សៀមរាបៈ សេវាកម្ម​ស្នាក់នៅ​​ហាក់​ងើប​ឡើង​វិញ​យ៉ាង​រហ័ស ដោយ​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ជិត ៣ ​ម៉ឺន​បន្ទប់ នៅ​ខេត្ត​សៀមរាប​បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ បន្ទាប់​ពី​ការប្រកាស​បើក​ប្រទេស​ឡើង​វិញ និង​ការស្ថាបនា​ផ្លូវ ៣៨ ​ខ្សែ​ដែល​ជា​ក្តីសង្ឃឹម​នៃ​ការទាក់ទាញ​ទេសចរ​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ ប៉ុន្តែ​ប្រតិបត្តិករ​ផ្នែក​ឯកជន​ហាក់​នៅ​មិន​ទាន់​ជឿជាក់​ខ្លាំង​នោះ​ទេ។

បើយោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គិត​ត្រឹម​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២១ មាន​សណ្ឋាគារ​ប្រមាណ​ជិត ២ ​ម៉ឺន​បន្ទប់ និង​ផ្ទះ​សំណាក់ ៨ ០០០ បន្ទប់​ក្នុង​ខេត្ត​សៀមរាប បាន​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​បាន​បិទទ្វារ​អស់​រយៈពេល​ជិត ២ ​ឆ្នាំ​ចាប់​តាំង​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ពន្យល់​ថា ការបើក​ដំណើរការ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ក្នុង​ចំនួន​ច្រើន​នេះ ដោយសារ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​ចាប់ផ្តើម​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​នេះ​ជា​បណ្តើរៗ​វិញហើយ ដោយ​ក្នុង​នោះ​មាន​ជើង​ហោះ​ហើរ​ចំនួន ២ ​ខ្សែ នឹង​ដឹក​ភ្ញៀវ​ទេសចរ​ចូល​មក​ខេត្ត​សៀមរាប។

លោក​បន្ត​ថា ជា​រៀងរាល់​ថ្ងៃ​ចុងសប្តាហ៍ ឬ​ថ្ងៃ​បុណ្យ​ជាតិ​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ដ៏មាន​សក្តានុពល​មួយ​នេះ​​ប្រមាណ ៦ ០០០ ​នាក់​ដែល​ធ្វើ​ឱ្យ​មាន​តម្រូវការ​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់ ខណៈ​អំឡុង​​នៃវិបត្តិ​កូវីដ​ ១៩ វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​នោះ​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់​បាន​បិទ​ដំណើរការ​ពី ៨០ ទៅ​ ៩០ ​ភាគរយ។

លោក សេងកាក់ និយាយ​ថា​៖ «បច្ចុប្បន្ន​គ្រប់​ផ្នែក​ទាំងអស់​ដូចជា ​សេវាកម្ម​អាហារដ្ឋាន សណ្ឋាគារ និង​ផ្ទះ​សំណាក់​បាន​បើក​ដំណើរការ​ឡើង​វិញ ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នា​ពេល​ឆាប់ៗ​នេះ»។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​លោក ឌិន សុមេធារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ទោះបី​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ត្រូវ​បាន​បើក​ដំណើរការ​ ដើម្បី​ស្វាគមន៍​ទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក៏ដោយ ក៏​មិន​ទាន់​មាន​ភ្ញៀវ​មក​លេង​នៅក្នុង​ខេត្ត​នេះ​ច្រើន​ទេ។

ទោះ​យ៉ាងណា លោក​បន្តថា កម្ពុជា​មាន​គោលការណ៍​ក្នុង​ការបើក​ប្រទេស​ឡើង​វិញ​កាលពី​កន្លង​មក​នេះ វា​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ត្រៀម​រៀបចំ​ជើងហោះហើរ​របស់ខ្លួន​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ប្រសិនមិន​មាន​គោលការណ៍​នេះ​ទេ ក្រុម​ហ៊ុន​អាកាសចរណ៍​នានា​នឹង​បន្ត​រង់ចាំ​មើល​រហូត ហើយ​បើសិន​នៅ​មាន​របាំង​ចត្តាឡីស័ក​ទៀតនោះ​ភ្ញៀវ​ទេសចរ​ក៏​មិន​អាច​ធ្វើ​ដំណើរ​មក​ដែរ។

លោក​ថ្លែងថា៖ «គាត់បើកៗ ហើយប៉ុន្តែ​អត់​ភ្ញៀវ​អន្តរជាតិ​ទេ ដោយឡែក​សម្រាប់​ភ្ញៀវ​ខ្មែរ វា​តិចតួច​ណាស់​បើ​ធៀប​ជាមួយ​នឹង​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ ហើយ​ខ្មែរ​យើង​ដើរ​តែ​ពេល​បុណ្យទាន​ប៉ុណ្ណោះ។ នៅ​សៀមរាប​មាន​សណ្ឋាគារ​ច្រើន​ធ្លាប់​តែ​ទទួល​ភ្ញៀវ​ក្នុង​ ១ ឆ្នាំ​គឺ​ជិត ៣ លាន​នាក់។ ឥឡូវ​ភ្ញៀវ​ធ្លាក់ចូល​ជាង​ ៩០ ​ភាគរយ»។

ទោះជា​យ៉ាងនេះ​ក្តី​លោក​ថា វា​នៅ​តែ​មាន​សញ្ញា​ល្អ​សម្រាប់​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ដែល​បាន​បើក​ដំណើរ​ឡើង​វិញ​​នៅ​ចុងខែ​នេះ​ ឬ​ដើម​ខែ​​ក្រោយ បន្ទាប់ពី​មាន​ការត្រៀម​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែរវ៉េ និង​អាកាសចរណ៍​សិង្ហបុរី ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ហោះហើរ ដឹក​ភ្ញៀវទេសចរ​មកពី​ប្រទេស​នានា​ចូល​កម្ពុជា ជាពិសេស​ចូល​ខេត្ត​សៀមរាប។

ស្រដៀង​គ្នា​នេះ លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី-ប៉ាស៊ីហ្វិក បាន​និយាយ​ថា បច្ចុប្បន្ន​លោក​មិន​ទាន់​មើល​ឃើញ​ថា សណ្ឋាគារ និង​ផ្ទះ​សំណាក់ បើក​ដំណើការ ច្រើន​ដូចការ​លើក​ឡើង​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ទេ។ តាម​ស្ថានភាព​ជាក់ស្តែង​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ ៣ និង​ផ្កាយ ៤ មិន​ទាន់​បើក​ដំណើរការ​ទេ ពី​ព្រោះ​ពួកគេ​យល់​ឃើញ​ថា មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ចូល​មក​កាន់​ខេត្ត​នេះ​ច្រើន។

លោក​បន្តថា៖ «តាម​ភ្នែក​ខ្ញុំ មិន​ឯកភាព​តាម​មន្ទីរ​ទេសចរណ៍​ខេត្ត​​ទេ។ ខ្ញុំ​គិតថា សម្រាប់​ខេត្ត​សៀមរាប​នៅតែ​បន្ត​មាន​ហានិភ័យ​ខ្ពស់​ ព្រោះ​​ក្នុង​ខេត្ត​នេះ​មិន​មាន​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ស្រុក​ច្រើន​មក​ទស្សនា​ជា​ប្រចាំ​ដូច​ខេត្ត​ភូមិ​ភាគឦសាន​ខេត្ត​កំពត និង​កែប​​ទេ»។

ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ​វិញ លោក ធួន ស៊ីណាន មើល​ឃើញ​ថា ក៏​មិន​ទាន់​មាន​ច្រើន​កុះករ​ដែរ​នាពេល​នេះ បើ​ទោះបី​រដ្ឋាភិបាល​បាន​សម្រេច​បើក​ប្រទេស​ឱ្យមាន​ស្ថានភាព​ទូលំទូលាយ​ក៏​ដោយ។ រហូត​មក​ដល់ពេល​នេះ មិន​ទាន់​មាន​ភ្ញៀវ​​ទេសចរ​បរទេស​ណា​ម្នាក់​កក់​សំបុត្រ​មក​ទស្សនា​នៅ​ចុង​ឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ​នៅ​ឡើយ​​ទេ ព្រោះ​ភ្ញៀវ​បាន​ខ្លាច​រអា​ចំពោះ​មេរោគ​បំប្លែង​ថ្មី (អូមីក្រុង)៕ LA