ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ថ្នាក់ជាតិ​ស្តីពី​ «​ធុរកិច្ច​ថ្មី​កម្ពុជា​» (Startup Cambodia) ដើម្បី​ឆ្លើយតប​គាំទ្រ និង​ជ្រោមជ្រែង​ដល់​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ ដែល​ទើប​ត្រូវបាន​ដាក់ចេញ​កាលពីពេល​ថ្មីៗ​នេះ​។

នៅក្នុង​កម្មវិធី​ឱ្យ​ដំណើរការ​កម្មវិធី​ថ្នាក់ជាតិ​ស្តីពី​ «​ធុរកិច្ច​ថ្មី​កម្ពុជា​» កាលពី​ថ្ងៃ​ ៨ ខែធ្នូ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា​ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ ​២០១១ និង​បានចាប់ផ្តើម​មាន​សកម្ម​ភាពខ្លាំង​នៅក្នុង​រង្វង់​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ក្រោយមក​ក៏មាន​ការរំខាន​ពី​ជំងឺ​កូវីដ​ ១៩​។ លោក​បន្ថែមថា ការកសាង​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី ដែលមាន​បរិស្ថាន​រស់​រវើក​សម្រាប់​ការបង្កើន​ល្បឿន​នៃ​ការលូតលាស់​ទាំង​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ឃ្នាស់​សំខាន់​មួយ​នៅក្នុង​ការចូលរួមចំណែក​ក្នុង​ការស្តារ និង​លើកកម្ពស់​សេដ្ឋកិច្ច​។

លោក​អះអាងថា​៖ «​រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​អនុវត្ត​វិធានការ​ក៏ដូចជា​គោលនយោបាយ​ជាក់លាក់​មួយចំនួន​ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី មានដូចជា ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ការបង្កើត​សហគ្រិន​ខ្មែរ ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​តេជោ ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម ការបង្កើត​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា ការបង្កើត​មជ្ឈមណ្ឌល​ជាតិ​បណ្ដុះ​ធុរកិច្ច​ថ្មី​នៃ​កម្ពុជា និង​ការរៀបចំ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ការលើក​ទឹកចិត្ត​ធុរកិច្ច​ថ្មី​ឌីជីថល​ជាដើម​»​។

លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ​សហគ្រិន​ខ្មែរ​បាន​ឱ្យដឹង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា តាមរយៈ​សហគ្រិន​ខ្មែរ​រយៈពេល ២ ​ឆ្នាំ​មកហើយ ដើម្បី​ក្លាយ​ទៅ​ជា​ថ្នាល​ជាតិ​ក្នុង​ការលើកកម្ពស់​សហគ្រិនភាព​។

លោក​បន្ថែមថា​៖ «​ការវិនិយោគ​លើ​ធុរកិច្ច​ថ្មី​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​វិនិយោគិន ដែល​តម្រូវឱ្យ​មាន​ការជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ទាំងនោះ​»​។

លោក​បន្តថា សហគ្រិន​ខ្មែរ​បាន​ជួយ​ដល់​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា​ឱ្យទទួល​បាន​ទុន​អាជីវកម្ម តាមរយៈ​មូលនិធិ​អភិវឌ្ឍន៍​អាជីវកម្ម ម្ចាស់ជំនួយ​នានា ដៃគូ​អភិវឌ្ឍន៍ និង​អ្នកវិនិយោគ​ផ្សេងៗ ទៀតផង​ដែរ​។

«​ធុរកិច្ច​ថ្មី​កម្ពុជា​» ត្រូវបាន​សហការ​សម្របសម្រួល​រួមគ្នា​រវាង​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ «​តេជោ​» និង​សហគ្រិន​ខ្មែរ ហើយ​បាន​អភិវឌ្ឍ​នូវ​ថ្នាល​ឌីជីថល​មួយ​សម្រាប់​គាំទ្រ​ធុរកិច្ច​ថ្មី និង​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​កម្ពុជា​។

ថ្នាល​ឌីជីថល​នេះ មិនមែន​ត្រឹមតែ​ជា​គេហទំព័រ​ធម្មតា​ដែល​ផ្តល់​ព័ត៌មាន​ស្តីពី​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថ្នាល​នេះ​ក៏​នឹងត្រូវ​បាន​ប្រើប្រាស់​ជា​វិញ្ញាសា​សម្រាប់​សាកល្បង​ផ្លាស់ប្តូរ​វប្បធម៌​ចែករំលែក និង​ប្រើប្រាស់​ទិន្នន័យ​រស់​ជា​បណ្តើរៗ ស្របតាម​គោលការណ៍​បរិវត្តកម្ម​ឌីជីថល ដើម្បី​អាចឱ្យ​រាជរដ្ឋាភិបាល​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី ក្នុង​ការផ្តល់​ការគាំទ្រ ឬ​ដាក់ចេញ​គោលនយោបាយ​អន្តរាគមន៍​នានា ក្នុង​វិស័យ​ធុរកិច្ច​ថ្មី​៕ LA