ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចុះហត្ថលេខា​លើ​កញ្ចប់​ហិរញ្ញប្បទាន ៣៣២,០៥ ​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប​របស់​កម្ពុជា​នឹង​ជំងឺ​កូវីដ​ ១៩ អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង និង​ជួយ​កែលម្អ​បណ្តាញ​ផ្លូវ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Anthony Gill នាយក​ស្តីទី​នៃ​ធនាគារ​ ADB ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចី និង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​សន្តិសុខ​សុខភាព​មហា​អនុតំបន់​មេគង្គ (GMS) ៣០ ​លាន​ដុល្លារ​, គម្រោង​វិនិយោគ​ទីក្រុង​ដែល​អាច​រស់​នៅបាន ១៨០ ​លាន​ដុល្លារ​, គម្រោង​កែលម្អ​បណ្តាញ​ផ្លូវថ្នល់​ (​ដំណាក់កាល​ទី​ ២) ៨២,០៥ ​លាន​ដុល្លារ និង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិយាប័ន្ន ចំនួន ៤០ ​លាន​។

តាមរយៈ​សេចក្តីប្រកាស​របស់ ADB លោក Gill បាន​លើកឡើងថា​៖ «​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​យូរអង្វែង​កម្ពុជា ADB ប្តេជ្ញា​គាំទ្រ​លទ្ធភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​។ គម្រោង​ទាំងនេះ​នឹង​ជំរុញ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការកែលម្អ​សេវា​ថែទាំ​សុខភាព​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ទីក្រុង​នៅ​ទីតាំង​យុទ្ធសាស្ត្រ​មួយចំនួន និង​បណ្តាញ​ផ្លូវថ្នល់​»​។

យោងតាម​ធនាគារ​ប្រចាំ​តំបន់​អាស៊ី​នេះ គម្រោង​សន្តិសុខ​សុខភាព​មហាអនុតំបន់​មេគង្គ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​មន្ទីរពិសោធន៍ និង​ការត្រួតពិនិត្យ​បង្ការ​ការឆ្លង​រោគ​តាម​មន្ទីរពេទ្យ​ខេត្ត និង​ស្រុក​ចំនួន ៨១ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ វា​នឹង​ជំរុញ​ប្រព័ន្ធ​តាមដាន និង​ឆ្លើយតប​ជំងឺ​ការគ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការតាមរក​ករណី​ឆ្លង​ដោយ​ភ្នាក់ងារ​សុខាភិបាល​មជ្ឈិម​ខេត្ត និង​ស្រុក​។

គម្រោង​នេះ​ក៏បានផ្តល់​មូលនិធិ​តាមរយៈ​ជំនួយ ៥ ​លាន​ដុល្លារ​ពី​មូលនិធិ​ជប៉ុន​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​ (JFPR) ​របស់​រដ្ឋាភិបាល​ផងដែរ​។

គម្រោង​វិនិយោគ​ទីក្រុង​ដែល​អាច​រស់នៅ​បាន​នឹង​ជួយផ្តល់​សេវា​គ្រប់គ្រង​ទឹក​សំណល់ និង​សំណល់​រឹង​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ជាង ១៤ ​ម៉ឺន​នាក់​នៅ​ក្រុង​បាវិត​, កំពត និង​ក្រុង​ប៉ោយប៉ែត​។ វា​នឹង​ជួយ​ទីក្រុង​ទាំង​ ៣ ​កែលម្អ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​លូ​ក្នុង​ទីក្រុង និង​កាត់បន្ថយ​ទឹកជំនន់​។ JFPR បានផ្តល់​ជំនួយ​បច្ចេកទេស ២ លាន​ដុល្លារ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​កែលម្អ​ផែនការ​ប្រើប្រាស់​ដីធ្លី និង​អភិបាលកិច្ច​ក៏ដូចជា​ការងារ​ផ្សេងទៀត​៕ LA