ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​អាមេរិក​ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៧,៥ ​ពាន់​លាន​ដុល្លារ កើនឡើង ៣០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២០ ខណៈ​​នៅក្នុង​ខែ​តុលា ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ មាន​តម្លៃ​ជិត ១,១ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៤៧ ភាគរយ​។​ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក។

ទិន្នន័យ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​​ទី ​៨ ខែធ្នូ បង្ហាញ​ថា ការផ្លាស់រ​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក​​រយៈពេល ១០ ​ខែ​ ឆ្នាំ​ ២០២១ មាន​ទឹក​ប្រាក់​សរុប ៧ ៥៧០,៦ ​លាន​ដុល្លារ​កើន ៣០,៨២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២០ ដែលមាន​​ទឹក​ប្រាក់ ៥ ៧៨៦,៩ ​លាន​ដុល្លារ​។ ក្នុង​នោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​អាមេរិក​មាន​ទឹកប្រាក់ ៧ ២២៤ ​លាន​ដុល្លារ កើន ៣០,៩២ ​ភាគរយ​ និង​ការនាំ​ចូល​ពី​អាមេរិក មក​កម្ពុជា​មាន​ទឹកប្រាក់ ៣៤៦,៦ ​លាន​ដុល្លារ កើនឡើង ២៨,៣៧ ​ភាគរយ។

ដោយ​ឡែកក្នុងខែ​តុលា ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ​​សរុប ១ ០៩១,៣ ​​លាន​ដុល្លារ កើន ៤៧,៥១ ​ភាគរយ​ពី​ចំនួន ៧៣៩,៨ ​លាន​ដុល្លារ។ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មាន​ទឹក​​ប្រាក់ ១ ០៤៨,​២ ​លាន​ដុល្លារកើន ៤៩,៣១ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា មាន​តម្លៃ ៤៣,១ ​លាន​ដុល្លារ កើន ១៤ ​ភាគរយ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៩ ខែធ្នូ​ថា ទោះបី​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺកូវីដ​ ១៩ នៅ​បន្ត​គំរាម​កំហែង​ដល់​ការធ្វើ​ដំណើរ និង​កំណើន​សេដ្ឋកិច្ច​សកល​ក៏​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​​អាមេរិក​មិន​បាន​​ធ្លាក់ចុះ​ទេ។ លោក​បន្ត​ថា ដោយ​សារ​ផលិត​ផល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក​គ្រប​ដណ្តប់​ភាគច្រើន​ដោយ​ផលិតផល​វាយនភណ្ឌ និង​ផលិតផល​ធ្វើ​ដំណើរ​ ហេតុ​នេះ​កំណើនការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​​ទាំង ២ នឹង​កើនឡើង​ខ្ពស់​បន្ថែម​ទៀត​ នៅពេល​ការធ្វើ​ដំណើរ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​បើក​ទូលាយ​ឡើង​វិញ។

លោក​អះអាង​ថា៖ «ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​មាន​សម្ទុះ​បន្ថែម​ទៀត​ នៅពេល​ពិភពលោក​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង​ចំពោះ​ការឆ្លង​រាលដាល​ជំងឺកូវីដ​ ១៩»។

យោង​តាម​លោក វណ្ណៈ មូលហេតុ​បណ្តាល​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ កើន​ជា​បន្តបន្ទាប់​អាច​មកពី​​ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ផលិតផល​កម្ពុជា​ឆ្លើយតប​ទៅ​នឹង​​ស្តង់ដា​នៃ​ការបញ្ជា​ទិញ​ពី​អាមេរិក​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា អាមេរិក​គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​សម្រាប់​ផលិតផល​វាយនភណ្ឌ​កម្ពុជា ដោយ​​ផលិតផល​សម្លៀក​បំពាក់ ស្បែក​ជើង និង​កាបូប​ធ្វើ​ដំណើរ​ជាច្រើន​ត្រូវ​បាន​នាំ​ទៅ​លក់​នៅ​ទីនោះ​។ លោក​បាន​បន្ថែម​ថា៖​«​កំណើន​នេះ​ត្រូវ​រំពឹង​​នឹង​កើន​​បន្ថែម​ទៀត ខណៈ​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​បាន​ដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី ដែល​មាន​ភាពទាក់ទាញ​ខ្លាំង​សម្រាប់​ការចូល​មកវិនិយោគ​នៅ​កម្ពុជា​»។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុង​ចំណោម​ការបណ្តាក់ទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ ដែល​មាន​ចំនួន​សរុប ៣៩ ​ពាន់​លាន​ដុល្លារ គឺ​ប្រទេស​អាមេរិក​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ១០ ដោយ​មាន​ទុន​វិនិយោគ ០,៨ ​ពាន់​លាន​ដុល្លារ៕ LA