ភ្នំពេញៈ អ្នកជំនាញ​មកពី​ប្រទេស​កូរ៉េ សហការ​ជាមួយ​អ្នកជំនាញ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​ធ្វើការ​សិក្សា​បច្ចេកទេស​អភិវឌ្ឍន៍​សិប្បកម្ម​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដោយ​ជ្រើស​ក្រុមហ៊ុន​ចំនួន ១០ នៅ​ខេត្តសៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ផលិតភាព គុណភាព និង​ស្តង់ដា​សម្រាប់ធ្វើ​ការនាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហ៊ត ផេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែធ្នូ​ថា ក្រសួង​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ភាគី​កូរ៉េ ដើម្បី​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ឱ្យមាន​បច្ចេកទេស​ក្នុង​ការកែច្នៃ​កសិផល និង​ការកែច្នៃ​ម្ហូបអាហារ​ឱ្យមាន​គុណភាព សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​។

លោក​បាន​បន្តថា ការសិក្សា​បច្ចេកទេស​នេះ​នឹង​ចូលរួម​ចំណែក​បង្កើន​គុណភាព ផលិតផល និង​ធ្វើឱ្យ​សហគ្រាស​មួយចំនួន​ទទួល​បាន​បច្ចេកវិទ្យា​ទំនើបៗ ការកែលម្អ​ផលិតកម្ម​ដោយ​អនុលោម​ទៅតាម​ស្តង់ដា​បច្ចេកទេស​អន្តរជាតិ ដែល​ភាគី​កូរ៉េ​នឹង​មក​រៀបចំ​កិច្ចការ​នេះ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​។

លោក​ថ្លែងថា​៖ «​ការសិក្សា​អាច​នឹងត្រូវ​ប្រើពេល​យូរ ព្រោះ​ត្រូវ​សិក្សា​ជា​ជំហានៗ ដើម្បីឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​យើង អាច​ផលិត​ស្របតាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​ហើយ​គោលដៅ​ធំ​បំផុត​របស់​យើង​គឺ​ការនាំចេញ​ បើសិន​ជា​ផលិតផល​យើង​អនុលោម​តាម​គុណភាព​អន្តរជាតិ​»​។

បើតាម​លោក ហ៊ត ផេង នៅពេល​ខាងមុខ តំណាង​ក្រសួង​ដែល​ដឹកនាំ​ដោយ​លោក ចម ប្រសិទ្ធ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ ដើម្បី​ចុះ​អនុស្សរណៈ​យោគយល់​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ម្ហូបអាហារ​។ នៅពេល​មាន​មជ្ឈមណ្ឌល​នេះ វា​នឹង​ធ្វើឱ្យ​ផលិតផល​កម្ពុជា​មាន​ស្តង់ដា និង​គុណភាព​កាន់តែ​ខ្ពស់ ដែល​ធ្វើឱ្យមាន​ការប្រកួតប្រជែង និង​ការនាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន​។

លោក​បន្តថា កន្លងមក​ក្រសួង​បានជ្រើសរើស​ក្រុមហ៊ុន​ចំនួន​ច្រើន​ ដើម្បី​ធ្វើការ​សិក្សា ប៉ុន្តែ​ក្រុមហ៊ុន​ចំនួន ១០ ​ដែល​ត្រូវបាន​ជ្រើសរើស​នេះ​អាច​ទប់ទល់​បាន​ទាំង​បច្ចេកវិទ្យា និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យទៅជា​សហគ្រាស​គំរូ ហើយ​ក្រុមហ៊ុន​ទាំងនេះ​ជា​ក្រុមហ៊ុន​កែច្នៃ​ម្ហូបអាហារ និង​ធ្លាប់បាន​នាំ​ផលិតផល​របស់ខ្លួន​ទៅ​តាំងពិព័រណ៍​នៅ​ប្រទេស​កូរ៉េ រួចមកហើយ​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការសិក្សា​រួមគ្នា​រវាង​កម្ពុជា និង​កូរ៉េ​លើ​សិប្បកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ដើម្បី​ធ្វើឱ្យមាន​បច្ចុប្បន្នភាព ភាពទាន់សម័យ និង​គុណភាព​។ លោក​បន្តថា ការសិក្សា​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ឱ្យ​សម្រេច​គោលនយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ជំរុញ​ការកែច្នៃ​ឱ្យបាន​ច្រើន ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម ហើយ​ឱ្យស្រប​ជាមួយនឹង​គោលនយោបាយ​ផងដែរ គឺ​យើង​អត់​ចង់​លក់​វត្ថុធាតុដើម​ទេ​។ ផលិតផល​កសិកម្ម​យើង​មាន​ច្រើនណាស់ ដូចជា​ស្វាយចន្ទី​ជាដើម យើង​ត្រូវការ​បច្ចេកទេស ដើម្បី​ផលិត និង​ការច្នៃ​សម្រាប់ធ្វើ​ការនាំចេញ​»​។

បើតាម​លោក តែ តាំងប៉ សិប្បកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ភាគច្រើន​មិនទាន់​មាន​បច្ចេកទេស​កែច្នៃ និង​វេចខ្ចប់​ស្របទៅតាម​ស្តង់ដា និង​គុណភាព​អន្តរជាតិ​នោះទេ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​កម្ពុជា​នាំចេញ​នូវ​ផលិតផល​វត្ថុធាតុដើម​ទៅ​ក្រៅប្រទេស ហើយ​គេ​កែច្នៃ និង​វេចខ្ចប់​រួច​នាំ​ចូលមក​ចែកចាយ​វិញ​៕ LA