ភ្នំពេញៈ ការបន្ត​អូសបន្លាយ​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​ចូលមក​កម្ពុជា​ក្នុង​រយៈពេល ១០ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ មាន​ប្រមាណ​ជាង ១៤ ​ម៉ឺន​នាក់ ថយចុះ​ជិត ៩០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ចាប់ពី​ខែ​មករា ដល់​ខែតុលា ឆ្នាំ​ ២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​សរុប ១៤៤ ៤៣៣ ​នាក់ ធ្លាក់ចុះ ៨៨,៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១ ២៤៦៧ ៨៩០ ​នាក់​។ នៅក្នុង​នោះ​ភ្ញៀវ​ជនជាតិ​ថៃ​មាន​ច្រើនជាងគេ ៦៩ ៩១០ ​នាក់​, ចិន ៣៩ ៧៩១ ​នាក់​, វៀតណាម ៨ ៨៩៨ ​នាក់​, ឥណ្ឌូនេស៊ី ៤ ៧២៩ ​នាក់​, កូរ៉េ ៣ ៤៣៤ ​នាក់​, អាមេរិក ៣ ៣៧៣​ ​នាក់ ព្រមទាំង​ភ្ញៀវ​មកពី​បណ្តា​ប្រទេស​មួយចំនួន​ទៀត​។

ក្នុង​ចំណោម​នោះ ភ្ញៀវ​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស​មាន​ចំនួន ៦៩ ៤១៣ ​នាក់ ស្មើនឹង ៤៨,១ ​ភាគរយ និង​ផ្លូវគោក​ទឹក ចំនួន ៧៥ ០២០ ​នាក់ ស្មើនឹង ៥១,៩ ​ភាគរយ​។

ដោយឡែក​សម្រាប់​ខែតុលា ភ្ញៀវ​បរទេស​ដែល​មកដល់​កម្ពុជា​មាន​ចំនួន ១២ ៧៥៩ ​នាក់ ធ្លាក់ចុះ ៣៦,៩ ​ភាគរយ​បើ​ធៀប​នឹង​ខែតុលា ឆ្នាំ​ ២០២០​។

ចំនួន​ភ្ញៀវ​បរទេស​ចូលមក​កម្ពុជា​បាន​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ​ចាប់ពី​ដើមខែ​ធ្នូ នេះ​តទៅ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើកទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ គ្រប់ដូស​ចាប់តាំងពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ១ ៣០៦ ១៤៣ នាក់​ធ្លាក់ចុះ ៨០,២ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦ ៦១០ ៥៩២ ​នាក់​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​៕