ភ្នំពេញៈ រោងចក្រ​ថាមពលជីវម៉ាស​ដុត​អង្កាម​ដ៏ធំ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​មាន​តម្លៃ​វិនិយោគ​ជិត ៦ ​លាន​ដុល្លារ​នឹង​លេច​រូបរាង​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នា​ក្នុង​ខែកក្កដា ឆ្នាំ​ ២០២២ ដោយ​រោងចក្រ​នេះ​នឹង​ផលិត​ថាមពល​កម្តៅ​សម្រាប់​ប្រើប្រាស់​ក្នុង​រោងចក្រ​ផលិត​ស្រាបៀរ​ក្រុមហ៊ុន Heineken Cambodia​។

រោងចក្រ​ជីវម៉ាស ដែល​បើក​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២១​នេះ គឺជា​ការសហការ​គ្នារ​វាង​ក្រុមហ៊ុន Heineken Cambodia ជាមួយ​ក្រុមហ៊ុន BECIS ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហបុរី​ក្នុង​តម្លៃ​វិនិយោគ ៥,៨ ​លាន​ដុល្លារ ដោយ​ត្រូវ​ចំណាយពេល​សាងសង់​ ៧ ​ខែ​។ រោងចក្រ​នេះ​នឹង​ដុត​អង្កាម​ដែល​យកមក​ពី​ខេត្តព្រៃវែង​។

លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សហគ្រាស​ក្រុមហ៊ុន Heineken Cambodia បាន​លើកឡើងថា ការប្តេជ្ញា​របស់​ក្រុមហ៊ុន​ចំពោះ​និរន្តរភាព​មិនមែន​ជា​រឿង​ថ្មី​នោះទេ​។ ការចូលរួម​អភិវឌ្ឍ​កម្ពុជា​ឱ្យមាន​ភាពល្អប្រសើរ​ប្រកប​ដោយ​ចីរភាព គឺជា​មហិច្ឆតា​របស់​ក្រុមហ៊ុន​។

លោកស្រី​បន្ថែមថា​៖ «១ ​ទសវត្សរ៍​ចុងក្រោយ​នេះ យើង​បាននិង​កំពុង​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល និង​បានចាប់ផ្តើម​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ដូចជា​ជីវម៉ាស​។ តាំងពី​ឆ្នាំ​ ២០១៣ ​មក យើង​បាន​កាត់បន្ថយ​រួចហើយ​នូវ​ការបញ្ចេញ​ឧស្ម័ន​កាបូន ៥០ ​ភាគរយ​»​។

លោកស្រី​បន្តថា ការសាងសង់​រោងចក្រ​ថាមពល​នេះ បង្ហាញ​ពី​ជំហាន​ឆ្ពោះទៅមុខ​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន​ក្នុង​ការបញ្ឈប់​ទាំងស្រុង​នូវ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​ផលិតកម្ម​នៅ​ឆ្នាំ​ ២០៣០​។

នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន BECIS លោក Neil Allen ថ្លែងថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា និង​ភាពជា​ដៃគូ​របស់​យើង​ជាមួយនឹង Heineken Cambodia ខណៈ​យើង​បោះជំហាន​ឆ្ពោះទៅ​អនាគត​ថាមពល​ប្រកបដោយ​ចីរភាព​»​។

លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ដូចជា​ថាមពលជីវម៉ាស​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ពី​វិស័យ​សាធារណៈ និង​ឯកជន ដែល​នឹង​រួមចំណែក​ក្នុង​ការបន្ថយ​ការប្រើប្រាស់​ថាមពល​ពី​ឥន្ធនៈ​។

លោក​បាន​បន្តថា​៖ «​គម្រោង​រោងចក្រ​ថាមពលជីវម៉ាស​នេះ​នឹង​រួមចំណែក​បន្ថែមទៀត​ក្នុង​ការលើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​កាត់បន្ថយ​ការសាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​រួមចំណែក​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​»​។

បើតាម​ក្រុមហ៊ុន Heineken Cambodia តាមរយៈ​ការប្តូរ​មកប្រើប្រាស់​ថាមពល​ជីវម៉ាស​នេះ ក្រុមហ៊ុន​រំពឹងថា នឹង​អាច​សន្សំសំចៃ​ឧស្ម័ន​កាបូន​បាន ១៧ ០០០ ​តោន​ក្នុង​ ១ ​ឆ្នាំ​។

តាម​ការគ្រោងទុក ក្រុមហ៊ុន Heineken Cambodia មាន​គោលបំណង​ចង់​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ឱ្យបាន ៣០ ​ភាគរយ​នៅត្រឹម​ឆ្នាំ​ ២០៣០ នៅ​គ្រប់​ខ្សែចង្វាក់​ផលិតកម្ម​ទាំងមូល​របស់ខ្លួន​ធៀប​នឹង​ឆ្នាំ​ ២០១៨៕ LA