ភ្នំពេញៈ ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​តូតាល់-កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ ដើម្បី​បម្រើសេវា​ទូទាត់​វិក្កយបត្រ​តាមរយៈ​ធនាគារ​អេស៊ីលីដា ជូន​ដល់​អតិថិជន​ទូទៅ និង​សាធារណជន​សម្រាប់​ការទូទាត់​ជាមុន​របស់​ក្រុមហ៊ុន​​តូតាល់​កម្ពុជា​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ​ថា ការចាប់​ដៃគូ​នេះ​នឹង​ផ្តល់​មធ្យោបាយ​ក្នុង​ការទូទាត់​តាមបែប​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព សាមញ្ញ និង​មាន​ប្រសិទ្ធភាព​។

លោក​បន្តថា ក្នុង​ឆ្នាំ​ ២០០៥ ក្រុមហ៊ុន​តូតាល់​កម្ពុជា​បាន​បើក​គណនី​សេវា​ប្រមូល​សាច់ប្រាក់​ (Cash Collection) ​ជាមួយ​ធនាគារ​អេស៊ីលីដា​។ ចាប់ពី​ឆ្នាំ​ ២០១៥ ដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​តូតាល់-កម្ពុជា​បាន​ពង្រីក​ការទូទាត់​តាម​ម៉ាស៊ីន POS របស់ អេស៊ីលីដា រហូតដល់ ៥៩ ​ស្ថានីយ​។

លោក​ថ្លែងថា​៖ «​ដោយ​យល់ឃើញ​ពី​សារៈសំខាន់ និង​សេចក្តី​ត្រូវការ​របស់​អតិថិជន ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​តូតាល់-កម្ពុជា​បាន​សហការ​គ្នា​ពង្រីក​និង​បន្ថែម​មធ្យោបាយ​ទូទាត់​តាមរយៈ​អេស៊ីលីដា​ម៉ូបាល ដែលជា​ជម្រើស​ទាន់សម័យ ដើម្បី​បម្រើ​អតិថិជន​ទាំងអស់​»​។

លោកស្រី Dinah Jogia Kumar ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​តូតាល់​កម្ពុជា​បាន​ប្រាប់ថា ការចុះ​កិច្ចព្រមព្រៀង​នេះ​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ដល់​អតិថិជន​តាម​ប្រព័ន្ធ​ឌីជីថល​។

លោកស្រី​បន្តថា​៖ «​យើង​បង្កើន​សេវា​នៅតាម​ស្ថានីយ​ពីលើ​អ្វីដែល​យើង​មាន​រួម​ជាមួយ​នឹង​ការទូទាត់​មុន ដែលមាន​សារៈសំខាន់​ដល់​អតិថិជន​»​។

បើតាម​លោកស្រី Dinah ការទូទាត់​វិក្កយបត្រ​តាម​ប្រព័ន្ធ​អនឡាញ និង​ការទូទាត់​ជាមុន​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អតិថិជន ហើយ​កិច្ចសហការ​នេះ​អនុញ្ញាតឱ្យ​អតិថិជន​ចុះឈ្មោះ​ប្រើប្រាស់​ទទួល​បាន​បទពិសោធ​នៃ​ការទូទាត់​តាមរយៈ​អេស៊ីលីដា​ម៉ូបាល​កាន់តែ​មាន​ប្រសិទ្ធភាព​៕ LA

វីដេអូ៖