ភ្នំពេញៈ ធនាគារ​ពិភពលោក​ (WB) បាន​ព្យាករកំណើន​ផលិតផល​សរុប​ក្នុង​ស្រុក (ផ.ស.ស) របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២១ នេះ​នឹង​សម្រេច​បាន ២,២ ​ភាគរយ​ប៉ុណ្ណោះ​ដោយសារ​​វិស័យ​សេវាកម្ម និង​វិស័យ​សំណង់ និង​អចលនទ្រព្យ នៅ​មាន​កំណើន​យឺត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WB ពី​បច្ចុប្បន្ន​ភាព​ចុងក្រោយ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​របាយការណ៍​ថ្មី​មួយ​ក្រោម​ចំណង​ជើង​​ «រស់​ជាមួយ​កូវីដ​ ១៩» កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​ធ្នូ ឱ្យ​​ដឹងថា ផលិតផល​សរុប​ក្នុង​ស្រុក (ផ.ស.ស) របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​កំណើន​ត្រឹម​តែ​ ២,២ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំនេះ ដោយសារ​វិស័យ​សេវាកម្ម (​ទេសចរណ៍​) និង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​មាន​កំណើន​យឺត បើ​ទោះ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​​ដូចជា ឧស្សាហកម្ម​កាត់ដេរ, ផលិតផល​ធ្វើ​ដំណើរ, ​ស្បែកជើង​, ឧស្សាហកម្ម​ផលិត​កង់ និង​វិស័យ​កសិកម្ម នៅ​តែ​បន្ត​ដើរ​តួ​ទ្រទ្រង់​ដល់​ការស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ-១៩ ក៏ដោយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា៖ «​ថ្វីដ្បិត​តែ​ការផលិត​សម្រាប់​ការនាំចេញ​បាន​រើប​ឡើង​វិញ ហើយ​ការនាំចេញ​ផលិតផល​កសិកម្ម​មាន​ការកើនឡើង​ក៏​ឱនភាព​ផ្នែក​ពាណិជ្ជកម្ម​បាន​រីក​ទំហំ​កាន់​តែធំ​គួរ​ឱ្យ​កត់​សម្គាល់ ដោយសារ​មាន​ការកើនឡើង​នៃ​ការ​នាំចូល​មុខ​ទំនិញ​មួយ​ចំនួន ពិសេស​មាស សម្រាប់​យក​មក​ធ្វើ​ជា​សញ្ជ័យធន (ការសន្សំ)»។

លោកស្រី Maryam Salim ​តំណាង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា គ្រប់​គ្នា​ដឹង​ហើយ​ថា​ ពេល​នេះ​កម្ពុជា​​កំពុង​តែ​រស់នៅ​ជាមួយ​ជំងឺ​កូវីដ-១៩ ប្រជាជន​ចំនួន​ច្រើនលើសលប់​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួច ហើយ​រដ្ឋាភិបាល​ក៏​បាន​ចាប់ផ្តើម​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើង​វិញ​សឹង​តែ​គ្រប់​ផ្នែក​ផង​ដែរ ដោយ​បន្ត​អនុវត្ត​វិធានការ​ការពារ​សុខភាព​ដែល​មាន​ជាធរ​មាន​ស្រាប់។

WB ក៏​បាន​ផ្តល់​អនុសាសន៍​ថា ​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​កម្លាំង​ស្ទុះ​ងើប​ឡើង​វិញ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​​ផ្នែក​សំខាន់​ៗ​មួយ​ចំនួន ក្នុង​នោះ​មាន​ការដាក់​ចេញ​នូវ​វិធាន​ និង​បទប្បញ្ញត្តិ​ច្បាស់លាស់​ស្តីពី​ការរៀនរស់​ជាមួយ​កូវីដ​ ១៩ ស្រប​តាម​ «​គន្លង​ប្រក្រតីភាព​ថ្មី», វិធានការ​ផ្នែក​បទប្បញ្ញត្តិ​ និង​ផ្នែក​សារពើ​ពន្ធ​ដែល​ជួយ​ដល់​ការរស់រាន​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​, និង​ការដាក់​ចេញ​ជា​បន្ទាន់នូវ​បទប្បញ្ញត្តិ​នានា​សម្រាប់​ការអនុវត្ត​ច្បាប់​វិនិយោគ​ថ្មី។

បន្ថែម​ពី​លើ​នេះ WB ក៏​បាន​ណែនាំ​ថា នៅ​ពេល​ដែល​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​លេចចេញ​ជា​រូបរាង​ហើយ កម្ពុជា​អាច​ចាប់​ផ្តើម​រៀបចំ​កែសម្រួល​លម្ហសារ​ពើពន្ធ​របស់​ខ្លួន​ឡើង​វិញ ហើយ​ជាមួយ​គ្នា​នោះ បន្ត​តាមដាន​មើល​លើ​គុណភាព​របស់​ធនធាន និង​បង្កើន​ភាពទុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ឱ្យ​បាន​កាន់តែ​ប្រសើរ។

WB បាន​ឱ្យ​ដឹង​ទៀត​ថា ការរីករាលដាល​ជំងឺ​កូវីដ ១៩ បាន​ធ្វើឱ្យ​មាន​ផលប៉ះពាល់​មួយ​ចំនួន​​លើ​ការរៀនសូត្រ និង​ការរក​ចំណូល​ផង​ដែរ​៕ LA