ឥឡូវនេះ អ្នក​ប្រើប្រាស់ “e-Health MyCLNQ” របស់​ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា អាច​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​ឌីជីថល​របស់​វីង ដើម្បី​កត់ត្រា​ និង​ទូទាត់​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​ជាមួយ​អតិថិជន!

ក្រុមហ៊ុន​ ហ្វឺសវិម៉ិនថេកអេស៊ា និង​ធនាគារ វីង (ខេមបូឌា) ម.ក បាន​ប្រកាស​នូវ​ភាព​ជា​ដៃគូ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ផ្ដល់​សេវា​សុខភាព​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធ​បច្ចេក​វិទ្យា​សុខាភិបាល​ថ្មី​ឈ្មោះ​ថា “e-Health MyCLNQ” ដែល​ភ្ជាប់​ទៅ​នឹង​សេវា​ហិរញ្ញ​វត្ថុ​ឌីជីថល​សម្រាប់​ការ​ទូទាត់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ជា​មួយ​អ្នក​ជំងឺ​របស់​ខ្លួន។

តាម​រយៈ​កិច្ច​សហការ​នេះ មន្ទីរពេទ្យ ព្រម​ទាំង​គ្លី​និក​រដ្ឋ និង​ឯកជន​ជិត ២០០ ស្ថាប័ន​ទូទាំង​ប្រទេស​កម្ពុជា ដែល​ប្រើ​កម្មវិធី​ពេទ្យ​យើង និង e-Health MyCLNQ របស់​ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា អាច​ទទួល​បាន​នូវ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ​វីង ក្នុង​ការ​កត់ត្រា​និង​ទូទាត់​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​ភាព​ងាយស្រួល រហ័ស​ទាន់​ចិត្ត និង​សុវត្ថិភាព។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​ជំងឺ​មិន​ចាំបាច់​បារម្ភ​អំពី​ការ​កាន់​ក្រដាស​ប្រាក់​តាម​ខ្លួន​នៅ​ពេល​ស្វែង​រក​សេវា​ព្យាបាល​បន្ទាន់​ទៀត​នោះ​ទេ។ អ្វី​ដែល​ពួកគាត់​ត្រូវ​ការ​នោះ​គឺ​គណនីវីង នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់។ ហើយ​ពួកគាត់​អាច​ធ្វើ​ការ​ទូទាត់​ថ្លៃ​សេវា​សុខភាព​ដោយ​ចុច​ពីរ​បី​ប៉ក់​លើ​ទូរស័ព្ទ​ដៃ​និង​ស្កេន​កូដ QR នៅ​តាម​បញ្ជ​របង់​ប្រាក់​បាន»។

សេវា​ទូទាត់​តាម QR មិន​ត្រឹម​តែ​ទទួល​បាន​ការ​ពេញ​និយម​ដោយសារ​តែ​មាន​សុវត្ថិភាព និង​ភាពងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ជួយ​ការពារ​អ្នក​ជំងឺ​ពី​ការ​ប្រើ​ក្រដាស​ប្រាក់​ផ្ទាល់ ដែល​អាច​មាន​ផ្ទុក​មេរោគ និង​វីរុស​ផ្សេងៗ ជាពិសេស​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩។

e-Health MyCLNQ App គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​សុខាភិបាល​ថ្មី​មួយ ដែល​បាន​បង្កើត​ឡើង​រួមគ្នា រវាង​កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរ​ពេទ្យ​ឌីជីថល «ពេទ្យ​យើង»នៃ​ក្រុមហ៊ុន​ ហ្វឺសវីម៉ិនថេកអេស៊ា និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​សុខាភិបាល ប្រទេស សិង្ហបុរី Ssivix Lab ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ និង​អ្នក​ផ្តល់​សេវា​ព្យាបាល​ដៃគូ និង​អ្នក​ជំងឺ​កម្ពុជា អាច​ទាក់​ទង​ទទួល និង​ផ្តល់​សេវា​ពិគ្រោះ និង​ព្យាបាល តាម​ប្រព័ន្ធ​ឌីជីថល លើ​ទូរស័ព្ទ​ដៃ ដែល​សន្សំ​សំចៃ និង​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​កម្ពុជា ដោយ​អាច​ភ្ជាប់​ទំនាក់​ទំនង​ផ្ទាល់ ទៅ​កាន់​វេជ្ជបណ្ឌិត ដើម្បី​ប្រឹក្សា​យោបល់ និង​ព្យាបាល​ជំងឺ នៅ​ក្នុង​ប្រទេស​កម្ពុជា សិង្ហបុរី និង​ឥណ្ឌា។

លោក ប៊ិន សុជាតិ សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និង​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា នៃ​កម្មវិធី e-Health MyCLNQ បាន​លើក​ឡើង​ថា៖ «អស់​រយៈពេល​ជិត ១ ឆ្នាំ​កន្លង​មក​នេះ ពួក​យើង​បាន​ធ្វើ​ការ​ពុះពារ​ឧបសគ្គ​ជាច្រើន​ជាមួយ​ដៃគូ ទាំង​ធនាគារ វីង និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​សុខាភិបាល​របស់​ប្រទេស សិង្ហបុរី Ssivix Lab ដើម្បី​បង្កើត​កម្មវិធី e-Health MyCLNQ  លំដាប់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ដំណោះ​ស្រាយ​ឈាន​មុខ​គេ​មួយ សម្រាប់​អ្នក​ផ្តល់​សេវា​សុខាភិបាល និង​អ្នក​ជំងឺ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ ព្រម​ទាំង​ការ​ទូទាត់​សេវា​ព្យាបាល នៅ​លើ​ទូរស័ព្ទដៃ»។

លោកស្រី ប៉ុង លីមសាន សហស្ថាបនិក ក្រុមហ៊ុន​ ហ្វឺសវិម៉ិនថេកអេស៊ា បាន​បញ្ជាក់​ថា៖ «កម្មវិធី​ដែល​យើង​បាន​បង្កើត​ឡើង​នេះ នឹង​បង្កើត​ភាព​ងាយស្រួល​ដល់​សេវា​សុខាភិបាល ក៏​ដូចជា ធ្វើ​ឱ្យ​សេវា​សុខាភិបាល​មាន​ភាព​ទំនើប​ជាង​មុន និង​ជួយ​លើក​កម្ពស់​គុណភាព​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​គ្រប់​រូប។ យើង​សហការ​គ្នា​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ និង​ដោះស្រាយ​ផល​លំបាក ដែល​អ្នក​ផ្ដល់​សេវា​សុខភាព និង​អ្នក​ជំងឺ​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​កូវីដ១៩ ដោយ​កម្មវិធី​យើង​បាន​បង្កើត​នូវ​មធ្យោបាយ​ធ្វើ​ទំនាក់​ទំនង រវាង​អ្នក​ផ្ដល់​សេវា និង​អ្នក​ទទួល​សេវា​សុខភាព និង​ជ្រើសរើស​មន្ទីរពេទ្យ ឬ​អ្នក​ជំនាញ​ថែទាំ​សុខភាព ក្នុង​ការ​ព្យាបាល​សុខភាព»។

ធនាគារ វីង បាន​ភ្ជាប់​ដៃ​គូ​ជាមួយ​ស្ទើរតែ​គ្រប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​ឈាន​មុខគេ នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ប្រើប្រាស់​អាច​ទាញ​យក​កម្មវិធី​ស្មាត​ហ្វូន​វីង ហើយ​ពិនិត្យ​មើល​ថា ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​ខ្លួន​ពេញ​ចិត្ត មាន​ភ្ជាប់​ទៅ​នឹង​ធនាគារ​វីង ដែរ​ឬ​ទេ។ ពួកគាត់​ក៏​អាច​ផ្ទេរ​ប្រាក់​ទៅ​គណនី​វីង រួច​ធ្វើ​ការ​ទូរទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ភ្លាមៗ។

លោក Anwar Rafique នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SsivixLab ជឿ​ថា​ ដំណើរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ គឺជា​ការ​ប្រែប្រួល​ដ៏​ធំ​មួយ។ សេវា​សុខភាព បាន​ផ្លាស់​ប្ដូរ​ទៅ​រក​វិធី​ការពារ​បន្ថែម ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​គម្រូ​សេដ្ឋកិច្ច។​ នៅ​ពេល​ដែល​អ្នក​ជំងឺ​ទទួល​បាន​ព័ត៌មាន​សុខភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ជា​ទៀង​ទាត់ (ខុស​ពី​ការ​ទទួល​បាន​ពី​វេជ្ជបណ្ឌិត​របស់​ពួកគេ) ការ​រំពឹង​ទុក គឺ​អ្នក​ជំងឺ នឹង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​ថែ​រក្សា​ខ្លួន​ឯង ខណៈ​ដែល​ពួកគេ​ចូល​រួម​កាន់​តែ​ច្រើន ក្នុង​ការ​សម្រេច​ចិត្ត​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង និង​យល់​ដឹង​ពី​សុខុមាល​ភាព​បន្ថែម។

ក្រុមហ៊ុន ហ្វឹស វិម៉ិនថេក​ អេស៊ា និងធនគារ វីង កំពុង​បូក​បញ្ចូល​នូវ​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​ក្នុង​វិស័យ​ឌីជីថល និង​បច្ចេក​វិទ្យា ក្នុង​ការ​គាំទ្រ និង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ទទួល​បាន​នូវ​សេវា​សុខភាព ដែល​មាន​គុណភាព​ខ្ពស់​បំផុត។ ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា បាន​សម្រេច​នូវ​ការ​ដំណើរការ​កម្មវិធី ពេទ្យ​យើង ដើម្បី​លើក​ស្ទួយ​ប្រព័ន្ធ​សុខាភិបាល ហើយ​ក៏​បាន​តំឡើង​កម្មវិធី​គ្រប់គ្រង​នេះ​នៅ​ក្នុង​មន្ទីរពេទ្យ គ្លីនិករដ្ឋ និង​ឯកជន​ជាង ២០០​កន្លែង ឱ្យ​បាន​នូវ​ការ​រក្សា​ទុក​នូវ​ ទិន្នន័យ​មន្ទីរពេទ្យ ទិន្នន័យ​អ្នក​ជំងឺ និង​ជួយ​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ។ សក្ដានុពល​របស់​ធនាគារវីង ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ទូទាំង​ប្រទេស​កម្ពុជា តាម​រយៈភ្នាក់ងារ​វីង​ជាង ១០ ០០០កន្លែង និង​កម្មវិធី​ស្មាតហ្វូន​វីង​ដែល​មាន​មុខងារ​ច្រើន​យ៉ាង៕