​ដែល​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​របស់ខ្លួន​ក៏​មើលឃើញ​វិធី​នោះ​ផងដែរ​»​។

លោក Bernardo Calzadilla-Sarmiento នាយក​គ្រប់គ្រង UNIDO នៃ​នាយកដ្ឋាន​ផ្នែក​ឌីជីថល បច្ចេកវិទ្យា និង​កសិពាណិជ្ជកម្ម បានឱ្យដឹងថា​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ​នៅតែ​ជា​គោល​គំនិត​ជាតិ​មួយ​នៅក្នុង​ឧស្សាហកម្ម​កម្ពុជា ប៉ុន្តែ​បន្ទាប់ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ​មាន​ការទាក់ទាញ​កាន់តែខ្លាំង​ឡើង​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ធ្វើឱ្យ​វិស័យសេដ្ឋកិច្ច​មាន​ភាពធន់ និង​គ្មាន​ផ្លូវ​ត្រឡប់​ថយក្រោយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់ UNIDO យើង​មានជំនឿថា គំរូ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ដើម្បី​កសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចសង្គម និង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ​ឧស្សាហកម្ម​ប្រកបដោយ​បរិយាប័ន្ន និង​និរន្តរភាព​»​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យ​ដឹងថា ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០ និង​ដើម្បី​សម្រេច​បាន​ទិសដៅ​នេះ គឺ​ពិតណាស់​ទាំង ADB និង UNIDO ត្រូវ​ពិចារណា​ឱ្យបាន​ហ្មត់ចត់​លើ​ការដាក់​បច្ចេកវិទ្យា និង​នវានុវត្តន៍​ទៅក្នុង​កម្មវិធី​សំខាន់ៗ​ខ្លួន​ដើម្បី​គាំទ្រ​ដល់​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​សម្ទុះ​ក្នុង​ការទាញ​យក​សក្តានុពល​នៃ​បរិវត្តកម្ម​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ​ដើម្បី​ដឹកនាំ​យើង​ឆ្ពោះទៅរក​គំរូ​កំណើន​ថ្មី និង​ភាពធន់​។ ជំងឺ​កូវីដ​ ១៩ បាន​ជំរុញឱ្យ​មាន​ដំណើរការ និង​គោលនយោបាយ​នវានុវត្តន៍​ជាច្រើន ដែល​អាចឱ្យ​យើង​ធ្វើការ​ដើម្បី​រៀន​រស់នៅ និង​ធ្វើ​អន្តរកម្ម​ជាមួយ​ស្ថានភាព​រស់នៅ​តាម​គន្លង​ថ្មី​»​។

យោងតាម​ការសិក្សា​របស់ ADB ស្តីពី​ការទាញ​យក​អត្ថប្រយោជន៍​នៃ​ឧស្សាហកម្ម​ទី​ ៤ ​របស់​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​ខែមីនា ឆ្នាំ​ ២០២១ ​បច្ចេកវិទ្យា​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ នឹង​លុបបំបាត់​ការងារ​មួយចំនួន ប៉ុន្តែ​ជាមួយ​គ្នា​នេះដែរ​នឹង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ថ្មី​។

ការសិក្សា​នេះ​បាន​ប៉ាន់ប្រមាណ​ពី​ប្រសិទ្ធភាព​វិជ្ជមាន​សុទ្ធ ៣៩ ​ភាគរយ​សម្រាប់​វិស័យ​សម្លៀកបំពាក់ និង ២ ​ភាគរយ សម្រាប់​វិស័យ​ទេសចរណ៍ ខណៈ​ការកែលម្អ​ផលិតភាព​សំខាន់ៗ​ត្រូវបាន​រំពឹងថា នឹង​ទទួល​បាន​ពី​បច្ចេកវិទ្យា​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ នេះ ១២ ​ភាគរយ​សម្រាប់​វិស័យ​សម្លៀកបំពាក់ និង ១៩ ​ភាគរយ​សម្រាប់​វិស័យ​ទេសចរណ៍​៕ LA