ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នក​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​លើកឡើងថា ការសម្រេច​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​ប្រកប​អាជីវកម្ម​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ (MDI) និង​ការលើកទឹកចិត្ត​ឱ្យមាន​ការច្របាច់​បញ្ចូល​គ្នា​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់ គឺជា​វិធីសាស្ត្រ​មួយ​ដែល​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ ហើយក៏​ស្របតាម​ការរីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​នាពេល​បច្ចុប្បន្ន​ផងដែរ​។

ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ៦ ខែធ្នូ ឆ្នាំ​ ២០២១ បានចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ ដោយ​លិខិត​បាន​សរសេរ​ថា បច្ចុប្បន្ន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការរីកចម្រើន​គួរ​ជា​ទីមោទនៈ ទាំង​គុណភាព ទំហំ និង​វិសាលភាព​។

ក្នុង​គោលបំណង​ពង្រឹង​បន្ថែម​សមត្ថភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក៏ដូចជា​ការត្រួតពិនិត្យ សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) សម្រេច​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​ពេលនេះ​តទៅ​។

លិខិត​បាន​បញ្ជាក់ថា​៖ «NBC ស្វាគមន៍​វិនិយោគិន​ចំពោះ​ការចូលរួម​វិនិយោគ​ជាមួយ​គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​កំពុង​ប្រកប​អាជីវកម្ម និង​លើកទឹកចិត្ត​ចំពោះ​ការច្របាច់​បញ្ចូល​គ្នា​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់​ ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ​សម្រាប់​ក្រុមហ៊ុន​សហគ្រាស និង​សាធារណជន​»​។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ៨ ខែធ្នូ​ថា កាលពីមុន​ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​មិនសូវ​រីកចម្រើន និង​មិនសូវមាន​លំនឹង វិស័យ​ហិរញ្ញវត្ថុ​ពិតជា​ត្រូវការ​ឱ្យមាន​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ឱ្យបាន​ច្រើន ដើម្បី​ធ្វើឱ្យ​សេវា​នេះ​ឈាន​ទៅ​ដល់​គ្រប់​គោលដៅ ប៉ុន្តែ​ពេលនេះ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​បង្ហាញពី​ភាពរឹងមាំ និង​ការ​បម្រើសេវា​ក៏​គ្របដណ្តប់​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​ហើយ ដូច្នេះ​វា​មិនមាន​លក្ខណៈ​ចាំបាច់​ក្នុង​ការបង្កើន​ចំនួន​បន្ថែមទៀត​ទេ​។ ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ គេ​ត្រូវការ​ឱ្យ​ស្ថាប័ន​ទាំងនោះ​ពង្រឹង​គុណភាព និង​ការច្នៃប្រឌិត​ឱ្យមាន​សេវា​ថ្មីៗ​បន្ថែមទៀត​។

លោក​បាន​បន្តថា សេចក្តី​ជូនដំណឹង​របស់ NBC ក៏​នឹង​ផ្តល់​ផល​វិជ្ជមាន​ផងដែរ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ដោយ​ទាមទារ​ឱ្យ​គ្រឹះស្ថាន​នីមួយៗ​ត្រូវ​ពង្រឹង និង​ពង្រីក​សេវា​បន្ថែម ដើម្បី​ទាក់ទាញ​ប្រជាជន​ឱ្យមាន​ទម្លាប់​សន្សំ​នៅតាម​គ្រឹះស្ថាន​ផ្លូវការ ពោលគឺ​មិនមែន​សន្សំ​តាម​កូនជ្រូក​ដូច​មុនៗ​នោះទេ​។

លោក​និយាយថា​៖ «​បើ​យើង​មើលទៅ​ទិដ្ឋភាព​នាពេលនេះ គឺ​មិនមាន​ភាពចាំបាច់​ក្នុង​ការបង្កើត​ថ្មី​បន្ថែមទៀត​ទេ ខណៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​) ដែល​ទទួល​ប្រាក់​បញ្ញើ​រហូតដល់​ប្រមាណ ៦១ ​ស្ថាប័ន​ហើយ​»​។

បើតាម លោក តុងងី បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន ៦១ ក្នុងនោះ​ធនាគារ មាន ៥៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ៦ រួមមាន ប្រាសាក់​, WB, មហានគរ​, អម្រឹត​, LOLC, និង AMK​។

លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC បាន​និយាយថា សេចក្តី​ជូនដំណឹង​នេះ​គឺជា​ការជំរុញ​បន្ថែមទៀត​របស់ NBC ទៅដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​ទាំងអស់​ត្រូវតែ​ខិតខំ​ពង្រឹង​សេវា​របស់ខ្លួន​ឱ្យ​ប្រសើរឡើង​បន្ថែមទៀត ខណៈ​វិស័យ​ហិរញ្ញវត្ថុ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។

លោក​បន្តថា នៅពេលនេះ​សេវា MDI បាន​ពង្រាយ​ស្ទើរ​គ្រប់កន្លែង​ក្នុង​ប្រទេស​ហើយ ដូច្នេះ​ការបន្ត​ផ្តល់​អាជ្ញាប័ណ្ណ​បន្ថែម គឺ​មិនមាន​ភាពចាំបាច់​ទៀត​ទេ ប៉ុន្តែ​អ្វីដែល​ចាំបាច់​នោះ​គឺ​ការពង្រឹងគុណភាព និង​សេវាកម្ម​របស់​ស្ថាប័ន​នីមួយៗ​ដែល​មាន​អាជ្ញាប័ណ្ណ​ស្រាប់​។

លោក​អះអាងថា​៖ «​ជាមួយ​នឹង​គ្រឹះស្ថាន​ធនាគារ​ជាង ៥០ និង​មីក្រូហិរញ្ញវត្ថុ ៦ បានធ្វើឱ្យ​ស្ថាប័ន MDI មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បម្រើសេវា​ដល់​ប្រជាជន​ក្នុងប្រទេស​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា លោក ហុង វណ្ណៈ និយាយថា ស្ថានភាព​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ជាង ២ ​ទសវត្សរ៍​មកនេះ ពិសេស​រយៈពេល ១០ ​ឆ្នាំ​ចុងក្រោយ ដោយ​ចំនួន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា ចំនួន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​នាពេលនេះ គឺ​សមាមាត្រ​ទៅនឹង​ចំនួន​ប្រជាជន និង​ទំហំ​សេដ្ឋកិច្ចជាតិ​ហើយ​។ ការផ្តល់​អាជ្ញាប័ណ្ណ​កាន់តែច្រើន ក៏​អាចបង្កើត​ឱ្យមាន​ហានិភ័យ​ផងដែរ​»​។​

ទោះយ៉ាងណា លោក វណ្ណៈ និយាយថា ការផ្អាក​នេះ​អាចធ្វើ​ឡើង​ក្នុង​អំឡុងពេល​កំណត់​មួយ​ប៉ុណ្ណោះ​។

គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង ៦ ទទួល​ប្រាក់​បញ្ញើ​សរុប ៤ ០៧៣ ​លាន​ដុល្លារ​ពី​អតិថិជន​ជាង ២,៨ ​លាន​នាក់ បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ កើនឡើង ១៩០ ​លាន​ដុល្លារ និង​អតិថិជន​កើនឡើង ៣,៣ ម៉ឺន​នាក់​។ នេះ​បើ​យោងតាម លោក តុងងី​៕ LA